ភ្នំពេញៈ ថ្មីៗនេះ ស្រ្តីម្នាក់ដែលអះអាងថា ខ្លួនជាអ្នករកស៊ី ជួញដូរលក់ សម្លៀកបំពាក់ ជាមួយនឹងតារាសម្តែង ដ៏ស្រស់ស្អាត គង់ ច័ន្ទស្រីម៉ុម បាននិយាយដោយ សម្តីខ្លាំងៗ ដាក់តារារូបនេះ ថាបានជំពាក់លុយគាត់ តែ មិន ព្រមសង ខណៈដែលរូបគាត់ ខំទុកចិត្តទុកថ្លើម រាប់អានគ្នា និងរកស៊ីបោះដុំ សម្លៀកបំពាក់ ជាមួយគ្នា ជាយូរ ឆ្នាំមកហើយ ។

ស្រ្តីម្នាក់នោះ បានអះអាងទៀតថា មិនតែប៉ុណ្ណោះ គ្រាន់តែរឿងលុយ ជំពាក់បន្តិចបន្តួច មិនបានកាត់កងសងគ្នា បែរជា គង់ ច័ន្ទស្រីម៉ុម មកទារយកពីគាត់ ទាំងយប់ ធ្វើឲ្យគាត់មានអារម្មណ៍ខឹងយ៉ាងខ្លាំង ប៉ុន្តែធ្វើម៉េច ដើម្បីកុំឲ្យរឿងវែងឆ្ងាយ គាត់សុខចិត្តហូតលុយឲ្យ ទាំងកណ្តាលយប់ ជាការបញ្ចប់រឿង ។

ស្រ្តីម្នាក់ជាដៃគូររកស៊ី ជួញដូរសម្លៀកបំពាក់ជាមួយតារាសម្តែង ដែលរស់នៅជា មួយគូរស្នេហ៍ មិនទាន់បាន ចូលរោងការ រូបនេះ ត្រូវបានគេដឹងថា គឺជាមនុស្សស្និទ្ធ និងស្គាល់រូបនាងច្បាស់លាស់ ទើបហ៊ានបើកកកាយ ពីរឿងលុយកាក់ ដោយមិនខ្លាចរអា ការប្រតិកម្មពីសំណាក់ តារាសម្តែង គង់ ច័ន្ទស្រីម៉ុម ឡើយ ។

ជុំវិញរឿងរ៉ាវជំពាក់លុយ រហូតខ្ទង់ពាន់ដុល្លារ រវាងជំនួញរកស៊ី លក់ដូរសម្លៀកបំពាក់ ដែលស្ត្រីខាងលើ បានចោទខ្លាំងៗ ដាក់តារាសម្តែង គង់ ច័ន្ទស្រីម៉ុម នៅពេលនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាម ទំនាក់ទំនងទៅកាន់ គង់ ច័ន្ទស្រីម៉ុម ដើម្បីឲ្យនាងបញ្ជាក់ឲ្យអស់សង្ស័យ ជុំវិញការចោទខាងលើនេះ ។

គង់ ច័ន្ទស្រីម៉ុម បាននិយាយទាំងភ្ញាក់ផ្អើលថា “មានឯណាបង ស្រ្តីណានិយាយអីចឹង ខ្ញុំដូចជាអត់មាន រឿងហ្នឹងទេ” ។ បន្ទាប់ពី សម្តែងការភ្ញាក់ផ្អើល និងធ្វើហាក់ដូចជា មិនសូវស្គាល់ ពីសំណាក់ គង់ ច័ន្ទស្រីម៉ុម រូចមក មួយសន្ទុះទើបនាង នឹកឃើញថា ពិតជាមានរឿងរ៉ាវនេះ កើតឡើងមែន ។

