អត់ធ្មត់! បីជំហាន​ជួយ​ឲ្យ​អ្នក​ចេះ​ផ្ចង់​​​អារម្មណ៍​​​ធ្វើការ ឬរៀន​​​នៅ​ផ្ទះ​​​​​ដោយ​​ខ្លួនឯង​

//s5.kh1.co/2d/2d4384588afa50f7d00af58554d9212a8d7cc59a.jpg
យល់ដឹង

 ១៤-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាក៏ដោយ ដែលធ្លាប់រៀននៅផ្ទះខ្លួនឯង សុទ្ធតែធ្លាប់ជួបប្រទះបញ្ហានេះទាំងអស់...

ក្រោយពីអានអត្ថបទមុនដែលមានរាយសកម្មភាព និងធនធានមានប្រយោជន៍ សំរាប់អ្នកជាប់នៅផ្ទះដោយសារ​កូវីដ ១៩ ​ក្រោយមក អ្នកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង! អ្នកថែមទាំង ខំប្រឹងរៀបចំផែនការប្រចាំថ្ងៃ ថាចង់​រៀនឲ្យ​បានបួនម៉ោងក្នុងមួយថ្ងៃ ហើយមានម៉ោងសំរាក មានម៉ោងកំសាន្ត និងហាត់ប្រាណមិនចេះខ្វះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃស្អែកចូលមកដល់ នាឡិការដើរដល់ម៉ោង ៩ ព្រឹក ដែលជាម៉ោងអ្នកគួរចាប់ផ្តើមរៀនហើយ!  អ្នកក៏ស្រវាខំបើកទូរស័ព្ទ ស្តាប់គ្រូពន្យល់ តែបានតែ ១៥ នាទីសោះ ក៏លោតសារក្រាស់អ្នកផ្ញើមកប៉ក់ៗ! មិនអីទេ គ្រាន់តែសារមួយសោះ ឆ្លើយសិនទៅសឹមរៀនទៀត។ តែសារមួយ នាំឲ្យមានសារតបមួយទៀត តបទៅតបមក ដល់ពេលល្ងាចបាត់! មួយថ្ងៃទៀតហើយ ដែលអ្នកមិនបានធ្វើតាមការរំពឹងទុករបស់ខ្លួន… 

អ្នកណាក៏ដោយ ដែលធ្លាប់រៀននៅផ្ទះខ្លួនឯង សុទ្ធតែធ្លាប់ជួបប្រទះបញ្ហានេះទាំងអស់…

ព្រោះថាអុីនធឺណែត គឺប្រៀបបានដូចជារូងភ្នំមួយដែលមិនមានផ្លូវចេញអញ្ចឹង យើងកាន់តែដើរចូលកាន់តែ​ឃើញ​វត្ថុជាច្រើន ដែលបង្វែរអារម្មណ៍ មិនឲ្យយើងបន្តដំណើរទៅមុខបាន។ បើយើងបូកអុីនធឺណែត ជាមួយការរៀន​ដោយ​គ្មានគ្រូ ឬធ្វើការដោយគ្មានមេណាមកត្រួតទៀតនោះ គឺយើងងាយស្រួលធ្លាក់ក្នុងអន្លង់ ដើរចូលរូងភ្នំ មើលនេះ​មើលនោះ គ្មានផ្ចង់អារម្មណ៍ធ្វើការ ឬរៀនឲ្យបានដុំកំភួនអីទេ! 

តែកុំភ័យ! ស្មេរនឹងមិនបណ្តោយឲ្យអ្នកអានវប្បធម៌ធ្លាក់ក្នុងអន្លង់ជីវិតគ្មានឆន្ទៈ ដើរហើរតាមតែខ្យល់អុីនធឺណែត​បក់​អញ្ចឹងទេ!ក្នុងអត្ថបទមួយនេះ ស្មេរនឹងចែករំលែកពីវិធីផ្ចង់អារម្មណ៍ក្នុងការរៀនឬធ្វើការ ដើម្បីឲ្យអ្នកអាចបំពេញតាម​ផែនការខ្លួន និងគោរពពាក្យសន្យារបស់ខ្លួនបាន!

រូបភាពបានមកពី៖ ម៉ាក វេរ៉ា (Mark Veira)
រូបភាពបានមកពី៖ ម៉ាក វេរ៉ា (Mark Veira)

ស្មេរសូមចាប់ផ្តើម ដោយឲ្យនិយមន័យ «ការងារស៊ីជំរៅ» សិន។ វាគឺជាប្រភេទសកម្មភាពដែលយើងធ្វើវាដោយ​ផ្ចង់អារម្មណ៍ ១០០% ហើយមិនបែកអារម្មណ៍ទៅណានោះទេ! ពេលអ្នកធ្វើការស៊ីជំរៅ ក្នុងចិត្តអ្នកគិតតែពីវា ហើយខ្លួនប្រាណអ្នកផ្តោតលើតែបំពេញវាឲ្យបានសំរេចប៉ុណ្ណោះ! អ្នកមិនយកខួរទៅគិតពីការតបសារ ពីការរៀប​ផែនការអនាគត ឬ ខ្វល់ខ្វាយថាកំពុងមានរឿងអីកើតឡើងនៅលោកខាងក្រៅនោះទេ។ មនុស្សដែលមានសមត្ថភាពធ្វើការរបៀបនេះ គាត់អាចបញ្ចប់ការងារបានលឿនជាងធម្មតា រៀនឆាប់យល់ ហើយមានគុណភាពល្អជាងមុនទៀតផង!

