កណ្ដាល ៖ បើទោះបី មិនទាន់អាច កំណត់អត្ដសញ្ញាណ ជនបង្កឱ្យបានពិត ប្រាកដក៏ដោយនោះ ប៉ុន្ដែ កម្លាំងនគរបាល ក្រុងតាខ្មៅ បាន និងកំពុង ធ្វើការស្រាវជ្រាវ លើករណីឃាតកម្ម  ដែលបណ្ដាលឱ្យយុវ ជនម្នាក់ មានមុខរបរជាអង្គរក្សស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ និងមិត្ដភ័ក្ដិម្នាក់ ទៀត រងរបួសធ្ងន់បន្ទាប់ពីជនសង្ស័យ ២ នាក់ បានយកកាំបិតចុងស្រួចចាក់ទៅលើ ពួកគេ ក្រោយពីមានជម្លោះពាក្យសំដី ដោយសាររោទិ៍ម៉ូតូឮៗ ។

អធិការនគរបាល ក្រុងតាខ្មៅលោក ស៊ឹម ប៊ុតបណ្ឌិត បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៣ នេះថា កម្លាំង សមត្ថកិច្ចរបស់លោក រហូតមកដល់ពេល នេះ មិនទាន់អាចកំណត់អត្ដសញ្ញាណជន ដៃដល់ ដែលចាក់សម្លាប់មន្ដ្រីអង្គរក្ស និង មិត្ដភ័ក្ដិរបស់គេនៅឡើយទេ ប៉ុន្ដែ សមត្ថ កិច្ច បាន និងកំពុងធ្វើការស្រាវជ្រាវបន្ដ ទៀត ។

អធិការនគរបាលក្រុងតាខ្មៅ បានថ្លែង បែបនេះ ដោយសារតែនៅម្ដុំមាត់ទន្លេ ក្រុង តាខ្មៅ ជាកន្លែងកំសាន្ដមួយ ដូច្នេះមាន មនុស្សជាច្រើនមកពីតំបន់ផ្សេងៗទៅលេង កំសាន្ដ ហើយជនបង្កក្រោយពេលធ្វើសកម្ម ភាពរួច ពួកគេបានជិះម៉ូតូគេចខ្លួនបាត់ ។

បើយោងតាមលោក ស៊ឹម ប៊ុតបណ្ឌិត បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ កាលពីយប់ថ្ងៃសៅរ៍ ចុងសបា្ដហ៍កន្លងទៅ នោះ ដំបូងឡើយជនបង្កទាំង ២នាក់ បាន អង្គុយលេងនៅមាត់ទន្លេក្រុងតាខ្មៅ លុះ មួយសន្ទុះក្រោយមក ជនរងគ្រោះ និងមិត្ដ ភ័ក្ដិបាននាំគ្នាជិះម៉ូតូ មកអង្គុយលេងក្បែរ ទីនោះ ។ លោកបានបន្ដថា បន្ទាប់មក ខាង ជនរងគ្រោះ ក៏នាំគ្នាជិះម៉ូតូចេញ ដោយ រោទ៍សំឡេងម៉ូតូខ្លាំងៗ ស្រាប់តែជនបង្ក បានស្រែកថាឱ្យ ហេតុអ្វីក៏រោទ៍ម៉ូតូខ្លាំង ម្ល៉េះ ។  ដោយសារតែខឹង ខាងស្ដី បន្ទោស ចំពោះការរោទ៍សំឡេងម៉ូតូខាងលើនេះ ជន រងគ្រោះ ដែលជាមន្ដ្រីអង្គរក្សនោះ បានស្ទុះ មកវាយជនបង្ករហូតដល់ធ្លាក់ច្រាំងទន្លេ ចំនួន ២លើក  ជាហេតុធ្វើ ឱ្យជនបង្កទ្រាំ លែង បានក៏យកកាំបិតចុងស្រួចចាក់ទៅលើ ជនរងគ្រោះ និងមិត្ដភ័ក្ដិបណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមិត្ដភ័ក្ដិ ម្នាក់ទៀតរងរបួសធ្ងន់ ។

អធិការនគរបាល ក្រុងតាខ្មៅបានបន្ដ ថា ក្រោយកើតហេតុជនបង្កទាំង ២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ ដូច្នេះពុំទាន់មាន សាក្សី និងមិត្ដភ័ក្ដិរបស់ជនរងគ្រោះអាច ស្គាល់ និងកំណត់អត្ដសញ្ញាណជនបង្កនេះ នៅឡើយទេ ។ យ៉ាងណាក៏ដោយកម្លាំង នគរបាលក្រុងតាខ្មៅ និងសមត្ថកិច្ចជំនាញ ផ្សេងទៀត បាន និងកំពុងធ្វើការ ស្រាវ ជ្រាវ យ៉ាងយកចិត្ដទុកដាក់ ក្នុងការស្វែងរកចាប់ ខ្លួន ជនបង្កទាំង ២នាក់ខាងលើ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ជនរងគ្រោះដែលជាមន្ដ្រីអង្គរក្ស ហើយស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ជ័យជំនះនោះ ឈ្មោះ ចៅ សុជាតិ អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ត្រូវបានជនសង្ស័យចាក់មួយកាំបិត ចុង ស្រួចចំក្រោមដោះខាងឆ្វេង រីឯមិត្ដភ័ក្ដិ ម្នាក់ទៀត មានមុខរបរជាសិស្សសាលា ដែលគេមិនទាន់ស្គាល់អត្ដសញ្ញាណ បានរង របួសធ្ងន់ ហើយបច្ចុន្បន្នកំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យ ៕

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]