ដំណឹងសោកសៅ! អតីតប្រធានក្លិប Marseille លោក Diouf បានស្លាប់ក្នុងវ័យ៦៨ឆ្នាំដោយសារជំងឺ Covid-19

//s5.kh1.co/76/7621a6d72b48589c1c3bfb76be71dfd5e6f41523.jpg
កីទ្បា

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អតីតប្រធានក្លិប Marseille លោក Diouf បានស្លាប់ក្នុងវ័យ៦៨ឆ្នាំដោយសារជំងឺ Covid-19

សេណេហ្កាល់៖ អតីតប្រធានក្លិប Marseille លោក Pape Diouf បានទទួលមរណភាព កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ក្នុងវ័យ៦៨ឆ្នាំ ដោយសារជំងឺ Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីលោក Diouf បានឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយនៅឯប្រទេសសេណេហ្កាល់ ដែលជាទឹកដីកំណើតរបស់លោក ។

  លោក Pape Diouf
  លោក Pape Diouf

យ៉ាងណាមិញ សាច់ញាតិរបស់លោក Diouf មានគម្រោងចង់បញ្ជូនគាត់មកកាន់មន្ទីរពេទ្យប្រទេសបារាំងដែរ ដើម្បីទទួលបានការព្យាបាលល្អប្រសើរជាងនេះ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់គាត់ចូលដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ គាត់ក៏បានស្លាប់បាត់បង់ជីវិតមុនពេលចាកចេញពីទីក្រុង Dakar ប្រទេសសេណេហ្កាល់។

ជុំវិញការស្លាប់របស់លោក Diouf ក្លិប Marseille បានចេញសេក្ដីថ្លែងការមួយនៅលើគណនី ​Twitter ផ្លូវការរបស់ខ្លួន ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ក្លិប Olympique de Marseille សូមសម្ដែងនូវការកើតទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោក Pape Diouf។ លោក Pape នឹងស្ថិតក្នុងចិត្តរបស់ក្រុម Marseillais ជានិច្ច ក្នុងនាមជាបុគ្គលដ៏អស្ចារ្យម្នាក់ប្រចាំប្រវត្តិសាស្រ្តក្លិប។ ពួកយើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់គាត់ និងមនុស្សជាទីស្រលាញ់របស់គាត់។

ក្លិប Marseille 

គួររម្លឹកផងដែរថា លោក Diouf បានទទួលតួនាទីមកគ្រប់គ្រងក្លិប Marseille ចន្លោះពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៩ មុនពេលដែលលោកត្រូវបានជំនួសដោយលោក Jean-Claude Dassier។

បើទោះបីជា កំឡុងពេលដែលលោកដឹកនាំ ក្លិប Marseille មិនដែលទទួលបានពានរង្វាន់ Ligue 1 ក៏ពិតមែន ប៉ុន្តែកាលនោះ ហោចណាស់ក្រុមរបស់លោក បានឈរចំណាត់ខ្ពស់បំផុតលេខ២ និងទាបបំផុតលេខ៥។

លើសពីនេះទៅទៀត ក្រៅពីធ្លាប់មានតួនាទីជាប្រធានក្លិប លោក Diouf ក៏មានមុខងារជាអ្នកតំណាងរបស់កីឡាករល្បីៗជាច្រើនរូបផងដែរ ក្នុងនោះរួមមានកីឡាករ Samir Nasri, Didier Drogba, Antoine Bell, Marcel Desailly, Basile Boli, និង William Gallas៕

ប្រភពGoal

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T