រូបភាពបានមកពី៖ ​      វ៉្លាឌីម៊ែ ម៉ាឈូកូវ (Vladimir Marchukov)
រូបភាពបានមកពី៖ ​      វ៉្លាឌីម៊ែ ម៉ាឈូកូវ (Vladimir Marchukov)

មុនពេលស្មេរដឹងពីវិធីធ្វើការងារស៊ីជំរៅនេះ ស្មេរធ្លាប់ចំណាយពេលជាមធ្យមគឺ ២៤ ម៉ោងដើម្បីបញ្ចប់អត្ថបទមួយ នោះគឺស្មើនឹងធ្វើការ ៨ ម៉ោងមួយថ្ងៃ ឲ្យគ្រប់បីថ្ងៃ។ តែដល់ពេលមើលឲ្យច្បាស់ទៅ ឃើញថា ៨ ម៉ោងនោះ ស្មេរ​ចំណាយ​​ពេលតែ ២ ទៅ ៣ ម៉ោងក្នុងមួយថ្ងៃក្នុងការសរសេរ និងកែប្រែអត្ថបទនោះទេ  ឯ ៥ ទៅ ៦ ម៉ោងទៀតគឺ​ចំណាយលើការលេងទូរស័ព្ទ និយាយគ្នាលេងជាមួយក្រុមការងារ ឆ្លើយតបអុីម៉ែល ឬ ដេកថ្ងៃទៅវិញ! 

តែប្រហែលបីឆ្នាំមុននេះ អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ ពេលដែលខ្ញុំចាប់ផ្តើមអានសៀវភៅ «ការងារស៊ីជំរៅ»​ និពន្ធដោយ ខាល ញូផរ ។ ខ្ញុំក៏បានសាកធ្វើតាមវិធីដែលគេចារក្នុងសៀវភៅ ហើយឃើញថាវាមានប្រយោជន៍​ខ្លាំងមែន! ពេលដែលខ្ញុំចាប់ផ្តើមធ្វើការដោយផ្ចង់អារម្មណ៍ និងមិនបែកអារម្មណ៍នោះ ខ្ញុំអាចសរសេរអត្ថបទ​មួយ​ដោយចំណាយពេលតែ ៥ ទៅ ៦ ម៉ោងប៉ុណ្ណោះ! ថ្ងៃទី១ ចំណាយអស់ មួយម៉ោងកន្លះដើម្បីសរសេរសំណៅដើម។ ថ្ងៃទី២ ចំណាយអស់ពេល មួយម៉ោងកន្លះដើម្បីកែតំរូវក្លាយជាសំណៅទីពីរ។ ថ្ងៃទីបី ចំណាយពេលអស់​មួយម៉ោង​កន្លះទៀត ដើម្បីបង្ហើយបញ្ចប់ចេញជាអត្ថបទពេញលេញជាការស្រេច! 

ពេលដែលធ្វើការដោយអារម្មណ៍មិនមូល មួយអត្ថបទត្រូវការពេល ២៤ ម៉ោង។ តែដល់ពេលចេះផ្ចង់អារម្មណ៍ អត្ថបទដដែលត្រូវការតែ ៦ ម៉ោងប៉ុណ្ណោះ! 

តែសូមកុំជឿតែពាក្យស្មេរពេក។ សាកអានអត្ថបទនេះ ហើយយកទៅធ្វើខ្លួនឯងយ៉ាងហោចមួយខែសិនទៅមើល អ្នកនឹងឃើញថាខ្លួនឯងមានឆន្ទៈជាងមុន អាចគ្រប់គ្រងខ្លួនជាង ហើយមានពេលវេលាទំនេរច្រើនជាងមុនទៀតផង! 

