កូវីដ១៩៖ មន្ត្រីក្រសួង​ការងារ​ប្រាប់​កម្មករ​រោងចក្រ​ថា មាន​ការងារ​​តិច​ជាង​មុន ប្រសើរ​ជាង​​រោងចក្រ​បិទ​ទាំង​ស្រុង

//s5.kh1.co/d5/d5109146d6ad84f9951712ca921e6d7b3cfc84b1.jpg
សង្គម

 ១៥-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក ហេង សួរ បានប្រាប់ Khmerload ថា ស្ថានភាព​នៅចំពោះមុខបែបនេះ កម្មកររោងចក្រមានការងារតិចជាងមុន ប្រសើរ​ជាងរោង​ចក្រ​បិទទាំងស្រុង។

មន្ត្រីរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់បានចេញមុខ​ដាក់បញ្ជាឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះវីរុសកូវីដ១៩ ដោយថា​មេរោគនេះអាចយាយីដល់ជីវិត ថែមទាំងបានបង្អាក់ដល់ដំណើរការសេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈស្ថានភាពបែបនេះចេះតែអូសបន្លាយតាំងពីចុងឆ្នាំ២០១៩ រហូតដល់ពាក់កណ្តាលខែមេសា ២០២០ បែបនេះ មានកម្មកររោងចក្រមួយចំនួនបានត្អូញត្អែរតាមរយៈខមមិនក្នុងសារព័ត៌មាន​នានាថា រោងចក្រខ្លួនក្នុងអំឡុងពេលនេះ មិនសូវមានការងារធ្វើទេ ដោយសារខ្វះវត្ថុធាតុដើម ហើយពួកគាត់បារម្ភថាប្រាក់ខែអាចបើកបានតិច។ ព្រួយបារម្ភ ដោយអ្នកមួយចំនួនបានរៀប​រាប់​ថា ខ្លួនមានបំណុលធនាគារ ក៏ដូចជាត្រូវរ៉ាប់រងជីវភាពគ្រួសារផងដែរ។

តបទៅកាន់សាររៀបរាប់ទាំងនោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់តាមរយៈសារព័ត៌មាន Khmerload ទៅកាន់កម្មកររោងចក្រទាំងនោះដោយសង្កត់ធ្ងន់ថា ស្ថានភាព​នៅចំពោះមុខបែបនេះ មានការងារតិចជាងមុន ប្រសើរជាងរោងចក្របិទទាំងស្រុង។

លោកថា៖ «ចំពោះមុខ មានការងារតិចជាងមុន ប្រសើរជាងរោងចក្របិទទាំងស្រុង។ ដើម្បីឲ្យរោងចក្រនៅដំណើរការ​បាននេះ ទាំងរដ្ឋ ទាំងអង្គការ ILO បានខិតខំធ្វើការជាមួយអ្នកបញ្ជាទិញដើម្បីរក្សាការងារដល់កម្មករយើង។»

អ្នកនាំពាក្យរូបនេះបន្ថែមថា កូវីដ១៩ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់រោងចក្រកាត់ដេរ ពីព្រោះថា ធ្វើឲ្យអ៊ឺរ៉ប និងអាមេរិកមិនមានតម្រូវការសម្លៀក​បំពាក់ពីប្រទេសផលិតទៀតទេ។

«វាជាស្ថានភាពពិតសម្រាប់រោងចក្រកាត់ដេរ ពីព្រោះដោយសារកូវីដ១៩ ធ្វើឲ្យអ៊ឺរ៉ុប និងអាមេរិកមិនមាន​តម្រូវការ​សម្លៀក​បំពាក់ពីប្រទេសផលិតទៀតទេ។ យើងរំពឹងថាអឺរ៉ុប និងអាមេរិកនឹងមានតម្រូវការវិញនៅចុងឆ្នាំ»។

លោក ហេង សួរ បានទទូចឲ្យកម្មកររោងចក្រអត់ធ្មត់ និងរក្សាការងារ​ដែលមានខ្លះនាអំឡុងពេល​នេះ ឲ្យបានល្អ​រហូត​ដល់សេដ្ឋកិច្ចពិភពលោកវិលដូចដើម។

«សុំបងប្អូនកម្មករជ្រាបថាកូវីដ១៩នេះ ប៉ះពាល់សេដ្ឋកិច្ចពិភពលោកតែម្តង។ ដូច្នេះមានតែការអត់ធ្មត់ និងខិតខំ​រក្សាការងារ​ដែលមានខ្លះនេះ ឲ្យបានល្អរហូតដល់សេដ្ឋកិច្ចពិភពលោកវិលមករកភាពប្រក្រតីវិញ។»

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ម្សិលមិញនេះ លោកហេងសួរបានអះអាងប្រាប់អ្នកសារព័ត៌មាន​តាមតេលេក្រាមថា រោងចក្រនៅទូទាំងប្រទេសបានបន្តបើកដំណើរការធម្មតា​តាម​បទ​បញ្ជា និងសំណូមពរ​របស់រាជរដ្ឋាភិបាល។ លោកថា​ កម្មកររោងចក្រជាង 95% ក៏បានមកធ្វើការធម្មតា៕

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T