កណ្តាល: ស្រ្តីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទបន្លំ យកមាសរបស់ អាជីវករ នៅ ផ្សារគគីរ នៅមុខអធិការ ដ្ឋាននគរបាល ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣។

លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានបង្ហើបឲ្យដឹងថា ស្រ្តីជាប់ចោទ ឈ្មោះ ប៊ុត ញិច អាយុ ៣៥ឆ្នាំ ស្នាក់នៅ ផ្ទះជួល នៅសង្កាត់ភ្នំពេញថ្មី មានមុខរបរ ជាអ្នកម៉ាស្សា នៅម្តុំត្រឡោកបែក ។

នៅចំពោះមុខអធិការ ស្រ្តីជាប់ចោទ បាននិយាយថា ខ្លួនជាស្រ្តីម៉ាស្សា បានស្គាល់ បុរសម្នាក់ អាយុ ៦៧ឆ្នាំ ជាម៉ូយទៅម៉ាស្សា កោសជប់ នៅកន្លែងនាងធ្វើការ ហើយរាប់អានគ្នា ជាស្រី កំណាន់តែម្តងទៅ ។

ស្រ្តីជាប់ចោទបន្តថា នៅថ្ងៃកើតហេតុ បុរសចំណាស់នោះ បាននាំនាងមកផ្សារ ដើម្បីរកទិញមាសឲ្យ ដោយ មុនដំបូងបុរសជាសង្សារ បាននាំនាងទៅផ្សារតាខ្មៅ ហើយមិនត្រូវចិត្ត គាត់បាន នាំនាងមកផ្សារគគីរនេះ ។

ស្រ្តីជាប់ចោទបន្តទៀតថា ពេលមកដល់ផ្សារគគីរ បុរសជាសង្សារ បាននាំនាង ទៅកាន់តូបលក់មាស របស់ឈ្មោះ លី ដោយបាន យកខ្សែកមាស ទម្ងន់ ២តម្លឹង ៧ជី ។ បន្ទាប់ពីបាន ខ្សែកមាសនេះហើយ បុរស ជាសង្សារនោះ បានយកខ្សែកទៅបាត់ ដោយបាននិយាយប្រាប់ថា ចេញទៅយកលុយពីកូន ដែល រង់ចាំនៅខាងក្រៅផ្សារ។ នាងក៏រង់ចាំរហូត មិនឃើញសង្សារមកវិញ ហើយក៏ត្រូវម្ចាស់ មាសប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន តែម្តង។

លោកប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ចំពោះករណី នេះ សមត្ថកិច្ចរបស់លោក កំពុងស្រាវជ្រាវ រកជនសង្ស័យ ដៃដល់ល្បិចខ្ពស់ ដែលបានបន្លំយកមាស របស់ជនរងគ្រោះទៅបាត់នោះ ។

ដោយឡែកចំពោះស្រ្តី ជាប់ចោទរូបនេះ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

Photo by DAP-NEWS

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]