ជំហានទី ១៖ បង្កើតក្បួនទំលាប់ការងារមួយ 

ពេលដែលយើងត្រូវទៅសាលាដើម្បីរៀន ឬទៅការិយាល័យដើម្បីធ្វើការ យើងមានក្បួនការងារច្បាស់លាស់ណាស់។ ឲ្យតែឈានជើងចូលថ្នាក់រៀន ឬការិយាល័យភ្លាម គឺយើងប្រែកាយក្លាយជាសិស្ស ឬបុគ្គលិកក្រុមហ៊ុនភ្លាម! ផ្ទុយទៅវិញ ពេលយើងជាប់នៅផ្ទះ ជាកន្លែងដែលយើងដេក កន្លែងដែលយើងលេង និងធ្វើការ នោះក្បួនការងារ ឬក្បួនរៀនយើងចាប់ផ្តើមវិលវល់មិនសូវច្បាស់ទៀតនោះទេ។ ដោយហេតុគ្មានគ្រូ ឬគ្មានមេណាមកប្រាប់​ថាយើង​គួរធ្វើការតាមក្បួនទំលាប់ណា យើងអាចបង្កើតក្បួនទំលាប់ខ្លួនឯងក៏បាន!

រូបភាពបានមកពី៖​​​​​​ Rawpixel
រូបភាពបានមកពី៖​​​​​​ Rawpixel

បង្កើតក្បួនទំលាប់ទី ១៖ រើសទីកន្លែងមួយ

ប្រសិនបើអាច អ្នកគួររើសកន្លែងណាមួយក្នុងបន្ទប់អ្នក ឬក្នុងផ្ទះអ្នកឲ្យប្រាកដថាសំរាប់តែធ្វើការ ឬរៀនដោយស៊ី​ជំរៅសុទ្ធតែម្តង។ មនុស្សមួយចំនួន គាត់អាចដេក អាចញ៉ាំ អាចធ្វើការលើគ្រែដដែលៗបាន តែមនុស្សភាគច្រើន​អត់មានសមត្ថភាពហ្នឹងទេ។ 

រូបភាពបានមកពី៖​ អាលិច ហាមីលតុន (Alec Hamilton)
រូបភាពបានមកពី៖​ អាលិច ហាមីលតុន (Alec Hamilton)

ឧទាហរណ៍ផ្ទាល់ ក្នុងខួរក្បាលស្មេរ គ្រែគឺស្មើនឹងការកំសាន្ត និងការដេក។ បើចង់ឲ្យស្មេរធ្វើការ ឬរៀនលើគ្រែ គឺធ្វើ​មិនចេញតែម្តង ដៃចេះតែចង់ចុចមើលអីលេង ទប់មិនរួច។ ដោយហេតុនេះហើយ ស្មេរបានរើសយកតុកញ្ចាស់​មួយ​ក្នុងបន្ទប់ដេកជាកន្លែងដែលស្មេររៀន និងធ្វើការដោយស៊ីជំរៅ។ ឲ្យតែដាក់គូទអង្គុយនៅតុហ្នឹងភ្លាម ខួរក្បាលស្មេរដឹង​ថា ដល់ពេលធ្វើការហើយ ឈប់គិតពីរឿងលេងអីអស់ហ្នឹងមួយរយៈសិនទៅ!

តែសំរាប់អ្នកដែលមានបន្ទប់តូច ឬគ្មានតុក្នុងបន្ទប់ ក៏មិនថ្វីដែរ។ អ្នកអាចរកកន្លែងណាដែលល្មមសំរាប់អ្នកអង្គុយបាន ក្រាលកន្ទេល ឬកំរាលអីមួយដើម្បីស្រួលអង្គុយរៀន ឬធ្វើការទៅការស្រេច។ មិនសំខាន់ថាកន្លែងហ្នឹងយ៉ាងណាទេ ឲ្យតែមានទីណាមួយដែលអ្នកទៅធ្វើការ ឬរៀនជារៀងរាល់ថ្ងៃទៅបានហើយ ព្រោះអ្វីដែលសំខាន់បំផុតគឺហាត់​បង្វឹក​ឲ្យខួរក្បាលយើងឲ្យវាចាំថា ឲ្យតែដាក់គូទនៅកន្លែងហ្នឹងភ្លាម​​ គឺដល់ពេលវាផ្ចង់អារម្មណ៍ហើយ!

បង្កើតក្បួនទំលាប់ទី ២៖ រើសថាចង់ផ្ចង់អារម្មណ៍យូរប៉ុណ្ណា

អ្នកគួរនិយាយតាមត្រង់ ថាតើខ្លួនអាចធ្វើការ ឬរៀនដោយផ្ចង់អារម្មណ៍បានយូរប៉ុណ្ណាក្នុងមួយថ្ងៃ។ តាមគេ​ស្រាវជ្រាវ​មកថា មនុស្សយើងធម្មតាអាចផ្ចង់អារម្មណ៍ទាំងស្រុងលើការងារប្រភេទណាមួយ បានត្រឹម ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ទោះគាត់ជាអ្នកខ្លាំង អ្នកជំនាញប៉ុណ្ណាក៏ដោយចុះ! អ្នកផ្ទាល់អាចរើសថា មួយថ្ងៃអ្នកចង់ផ្ចង់អារម្មណ៍ ២ ម៉ោង  ៣ ម៉ោង ៤ ម៉ោង ឬដល់ទៅ ៨ ម៉ោងក៏បាន! 

