សៀមរាប ៖ ភោជនីយដ្ឋានយីហោ កូកាទូ មួយកន្លែង ដែលត្រូវគេដឹងថា មានថៅកែជាជនជាតិ ហ្វីលីពីន ស្ថិតនៅក្រោយវត្ដ ដំណាក់ ភូមិវត្ដដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបាន អគ្គិភ័យ ឆាបឆេះផ្អើលអស់អ្នកក្រុងសៀមរាប និងអ្នកធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍នេះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងនិងអណ្ដាតភ្លើងឆេះចេញពីដំបូលផ្ទះ ហើយបន្ដមកក្រោមផ្ទះ ។ ភ្លាមៗនោះម្ចាស់ផ្ទះនិងអ្នករស់នៅជិតខាង ដែលខ្លាចអគ្គិភ័យរាលដាលដល់ផ្ទះរបស់ខ្លួន បាននាំគ្នាប្រញាប់ ប្រញាល់ជួយអន្ដរាគមន៍ ខ្លះយកទឹកមកជួយបាញ់ពន្លត់ និងខ្លះទៀត ទាក់ទងទៅកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ឱ្យមកជួយអន្ដរាគមន៍ភ្លាមៗ ។

យោងតាមប្រភពព័ត៌មានពីសាក្សីខាង លើបានឱ្យដឹងទៀតថា ភ្លាមៗនោះរថយន្ដ ពន្លត់អគ្គិភ័យរបស់ស្នង ការដ្ឋាននគរបាល ខេត្ដសៀមរាប ចំនួន២គ្រឿងបានមកជួយអន្ដរាគមន៍ ប៉ុន្ដែមានការលំបាកយ៉ាងខ្លាំង ដោយហេតុថា នៅកន្លែងភ្លើងឆេះ មានលក្ខណៈតូចចង្អៀត និងខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃធ្វើឱ្យក្រុមសមត្ថកិច្ច ពិបាកក្នុងការបាញ់ពន្លត់ ។ តែទោះជាយ៉ាងណា ក្រោយពីមានការជួយអន្ដរាគមន៍ពីសំណាក់ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ និងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យបានធ្វើឱ្យភ្លើងឆាបឆេះ ប្រហែល៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យ មានអគ្គិភ័យនេះកើតឡើង ទំនងជា បណ្ដាលមកពីទុស្សេខ្សែភ្លើង ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដទៀតថា សម្រាប់គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យនរណាម្នាក់រងរបួស ឬស្លាប់ នោះទេ ហើយទ្រព្យសម្បត្ដិក៏មិនមានការខូចខាតធ្ងន់ធ្ងរនោះដែរ ពោលត្រូវបានម្ចាស់ភោជនីយដ្ឋានជញ្ជូន ចេញទាន់ ហើយភ្លើងឆេះតែជញ្ជាំង ក៏ត្រូវកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយពន្លត់ ទាន់ពេល។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងទៀតថា ភោជនីយដ្ឋានយីហោ កូកាទូ ខាង លើនេះមានទំហំ១៣គុណ១៥ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ និងប្រក់ក្បឿងជារបស់ម្ចាស់ឈ្មោះយ៉ាន គឹមយ៉ា អាយុ៤៨ឆ្នាំ ជា មន្ដ្រីនគរបាលខេត្ដ រីឯប្រពន្ធឈ្មោះមុំ បាន ជួលផ្ទះរបស់ខ្លួនទៅឱ្យបុរសជនជាតិហ្វីលីពីន ម្នាក់ អាយុជាង៦០ឆ្នាំ៕

ដកស្រង់ចេញពី គេហរទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]