អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យអាជីវករអនឡាញ​យក​​​ចំណេញ​​​​​​ថ្លៃ​ម៉ាស និង​អាល់​កុល សមរម្យបាន​​ហើយ

//s5.kh1.co/2d/2d02e4e0bb76a4079f9fe619982992bba7063f99.jpg
សង្គម

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ លោក ស៊ាង ថៃ បានបញ្ជាក់ប្រាប់ Khmerload នៅថ្ងៃ ៣១ មីនានេះ ថា ក្រសួងយល់​ពី​បញ្ហា​សេដ្ឋកិច្ចសេរី តែលោកថា អ្នកលក់សូមយកចំណេញ​​ល្មមៗ​បានហើយ...

កន្លងទៅក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំម្តងហើយម្តងទៀត ស្តីពីការហាមឃាត់ការលក់ដំឡើងថ្លៃម៉ាស ព្រមទាំងសម្ភារៈសម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអេឡិចត្រូនិក​ (Online)​។​ មិនប៉ុន្មានម៉ោងក្រោយមក មានអ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេបានចេញមុខចោទជាសំណួរស្រដៀងៗគ្នាថា៖ «ចុះបើតម្លៃផលិតផលដែលទិញពីរោង​ចក្រមក សុទ្ធតែឡើងថ្លៃស្រាប់ តើឲ្យអ្នកលក់រក្សាតម្លៃដដែល​យ៉ាងម៉េច​កើត?»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តបនឹងសំណួរនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ លោក ស៊ាង ថៃ បានបញ្ជាក់ប្រាប់ Khmerload នៅថ្ងៃ ៣១ មីនានេះថា កម្ពុជាជាប្រទេសប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី ហើយក្រឹត្យក្រមទីផ្សារ បើការផ្គត់ផ្គង់តូចជាង​តម្រូវ​ការ នោះទំនិញនឹងត្រូវឡើងថ្លៃ។ លោកបញ្ជាក់បន្ថែមថា ក្រសួងយល់ពីបញ្ហាសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែលោក​អំពាវនាវ​ថា​ តម្លៃក៏មិនត្រូវដំឡើងហួស​ហេតុពេកដែរ ពោលដំឡើង​ថ្លៃយក​ចំណេញ​​​ល្មមៗ​បានហើយ ព្រោះខ្មែរដូចគ្នាទេ។

លោកថា៖ «ក្រសួងយល់ពីបញ្ហាហ្នឹង រឿងបញ្ហាសេដ្ឋកិច្ចទីផ្សារក្នុងស្ថានភាពនេះ គឺអ្នកលក់ក៏ទិញមកថ្លៃស្រាប់។ បើលក់ដំឡើងថ្លៃធម្មតា ក្រសួងមិនថាអីទេ។ តែអ្នកលក់ខ្លះ ដំឡើងថ្លៃហួសហេតុ។ អ៊ឹចឹងហើយ បើលក់ថ្លៃពេក ធ្វើ​ឲ្យ​ជ្រួលច្របល់ ក្រសួងនឹងចាត់ការតាមច្បាប់ហើយ»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ លោកស៊ាង ថៃ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ លោកស៊ាង ថៃ

អ្នកនាំពាក្យរូបនេះបន្ថែមថា កន្លងមកមន្ត្រីរបស់ខ្លួន បានតាមដានអ្នកលក់ម៉ាស ទឹកលាងដៃ និងឧបករណ៍​ការពារ​កូវីដ១៩ ហើយសង្កេតឃើញថា​ អ្នកលក់មួយចំនួនចង់ចំណេញលើសលប់។

«យើងមានអ្នកតាមដានអ្នកលក់ម៉ាស ទឹកលាងដៃ និងឧបករណ៍ការពារកូវីដ១៩។ អ្នកលក់ខ្លះ ដំឡើងថ្លៃហួស​ហេតុ​មែនទែន។ ឧទាហរណ៍៖ បើទិញមក១០ដុល្លារ លក់វិញ ១២ ឬ១៣ដុល្លារ វាមិនជាអីទេ។ តែបើលក់ ដល់២០ ឬ៣០​ដុល្លារ វាធ្វើឲ្យជ្រួលច្របល់ ហើយប៉ះពាល់ដល់សង្គមទៀត។»

លោកស៊ាង​ ថៃបានទទូចឲ្យអាជីវករលក់ដូរសម្ភារៈពាក់ព័ន្ធកូវីដ១៩ទាំងអស់យោគយល់ និងកុំចង់ចំណេញ​ហួស​ហេតុពេកអី ព្រោះជាខ្មែរដូចគ្នាទេ។ លោកសង្កត់ធ្ងន់ដែរថា៖ «មន្ត្រីយើងមានកិច្ចសហការជាមួយប៉ូលីសសេដ្ឋកិច្ច ដើម្បីពិនិត្យបើឃើញលក់ខុសប្រក្រតី នឹងចាត់វិធានការធ្ងន់ ឬស្រាលតាមច្បាប់»។

សូមបញ្ជាក់ថា ការឆ្លើយតបរបស់មន្ត្រីក្រសួងពាណិជ្ជកម្មយ៉ាងដូច្នេះ ធ្វើឡើយក្រោយស្ថាប័ននេះ បានចេញ​លិខិតអំពាវនាវ៣លើកមកហើយ ក្នុងន័យហាមឃាត់ការលក់ដំឡើងថ្លៃសម្ភារៈសម្រាប់ការពារ និងទប់ស្កាត់​ជំងឺកូវីដ-១៩ តាមប្រព័ន្ធ Online ខណៈបច្ចុប្បន្នកម្ពុជាក៏កំពុងមានប្រជាជនរងគ្រោះដោយសារវីរុសខាងលើចំនួន ១០៩ករណីហើយដែរ គិតត្រឹមថ្ងៃ ៣១ មីនា៕

លិខិតពីក្រសួងពាណិជ្ជកម្ម
លិខិតពីក្រសួងពាណិជ្ជកម្ម
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T