តែអ្នកមិនគួរបង្ខំខ្លួនឯងពេកនោះទេ! ត្រូវចាំថា សុខចិត្តទៅមុខយឺតៗតែរាល់ថ្ងៃ ជាជាងបោលមួយកំរោល! សុខចិត្តធ្វើការផ្ចង់អារម្មណ៍តែ ៤ ម៉ោង តែធ្វើឲ្យបានរាល់ថ្ងៃ​ (៤ ម៉ោង ៦ ថ្ងៃស្មើនឹង ២៤ ម៉ោង) ជាជាងធ្វើម្តង ៨ ម៉ោង តែធ្វើបានតែពីរថ្ងៃដេកស្តិ អស់កំលាំងដេកសំរាកមួយអាទិត្យ (៨ ម៉ោង ២ ថ្ងៃ ស្មើនឹង ១៦ ម៉ោងទេ)! 

តួយ៉ាងគឺស្មេរចូលចិត្តធ្វើការងារច្រើនប្រភេទក្នុងមួយថ្ងៃ ដើម្បីអាចបន្តផ្ចង់អារម្មណ៍បានយូរ ដោយមិនហត់កាយ​ហត់ចិត្ត។ ណាមួយ ស្មេរធ្លាប់សាកអាន ៨ ម៉ោងជាប់គ្នា សាកសរសេរ ៨ ម៉ោងជាប់គ្នា ឬគូររូប ៨ ម៉ោងជាប់​គ្នា​ហើយ  លទ្ធផលគឺអារម្មណ៍មិនមូលរហូតទេ ហើយចុងក្រោយស្អប់សកម្មភាពហ្នឹងទៀតផង ព្រោះធ្វើវាច្រើនពេក! 

ដោយហេតុនេះហើយ ក្នុងមួយថ្ងៃ ស្មេរព្យាយាមសរសេរអត្ថបទ ១ ទៅ ២ ម៉ោង ឯ ១ ទៅ ២ ម៉ោងទៀតសំរាប់​សរសេរពាក្យ និងច្នៃរូបទុកផុសក្នុងហ្វេសប៊ុក។ ១ ទៅ ២ ម៉ោងសំរាប់អានសៀវភៅថ្មី យកគំនិតដើម្បីសរសេរ​អត្ថបទថ្មីទៅថ្ងៃមុខ ហើយ ១ ម៉ោងចុងក្រោយសំរាប់ឆ្លើយតបសារ និងអុីម៉ែលទាក់ទងនឹងការងារ។ 

ដោយសារចេះធ្វើការដោយផ្ចង់អារម្មណ៍ ឥលូវខ្ញុំអាចធ្វើការបានលទ្ធផលស្មើមុន តែចំណាយពេលតែ ៣ ទៅ ៥ ម៉ោងក្នុងមួយថ្ងៃនោះទេ បើប្រៀបធៀបនឹងកាលមុនគឺធ្វើការ ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃទើបចប់។ ហើយណាមួយ កាលដែលបន្ថយម៉ោងធ្វើការដូចនេះ​បានជួយឲ្យខ្ញុំលែងសូវស្ត្រេសរឿងការងារ ហើយជួយឲ្យសុខភាព​ផ្លូវចិត្ត​របស់ខ្ញុំ​រីកចំរើនជាងមុនផងដែរ! 

សំរាប់អ្នកវិញ អាចសាកបូកសកម្មភាពឲ្យច្រើនប្រភេទសំរាប់ការងារមួយថ្ងៃៗដែរទៅ! កុំបង្ខំខ្លួនពេក ហើយក៏​កុំផ្ចង់​អារម្មណ៍លើសកម្មភាពដដែលៗយូរពេកដែរ។ ឧបម៉ាថា ក្នុងមួយថ្ងៃ អ្នកអាចរៀន ២ ទៅ ៣ ម៉ោង ហើយទុក ១ ទៅ ២ ម៉ោងសំរាប់អានសៀវភៅលំហែខួរ ហើយ ១ ទៅ ២ម៉ោងសំរាប់មើលរឿង ឬលេងហ្វេសប៊ុក យូធូប និង ១ ម៉ោង​ចុង​ក្រោយសំរាប់ធ្វើកិច្ចការងារផ្ទះ (homework) អញ្ចឹងទៅ។ 

បង្កើតក្បួនទំលាប់ទី ៣៖ មានពេលចេញលេងសំរាកនឹងគេផង!

