មិត្តហ្វូន បានបង្កើតនូវវីធីសាស្ត្រថ្មីមួយទៀតដើម្បីផ្សព្វផ្សាយជំងឺកូវីដ១៩ តាមរយៈបទចម្រៀងវីដេអូ (មានវីដេអូ)

//s5.kh1.co/de/de3b4c01b6fd83df6b4dff2a589f6a7c738a8405.jpg
សង្គម

 ១៤-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ខណៈរដ្ឋាភិបាលបានប្រកាសឲ្យប្រជាជន​អនុវត្ត​នូវនិន្នាការគម្លាតឆ្ងាយពីគ្នា មិត្តហ្វូនគឺជាក្រុមហ៊ុនដែលមានការចាប់អារម្មណ៍បំផុតក្នុងការផ្សព្វផ្សាយសារនេះ។ ហើយថ្មីៗនេះផងដែរ មិត្តហ្វូនបានចូលរួមយន្តការថ្មីតាមរយៈការផលិតវីដេអូបទចម្រៀង រៀបរាប់ពីអនាម័យសម្រាប់បង្ការនិងការពារជំងឺកូវីដ១៩ ព្រមទាំងទទួលបានការចាប់អារម្មណ៍និងទស្សនាជាច្រើននៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងសារផ្សព្វផ្សាយកន្លងមក "នៅផ្ទះរីករាយនឹងជីវិតអ្នក ដើម្បីការពារជំងឺកូវីដ១៩" មិត្តហ្វូន បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជ្រាបព័ត៌មានជាច្រើនរូបភាពទៅដល់ប្រជាជនកម្ពុជា មិនថាតាមរយៈសេវាទូរគមនាគមន៍ សារSMS សេវាសម្លេងរោទ៍ត្រលប់ ទំព័រហ្វេសប៊ុក គេហទំព័រ និងកម្មវិធីឌីជីថលផ្សេងៗទៀតប៉ុណ្ណោះទេ តែថ្មីៗនេះមិត្តហ្វូនបានផលិតបទចម្រៀងវីដេអូដ៏គួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ជាខ្លាំង។

បន្ទាប់ពីបានបង្ហោះបទចម្រៀងវីដេអូនេះទៅលើបណ្តាញសង្គមហ្វេសប៊ុកត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បទចម្រៀងអប់រំរួមជាមួយនឹងវីដេអូបង្ហាញក្បាច់រាំដ៏ស្រស់ស្អាតដែលមានចំណងជើងថា «អនាម័យការពារកូរ៉ូណា» ទទួលបានការចាប់អារម្មណ៍និងទស្សនាពីទស្សនិកជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់មិត្តហ្វូន។ ក្បាច់រាំនិងអត្ថន័យគួបផ្សំជាមួយនឹងសារអប់រំនៅក្នុងបទចម្រៀងនេះបានទាញឲ្យមានអ្នកចូលទស្សនារហូតដល់ ៥០០ ពាន់ដង និងការជជែកគ្នាប្រហែល ២ម៉ឺនដងនៅលើវីដេអូនេះ។

មិត្តហ្វូនបានប្រាប់ថា ការផលិតវីដេអូនេះឡើងក្នុងគោលបំណងដើម្បីពង្រីកការផ្សព្វផ្សាយនៃការការពារជំងឺកូវីដ១៩ឲ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈបណ្តាញសង្គម ក្នុងរយៈពេលដែលប្រជាជនកម្ពុជាបានកំពុងតែអនុវត្តន៍នៅគម្លាតឆ្ងាយពីសង្គមតាមការណែនាំរបស់រាជរដ្ឋាភិបាល។

លោកញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានថ្លែងថា៖ 

«មិត្តហ្វូនបានព្យាយាមនិងសហការគ្រប់រូបភាពក្នុងការជួយជ្រោមជ្រែងជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មានអំពីអនាម័យ ទម្លាប់ក្នុងការរស់នៅ ធ្វើយ៉ាងណាដើម្បីធានាថាប្រជាជនកម្ពុជាអាចជៀសឆ្ងាយពីជំងឺកូវីដ១៩នេះ។ ដោយសារប្រជាជនកម្ពុជាចូលចិត្តស្តាប់តន្រ្តី និងទស្សនាវីដេអូនៅលើទូរស័ព្ទដៃ ដូច្នេះការផលិតចម្រៀងវីដេអូគឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធិភាពដើម្បីធានាថាពួកគាត់ពិតជាបានទស្សនាវីដេអូអប់រំមួយនេះខណៈពេលកំពុងស្ថិតនៅផ្ទះ។ សំខាន់ជាងនេះគឺថា កម្រងវីដេអូចម្រៀងនេះគឺផលិតនិងចូលរួមសម្តែងដោយបុគ្គលិកមិត្តហ្វូនទាំងអស់។»

លោកញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន
ចម្រៀងវីដេអូ៖ អនាម័យការពារកូរ៉ូណា នៅលើទំព័រហ្វេសប៊ុកមិត្តហ្វូន
ចម្រៀងវីដេអូ៖ អនាម័យការពារកូរ៉ូណា នៅលើទំព័រហ្វេសប៊ុកមិត្តហ្វូន

លើសពីនេះទៅទៀតចាប់តាំងពីខែមេសាមក ក្រុមហ៊ុនមិត្តហ្វូនបានប្តូរឈ្មោះសញ្ញានៅលើទូរស័ព្ទជាមួយនឹងពាក្យ #StayHome ឬនៅផ្ទះ ដែលនេះគឺជាដំណោះស្រាយដ៏ធំមួយទៀតចំពោះអតិថិជនមិត្តហ្វូនជិត ៩លាននាក់ដើម្បីលើកទឹកចិត្តពួកគេអោយស្នាក់នៅក្នុងផ្ទះ ហើយរីករាយនឹងជីវិតរបស់ពួកគេ ដើម្បីផ្តួចផ្តើមអនុវត្តនិន្នាការគម្លាតឆ្ងាយពីគ្នាដើម្បីការពារជំងឺកូវីដ១៩។

មិត្តហ្វូនប្តេជ្ញាបន្តបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតដើម្បីគាំទ្រការការពារជំងឺកូវីដ១៩ បន្តទៀត។ សូមចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕ 

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T