ភ្នំពេញ ៖ បុរសម្នាក់ ពេលកំពុងជិះកង់ទាំងស្រវឹងជោក ហើយរេពេញផ្លូវ ធ្វើឱ្យអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធ កំពុង ធ្វើដំណើរមកពីតាមក្រោយ គេច មិនផុត បានបុកពេញមួយទំហឹង បណ្ដាលឱ្យពួកគេទាំងបីនាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១២និង៥០នាទី យប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកំបត់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល មានគ្រោះថ្នាក់ចរាចរនេះ គេឃើញ បុរសម្នាក់ជិះកង់តែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូងរេពេញផ្លូវទាំងអាការ ស្រវឹង ពីព្រោះទើបនឹងចេញពីកន្លែងផឹកស៊ី ដែលនៅក្បែរនោះ លុះ ដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង ជិះ ពីរនាក់ប្ដីប្រពន្ធ បើកស្របទិសគ្នាមកពីក្រោយ គេចមិនផុតបុកកង់ បណ្ដាលឱ្យពួកគេទាំងបីនាក់ដួល រងរបួសតែ ម្ដងទៅ។

សមត្ថកិច្ចបានបន្ដថា បុរសដែលជិះកង់ដួលសន្លប់នោះ មានឈ្មោះ អង់ ទូច អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិបាន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល រីឯប្ដីប្រពន្ធទាំងពីរនាក់ ដែលជិះ ម៉ូតូម៉ាសេ១២៥ ស៊េរី ២០១០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-4379  គឺប្ដីឈ្មោះ ម៉ី សំអុល អាយុ ៥៦ឆ្នាំ រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្ដាំ និងប្រពន្ធជិះពីក្រោយឈ្មោះ លៀន មុំ អាយុ ៤៥ឆ្នាំ រងរបួសដាច់កូន ដៃ ខាងស្ដាំ។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធនេះ មានមុខរបរលក់ដូរ នៅផ្សារទួលគោក ស្នាក់នៅបុរីសន្ដិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសមត្ថកិច្ច ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះទាំងបីនាក់ ត្រូវបានក្រុមសង្គ្រោះ និងរថយន្ដសង្គ្រោះរបស់អង្គភាព ៧១១ នៃកងពល តូចលេខ៧០ ដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ។ ដោយឡែកកង់និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះ ស្រាយ បន្ដទៀត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]