ស្មេរតែងតែជឿថា បើចង់ឲ្យយើងធ្វើអ្វីបានយូរនោះ ទាល់តែយើងសប្បាយនឹងធ្វើវា។​ ដំបូងៗ ដែលយើង​ចាប់​ផ្តើមបង្ហាត់ឲ្យខួរក្បាលយើងផ្ចង់អារម្មណ៍ ជាជាងឲ្យវាដើរហើរពាសវាលពាសកាលនោះ គឺមិនសូវស្រួល ឬសប្បាយ​នោះឡើយ។ ទាល់តែធ្វើបានយូរបន្តិច យើងនឹងអាចធ្វើវាដោយស្រួលជាងមុន ហើយឃើញផលប្រយោជន៍វាហើយ ទើបយើងចាប់ផ្តើមសប្បាយនឹងធ្វើវាខ្លាំងទៅៗ។ 

ដូច្នេះ ដើម្បីជួយថែមភាពសប្បាយ និងបន្ថយភាពតានតឹងពេលយើងចាប់ផ្តើមហាត់ផ្ចង់អារម្មណ៍ដំបូង យើងគួរ​មានពេលសំរាក ពេលចេញលេងឲ្យបានច្រើន។ ក្នុងពេលសំរាក យើងអាចធ្វើអីក៏បាន ចង់ចុចហ្វេសប៊ុកក៏បាន ចង់ផ្ញើសារទៅក្រាស់ក៏បាន ចង់មើលគេលេងហ្គេមក៏មិនថ្វី! 

ដឹងអត់ថា ស្មេរផ្ទាល់គឺជាមនុស្សដ៏ខ្ជិលច្រអូសម្នាក់។ ប្រសិនបើអាច ខ្ញុំសុខចិត្តរើសយកជីវិត​មួយដែលខ្ញុំអាច​ដេកមួយថ្ងៃដល់យប់ អត់ធ្វើអីបន្តិចសោះឡើយ! តែខ្ញុំដឹងថា ទាល់តែខ្ញុំលើកដៃធ្វើការខ្លះ ទើបវាល្អដល់សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និងហោប៉ៅរបស់ខ្ញុំ។ 

រូបភាពបានមកពី៖អុីសា ផេនីក ម៉ុនស្តា (Isa Panic Monsta)
រូបភាពបានមកពី៖អុីសា ផេនីក ម៉ុនស្តា (Isa Panic Monsta)

ដើម្បីលួងលោមចិត្តជាជ្រូករបស់ខ្ញុំ (សំខាន់ ចៃដន្យស្មេរកើតឆ្នាំជ្រូកទៀត) ខ្ញុំបានដាក់បញ្ចូលពេល​សំរាកជាច្រើន​នៅតាមចន្លោះការងារស៊ីជំរៅ។ អាហ្នឹងដូចនិយាយទៅកាន់ខ្លួនឯងថា៖ «អេ ប៉ិខួរជ្រូក! យើងដឹងថាឯងពិបាកនឹងផ្ចង់​អារម្មណ៍ តែគិតមើលៗ គ្មានត្រូវធ្វើច្រើនពេកឯណា! ហើយណាមួយ ឯងអាចសំរាកបានច្រើនទេតើ! អាចយកពេល​ហ្នឹងចេញលេងទៅចុចទូរស័ព្ទ ទៅឆ្លើយតបសារ ឬញ៉ាំអីក៏បានស្រេចចិត្ត!»

ដោយហេតុនេះហើយ ខ្ញុំបានបន្លំលួងលោមឲ្យខ្លួនឯងចូលចិត្តធ្វើការងារស៊ីជំរៅ ដោយធ្វើការតែ ៣ ទៅ ៤ ម៉ោងក្នុង​មួយថ្ងៃ (តែ ៦ ថ្ងៃក្នុងមួយអាទិត្យ)។ ហើយរាល់ពេលផ្ចង់អារម្មណ៍បាន ៥០ នាទី ខ្ញុំសំរាក ១០ នាទី​។ បន្ថែមពីលើហ្នឹងទៀត រាល់ពេលធ្វើការបាន ៥ នាទី ខ្ញុំឈប់សំរាកដើម្បីដកដង្ហើមប្រហែល ១០ វិនាទីផងដែរ។ ពេលវេលាដែលចំណាយលើការសំរាកទាំងនេះ គឺត្រូវរាប់ចូលជាពេលវេលាការងារដូចគ្នា! 

មូលហេតុមួយទៀតដែលអ្នកគួរផ្តល់ពេលសំរាកឲ្យខ្លួនច្រើននោះ គឺដោយសារការផ្ចង់អារម្មណ៍រៀន ឬធ្វើការត្រូវ​ការកំលាំង​ជាច្រើនពីខ្លួនប្រាណ និងខួរក្បាលយើងណាស់។ ចង់ឬមិនចង់គឺត្រូវផ្តល់ពេលឲ្យគ្នាសំរាកជារឿយៗ បើមិនចង់ឲ្យគ្នាធ្លាក់ខ្លួនឈឺទេនោះ! 