គង់ ច័ន្ទស្រីម៉ុម និយាយ “អូ… នឹកឃើញហើយបង គាត់គឺជាម៉ូយ សម្លៀកបំពាក់ របស់ខ្ញុំម្នាក់ដែរ ដោយពីមុន គាត់ធ្លាប់ទិញខោអាវពីខ្ញុំ ហើយឥវ៉ាន់របស់ខ្ញុំ ដែលគាត់ ទិញហ្នឹង គាត់មិនដែលឲ្យលុយខ្ញុំភ្លាមៗទេ គាត់មិនមែន ជាអ្នកលក់ ខោអាវនោះទេ ប៉ុន្តែពេលគាត់ទិញខោអាវពីខ្ញុំ ខ្ញុំក៏មិនដឹងថា គាត់យកទៅស្លៀក ឬយកទៅ លក់បន្តនោះទេ ខ្ញុំគិតថា គាត់គឺជាម៉ូយ និងជាមនុស្សដែលខ្ញុំទុកចិត្ត ខ្ញុំក៏មិនដែលយកលុយគាត់ភ្លាមទេ ខ្ញុំកត់ប៉ុងរាល់ខែ ខែណាគាត់យកលុយមកឲ្យ ខ្ញុំគិតតាមហ្នឹង” ។

ទោះបីជាយ៉ាងណា ការចោទខាងលើនេះ ត្រូវបាន គង់ ច័ន្ទស្រីម៉ុម ច្រានចោល ហើយអះអាងថា តាមការពិត មានតែស្ត្រីម្នាក់នោះទេ ដែលជំពាក់លុយនាង ចំណែក រូបនាង អត់បានជំពាក់លុយស្ត្រីនោះ ឬអ្នកណាផ្សេងឡើយ ។ គង់ ច័ន្ទស្រីម៉ុម បន្តនិយាយទៀតថា “ស្រាប់តែមួយរយៈចុងក្រោយនេះ បាត់ស្ត្រីម្នាក់នោះ អត់ឃើញទៅ ទិញខោអាវ ដូចរាល់ដង ទើបខ្ញុំឆ្ងល់ ប៉ុន្តែលុយនៅសល់នោះ ប្រហែលជាជាង១០០ដុល្លារ ប៉ុណ្ណោះ ខ្ញុំក៏មិនខ្វល់ដែរ លុយប៉ុណ្ណឹង ។ ប៉ុន្តែដំណឹងគាត់ ពីមួយខែទៅ មួយខែ កាន់តែស្ងាត់ទៅៗ ខ្ញុំគិតថា ប្រហែលជាគាត់អត់សងខ្ញុំទេ ខ្ញុំក៏មិនដែលខលសួរ ពីបញ្ហានេះដែរ ព្រោះគិតថា គាត់ធ្លាប់ទិញខោអាវខ្ញុំ អស់រាប់ពាន់ដុល្លារ” ។

ដោយឡែកចំពោះលុយកាក់ ដែលស្រ្តីម្នាក់នោះចោទថា បានទារពីគាត់ ទាំងយប់ព្រលប់ ហាក់គ្មានសីលធម៌ និងមិនទុកមុខឲ្យគាត់នោះ ត្រូវបាន គង់ ច័ន្ទស្រីម៉ុម បញ្ជាក់ថា “ត្រូវហើយបង… ធម្មតាគាត់ជំពាក់លុយ ខ្ញុំជាអ្នករកស៊ី បើមិនយកពីគាត់ ឲ្យខ្ញុំធ្វើយ៉ាងម៉េច ខ្ញុំត្រូវតែទារ បើគាត់រវល់តែគេចមិនចង់ជួបខ្ញុំ បែបហ្នឹង ។ ខ្ញុំហ្នឹងខលទៅសួរគាត់ ពីបញ្ហានេះ ហើយបើថាខ្ញុំជំពាក់លុយគាត់ គឺពុំមានទាល់តែសោះ មុខមាត់ខ្ញុំ ប៉ុណ្ណឹងដែរ រកស៊ីយូរឆ្នាំមកហើយ ខ្ញុំខ្វះលុយណាស់ឬ ?

ជុំវិញការចោទប្រកាន់គ្នា ទៅវិញទៅមកខាងលើនេះ អាចនិយាយបានថា ជាព័ត៌មានដ៏សើបមួយ សម្រាប់តារាសម្តែង គង់ ច័ន្ទស្រីម៉ុម ខណៈដែលថ្មីៗនេះ រូបនាងក៏ត្រូវមហាជនសង្ស័យថាស្នេហា រវាងនាង និងលោក គឹម សីហា អាចឈានដល់ផ្លូវបំបែក ព្រោះគូរស្នេហ៍ទាំងពីរនេះ លែងសូវឃើញបង្ហាញភាពស្និទ្ធស្នាល និងវត្តមាននៅជាមួយគ្នា ស្អិតល្មួតដូចស្កតាំងម៉ែ ដូចមុនទៀតឡើយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]