ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើ កំណាត់ផ្លូវជាតិលេខ៥ ដែលបង្កឡើងដោយរថ យន្តកាមរីបាឡែន បានបុកគោយន្តដឹកអ្នកដំណើរ ប្រុស ស្រី ចាស់ ក្មេងជាង១០នាក់ មកពីចូលរួមពិធី បុណ្យ ដាច់ចំពាក់កណ្តាលប៉ើងធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យទារកអាយុ ជាង១ខែ និងបុរសម្នាក់ បានស្លាប់  ក្នុងនោះមានទារកម្នាក់ និងជាង ១០នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល ដេករណូករណែលពេញផ្លូវ។

យោងតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នាវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តពោធិ៍សាត់ រួមមានកម្លាំងនគរបាល ចរាចរណ៍ កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារភូមិ ជាច្រើននាក់ បានចុះមកដល់កន្លែងកើតហេតុ និងញាប់ដៃ ញាប់ជើង ជួយសម្រួលចរាចរណ៍ និងដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ។

យោងតាមប្រភពពីសាក្សីឃើញហេតុការណ៍ដដែល បានរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តគោយន្តមួយគ្រឿង ដឹកអ្នកភូមិប្រុស ស្រី ចាស់ ក្មេង ជាង១០នាក់ មកពីចូលរួមពិធីបុណ្យ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-0835 បើកបរទិសដៅស្របគ្នា ក្នុងល្បឿន យ៉ាងលឿន ហើយជ្រុលមកបុករថយន្តគោយន្តពេញទំហឹង ដាច់ពាក់កណ្តាលប៉ើងធ្លាក់ទឹកប្រឡាយ ទាំងរថយន្តបាឡែន និងរថយន្តគោយន្ត។ ដោយឡែកអ្នកដំណើរនៅលើរថយន្តគោយន្ត ដែលមានទាំង ក្មេងតូចៗផងនោះ ធ្លាក់រណូករណែលនៅលើផ្លូវ ខ្លះរបួសធ្ងន់ ខ្លះរងរបួសស្រាល តែជាអកុសលទារកអាយុទើបជាង១ខែ និងបុរសម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សាក្សីបន្តថា បុរសអ្នកបើកបររថយន្តកាមរីបាឡែន ក្រោយពេលបង្កហេតុហើយ បានព្យាយាមបើកទ្វារ លូនចេញពីរថយន្តរត់គេចខ្លួនបាត់។

ព្រោះតែការបើកបរដោយធ្វេសប្រហែស និងខ្វះស្មារតីប្រុងប្រយ័ត្ន របស់បុគ្គលម្នាក់សោះ បណ្តាលឲ្យមនុស្សជាច្រើននាក់ ត្រូវរងគ្រោះយ៉ាងអាណោចអាធ័ម ដូច្នេះគេសង្ឃឹមអ្នកបើកបរគ្រប់រូប គួរមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ បន្សល់ទុកនូវវិប្បដិសារីតាមលងមិនអាចបំភ្លេចបាន ដូចជាករណីខាងលើនេះ ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរជាច្រើនទៀត ដែលបានកើតឡើងនាពេលកន្លងមក៕

ដោយៈ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]d.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