សំរាប់អ្នកដែលទើបចាប់ផ្តើម ស្មេរគិតថាគួរសំរាកឲ្យបានកាន់តែញឹកញាប់កាន់តែប្រសើរ។ វានឹងធ្វើឲ្យអ្នកចូលចិត្ត​ធ្វើការស៊ីជំរៅជាងមុន ហើយលើកទឹកចិត្តឲ្យអ្នកធ្វើវាជារៀងរាល់ថ្ងៃ ដែលនាំឲ្យអ្នកពូកែផ្ចង់អារម្មណ៍ទៅៗទៀតផង! 

ដូច្នេះ សំរាប់អ្នកដែលចង់សាក អ្នកអាចចាប់ផ្តើមដោយផ្ចង់អារម្មណ៍ ១៥ នាទី ហើយសំរាក ៥  នាទី។ ក្នុងមួយម៉ោងដែលអ្នកចំណាយលើការងារស៊ីជំរៅ គឺអ្នកធ្វើការ ១៥ នាទី សំរាក ៥ នាទី ធ្វើការ ១៥ នាទី សំរាក ៥ នាទី ធ្វើការ ១៥ នាទី ហើយសំរាក ៥ នាទី។ 

រូបភាពបានមកពី៖​​  Messence
រូបភាពបានមកពី៖​​  Messence

ធ្វើដូចនេះបានពីរបីថ្ងៃ ឬមួយអាទិត្យក្រោយមក អ្នកអាចសាកតំឡើងវាទៅ ២០ ទៅ ២៥ នាទីធ្វើការ និង សំរាក ៥ នាទីដដែល។ ពេលដែលយើងពូកែផ្ចង់អារម្មណ៍ទៅៗ នោះយើងអាចតំឡើងវាឲ្យយូរទៅៗតាមហ្នឹងដែរ។  

ឧទាហរណ៍ ពេលដែលខ្ញុំទើបសាកតិចនិចនេះភ្លាម គឺសមត្ថភាពក្នុងការផ្ចង់អារម្មណ៍របស់ខ្ញុំនៅខ្សោយ​មែនទែន​តែម្តង រកតែផ្ចង់ឲ្យបាន ២០ នាទីម្តងមិនដែលមូលទេ! ដូច្នេះ ខ្ញុំក៏ចាប់ផ្តើមដោយធ្វើការ ១៥ នាទី សំរាក ៥ នាទី តៗគ្នារហូត។ គ្រាន់តែប៉ុន្មានថ្ងៃសោះ​ ខ្ញុំអាចពន្យារវាដល់ ២៥ នាទី ហើយសំរាក ៥ នាទី។ ខ្ញុំនៅធ្វើអញ្ចឹងរាល់ថ្ងៃ រហូតដល់ ១ ឆ្នាំក្រោយ ទើបខ្ញុំសំរេចចិត្តប្តូរទៅ ធ្វើការ ៥០ នាទី​និងសំរាក ១០ នាទីវិញម្តង! 

បន្ថែមពីលើនេះទៀត ខ្ញុំប្រើប្រាស់កម្មវិធី ជួងនៃស្មារតី (Bell of Mindfulness) ដែលរាល់ ៥  នាទីម្តង វាបន្លឺសំឡេងជួងចំនួនបីជួង (អស់រយៈពេលប្រហែល ១០ វិនាទី)។ ពេលលឺសំលេងជួងម្តងៗ ខ្ញុំដកដៃដកចិត្ត​ពីការងារ ដកដង្ហើមបីបួនដង្ហើមដោយមិនគិតពីអ្វីទាំងអស់ ហើយទើបបន្តធ្វើការទៀត! នេះមិនមែនថាត្រូវកំណត់ឲ្យគ្នាយើងប្រើជួងដូចខ្ញុំទេ ព្រោះវាអត់បានប្រយោជន៍ទេ បើអ្នកមិនទាន់​សូវយល់ពី​សារៈ​សំខាន់នៃ​ការផ្ចង់ស្មារតីនៅឡើយ។ តែខ្ញុំលើកឡើងនេះ ដោយសារចង់ឲ្យអ្នកឃើញថា ខ្ញុំតែងព្យាយាមរក​វិធីសំរាក​រឹតតែ​ញឹកញយទៅៗជានិច្ច! 

កម្មវិធីដែលជួយកំណត់ម៉ោងធ្វើការ៖

 អ្នកអាចប្រើកម្មវិធីម៉ោងរោទិ៍ដែលមានស្រាប់ក្នុងទូរស័ព្ទអ្នកក៏បាន ឬដើររកកម្មវិធីហ្វ្រ៊ីៗយកមកប្រើក៏បាន! ស្មេរផ្ទាល់ប្រើកម្មវិធី Be Focused ក្នុងកុំព្យូទ័រ។ ហើយស្មេរក៏ចូលចិត្តប្រើកម្មវិធី  TIDE ក្នុងទូរស័ព្ទផងដែរ។ 

បង្កើតក្បួនទំលាប់ទី ៤៖ បង្កើតវិន័យដើម្បីបំបាត់វត្ថុបំបែកអារម្មណ៍ពេលអ្នកធ្វើការ

និយាយទៅ យើងខំប្រឹងបង្កើតក្បួនទំលាប់នេះគឺដើម្បីធ្វើឲ្យយើងផ្ចង់អារម្មណ៍ពេលធ្វើការ។ ដល់ជំហាននេះ អ្នកមានកន្លែងធ្វើការ ដឹងពីពេលវេលាធ្វើការ និងពេលសំរាកហើយ ដល់ពេលអ្នករៀបវិន័យ​ដើម្បីកំចាត់វត្ថុ​បំបែក​អារម្មណ៍អ្នកវិញម្តង! 

តួយ៉ាង ស្មេរផ្ទាល់គឺមានទំលាប់បិទ notification ពីកម្មវិធីទាំងអស់ក្នុងទូរស័ព្ទ និងកុំព្យូទ័រ ទុកតែឲ្យលោតប្រាប់​ថាមានគេខល ឬ ផ្ញើសារមកលេខទូរស័ព្ទផ្ទាល់នោះទេ! ដូច្នេះ ពេលដែលខ្ញុំធ្វើការ គឺខ្ញុំដាក់វិន័យថា ហាមមិន​ឲ្យកាន់ទូរស័ព្ទ បើកកម្មវិធីបណ្តាញសង្គម ឬឆែកពីនេះពីនោះដែលមិនទាក់ទងនឹងការងារឡើយ។ ការប្រើប្រាស់កុំព្យូទ័រក៏ដូចគ្នាដែរ ខ្ញុំមានអុីនធឺណែតក៏ពិតមែន តែអាចឆែកតែពេលត្រូវការព័ត៌មានដើម្បី​ការងារ​នោះទេ!

ដូចគ្នាដែរពេលដែលខ្ញុំរៀន គឺដូចម៉ោងធ្វើការស៊ីជំរៅអញ្ចឹង គ្មានលេងទូរស័ព្ទ ឬឆែកមើលអីឥតប្រយោជន៍ក្រៅពីម៉ោង​សំរាកទេ! 

ស្តាប់ទៅដូចឃោរឃៅបន្តិចមែន តែត្រូវចាំថា ឲ្យតែដល់ម៉ោងសំរាក ខ្ញុំអាចចុចទូរស័ព្ទ ឆ្លើយតបសារ មើលអីតាម​ចិត្តហើយ! ដូច្នេះ ក្នុងមួយម៉ោងគឺខ្ញុំធ្វើការផ្ចង់អារម្មណ៍ មិនឆ្លើយតបសារ មិនឆែកអ្វីអត់បានការរយៈពេល ៥០ នាទី ហើយ ១០ នាទីទៀតគឺចុចលេងម៉ាសេរី! ពេលចប់ម៉ោងសំរាក គឺបិទទូរស័ព្ទដល់ពេលផ្ចង់អារម្មណ៍សារជាថ្មី!  

ខ្ញុំចង់សូមឲ្យអ្នកសាកដាក់វិន័យខ្លួនឯង បិទ notification ពីកម្មវិធីទាំងអស់ លើកលែងតែការខល និងផ្ញើសារ​មកលេខទូរស័ព្ទអ្នកផ្ទាល់ទេ។ ហើយក៏ដាក់វិន័យថា ពេលដែលអ្នកត្រូវធ្វើការ ឬរៀនដោយស៊ីជំរៅ គឺមិនប៉ះ​ទូរស័ព្ទបើកឆែកកម្មវិធីណាឡើយ! សាកធ្វើអញ្ចឹងឲ្យបាន ៣០ ថ្ងៃទៅមើល អ្នកនឹងឃើញថា ខ្លួនធ្វើការមិនសូវ​ស្ត្រេសដូចមុន ហើយធ្វើការបានច្រើន ទោះជាចំណាយពេលតិចជាងមុនក៏ដោយ! 

ជំហានទី ២៖ តាមដានម៉ោងការងារស៊ីជំរៅរបស់អ្នក

និយាយទៅ គ្មានអ្វីធ្វើឲ្យយើងសប្បាយជាងឃើញថា ខ្លួនចំរើនក្នុងគោលបំណងយើងម្តងបន្តិចៗជារៀងរាល់​ថ្ងៃនោះទេ។ ដូច្នេះ អ្នកគួរតាមដានថាខ្លួនធ្វើការ ឬរៀនដោយស៊ីជំរៅមួយថ្ងៃបានប៉ុន្មានម៉ោង ដើម្បីឃើញ​ភាពអភិវឌ្ឍន៍របស់ខ្លួន! មិនត្រូវការអីច្រើនទេ គឺគ្រាន់តែក្រដាសមួយសន្លឹក និងប៊ិចមួយទៅធ្វើបានហើយ! 

នេះជាតារាងតាមដានម៉ោងធ្វើការស៊ីជំរៅរបស់ស្មេរ! 

https://s5.kh1.co/__image/w=650,h=867,q=100/a3/a33b1d153a8e87e2d6dd0daf9c8474ec86e78104.jpg

ជំហានទី ៣៖ ទទួលស្គាល់សមត្ថភាពខ្លួនឯង

គ្នាយើងខ្លះអាចនឹងបែកគំនិត ចង់ច្របាច់យកប្រយោជន៍ពីតិចនិចនេះឲ្យខ្សោះអស់ជាតិតែម្តង។ អ្នកខ្លះគិតថា បើមួយថ្ងៃធ្វើការស៊ីជំរៅតែ ៣ ម៉ោងអាចសំរេចការងារបានច្រើនប៉ុណ្ណឹង ចុះទំរាំផ្ចង់អារម្មណ៍ ៨ ម៉ោងទៀត? មិនបានលុយច្រើន សំរេចបានជោគជ័យច្រើន និងជួយគេបានច្រើនទៅហើយ? 

តែគិតឡើងវិញសិនទៅថ្លៃ ដោយសារមនុស្សយើងធម្មតា អាចធ្វើការងារស៊ីជំរៅមានកំរិត។ សំរាប់ស្មេរផ្ទាល់ គឺធ្វើបានត្រឹមពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ! 

ម៉្យាងវិញទឿត ខ្ញុំគិតថាយើងមិនគួរប្រែកាយក្លាយជាម៉ាស៊ីនធ្វើការស៊ីជំរៅនោះទេ! មនុស្សយើងកើតមកនេះ មិនមែនដើម្បីតែធ្វើការ ធ្វើការ ធ្វើការហើយស្លាប់ឯណា! ១០០ ឆ្នាំទៅមុខទៀត ការងារដែលយើង​ធ្វើឥលូវនេះ​គ្មាននៅសល់ស្នាកស្នាម គ្មានភាពសំខាន់អីទៀតទេ!

អត្ថបទនេះសរសេរឡើង មិនមែនមានចេតនាចង់ឲ្យអ្នកធ្វើការដោយផ្ចង់ស្មារតីរហូតនោះទេ  តែសរសេរឡើង ដើម្បីឲ្យយើងធ្វើការឲ្យមានប្រយោជន៍ មិនខ្ជះខ្ជាយពេលវេលា អាចបញ្ចប់ការងារលឿនជាងធម្មតា ដើម្បីយកពេល​ទៅធ្វើអ្វីផ្សេងៗទៀតក្នុងជីវិត! 

រូបភាពបានមកពី៖ហ្ញីលាន លឺវីន (Gillian Levine)
រូបភាពបានមកពី៖ហ្ញីលាន លឺវីន (Gillian Levine)

នកខ្លះដែលស្គាល់ខ្ញុំផ្ទាល់ គាត់ឆ្ងល់ថា បើចេះធ្វើការដោយផ្ចង់អារម្មណ៍អញ្ចឹង ម៉េចក៏សំរេចចិត្តធ្វើការតែ ៣ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃ? ម៉េចមិនធ្វើការ ៨ ម៉ោងមួយថ្ងៃទៅ? មិនសរសេរអត្ថបទបានច្រើន ធ្វើវីដេអូបានច្រើន ដើរនិយាយ​បានច្រើន រកលុយបានច្រើន ហើយពង្រីកកេរ្តិ៍ឈ្មោះបានខ្លាំងជាងនេះ?

ខ្ញុំអាចឆ្លើយទៅពួកគាត់ថា ជីវិតខ្ញុំមិនមែនរស់ដើម្បីតែវប្បធម៌ទេ។ ខ្ញុំសប្បាយនឹងធ្វើការទាក់ទងនឹងវ៉ិបសាយ​មួយនេះក៏ពិតមែន តែខ្ញុំក៏សប្បាយនឹងចេញពីធ្វើការ យកពេលនៅសល់ទៅអានសៀវភៅ គូររូប ស្រាវជ្រាវរឿង​ចំលែកៗ និយាយលេងជាមួយមិត្តភក្តិបងប្អូន ហើយសំខាន់បំផុតនោះគឺ យកពេលទៅដេកលេងឥត​ធ្វើអ្វីសោះ​ផងដែរ! 

តិចនិចក្នុងការផ្ចង់អារម្មណ៍ធ្វើការស៊ីជំរៅ បានជួយដោះលែងខ្ញុំ ឲ្យមានពេលទំនេរច្រើនជាងមុន ចំណេញដល់ទៅ ៣ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃឯណោះ ដើម្បីធ្វើរឿងមានប្រយោជន៍ផ្សេងៗទៀតក្នុងជីវិត! ហើយស្មេរក៏ចង់ឲ្យអ្នក​ទាំងអស់គ្នា​មានសេរីភាពប្រភេទនេះផងដែរ!                             

រូបភាពពីដើមអត្ថបទ៖Sassshaaaa

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T