ខេត្ត​ស្វាយ​រៀង​៖ កម្មការិនី​៣​នាក់​ដែល​រង​​គ្រោះ​ដោយ​សារ​ការ​បាញ់​ប្រហារ បាន​សម្រេច​​ចិត្ត​រក​មេធាវី​អង្គ​ការ​លីកាដូ​ឱ្យការពារ​ក្តី​ក្នុងរឿង​បាញ់​ប្រហារ​កាលពី​ថ្ងៃទី​២០​ កុម្ភៈ​ នៅរោង​ចក្រ​ស្បែក​ជើង​កៅ​វ៉េ​ ក្រុង​បាវិត​ ។

តាម​ប្រភពព័ត៌​មាន​ទាក់​ទិន​នឹង​ករណី​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា នៅ​ការិយាល័យ​អង្គ​ការ​លីកា​ដូ​ប្រចាំខេត្ត​ស្វាយ​រៀង​ កម្មការិនី​រងគ្រោះ​៣​នាក់​បាន​ម​ក​សុំ​ពឹង​មេធាវី​របស​់អ​ង្គ​ការ​លីកាដូ​ ដើម្បី​ការពារ​ក្តី​ក្នុង​រឿង​ជន​ល្មើស​បាញ់ប្រហារ​មក​លើ​ពួក​នាង​បណ្តាល​ឱ្យ​រង​របួស​ ។ កម្ម​ការិនី​ទាំង​៣​នាក់​​មាន​១-ឈ្មោះ ប៊ុន​ ចិន្តា​ អាយុ​២១​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ផ្តៅ​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បាវិត​ ជាកម្មការិនី​រោង​ចក្រ​ស្បែក​ជើង​កៅ​វ៉េ​ រងរបួស​ដោយ​ការបាញ់​ពី​ក្រោយ​ធ្លាយ​ដល់​ដើម​ទ្រូង​ បាន​ប្តឹង​សុំ​ឱ្យ​សាលា​​ដំបូង​ខេត្ត​ជួ​យ​រក​យុត្តិធម៌​វែក​មុខ​ឃាតករ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ និង​សុំ​សំណង​រដ្ឋ​ប្ប​វេណី​ជាប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​​ ២-ឈ្មោះ កែវ​ នា​ អាយុ​១៨​ឆ្នាំ​ នៅ ភូមិព្រៃផ្តៅ​ ជាកម្មការិនី​រោង​ចក្រ​កៅ​វ៉េ​ រង​របួស​ដៃ​ស្តាំ​ បាន​ប្តឹង​ទាម​ទា​រសំណង​រដ្ឋ​ប្ប​វេណី​ជាទឹក​ប្រាក់​៤៥​.០០០​ដុល្លារ​ និង​ផ្តន្ទាទោស​ជន​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​ និង​៣-​ឈ្មោះ នុត​ សុខន​ អាយុ​២៣​ឆ្នាំ​ មាន​ទី​លំនៅភូមិ​ស្វាយ​គុយ​ ឃុំ​មេស​ថ្ងក​ ស្រុ​កចន្ទ្រា​ ត្រូវរបួស​ពី​ខ្នង​ធ្លាយ​មក​ដៃ​ស្តាំ​បៀម​គ្រាប់​ សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌​តាម​ចាប់​ជន​ល្មើស​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ និងទាម​ទា​សំណង​រដ្ឋ​ប្ប​វេណី​ជាប្រាក់​ចំនួន​៤៥​.០០០​ដុល្លារ​ ។

ទាក់​ទិន​នឹង​ករណី​ខាងលើ​ កម្មការិនី​​ ប៊ុន ចិន្តា​ បាន​ប្រាប់​កោះសន្តិ​ភាព​ថា លោក​​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កោះ​ហៅ​នាងឱ្យ​ទៅ​បំភ្លឺ​នៅសាលា​ដំបូងនៅ​​​ថ្ងៃទី​២៨ មីនា​ វេលា​ម៉ោង​​២​រសៀល​ តែ​ដោយ​លោក​ព្រះ​រាជអាជ្ញា​ជាប់​រវល់​ក៏​លើក​ទៅ​ថ្ងៃ​ទី​២៩​​ មីនា​ វេលាម៉ោង​៨​ព្រឹក​វិញ​ ហើ​យ​ពួក​នាង​ទាំង​៣​នាក់​បានពឹង​មេធាវី​អង្គការ​លីកាដូ​ឱ្យ​ជួយ​ការពារក្តីរួច​ហើយ​​ និង​ចូល​ខ្លួន​ទាំង​បីនាក់ទៅ​បំភ្លឺនៅ​សាលា​ដំបូង​ខេត្ត​​នៅ​ថ្ងៃទី​២៩​ មីនា​ ។

​​លោក​ស្រី​ ចរិយា​ មេធាវី​ការពារក្តី​ឱ្យ​កម្មកា​រិនី​រង​គ្រោះ​​មាន​ប្រសាសន៍​ថា លោក​ស្រី​ពុំ​អាច​ទាន់់​បំភ្លឺអ្វី​បាន​ទេ​​ តែ​​បង្ហើបថា លោក​ស្រី​ទទួល​ការពារ​ក្តី​ឱ្យ​នារី​រង​គ្រោះ​ទាំង​៣​នាក់​ហើយ​ ។ ចំពោះ​លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ដែល​ជាជន​សង្ស័យ​ថាជា​អ្នក​បាញ់​នោះ​ ពុំ​អាច​ទាក់​ទង​រក​ការ​បំភ្លឺបានទេ​ ​ដោយ​សារ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ហើយ​ តែ​គ្មាន​អ្នក​លើក​នៅ​ល្ងាច​ថ្ងៃទី​២៥​ មីនា​ ហើយ​ក៏ពុំ​​ដឹងថា លោក​កំពុង​ស្នាក់​នៅ​ទីណា​ដែរ​ ។  ​​ចំណែក​មន្ត្រី​សាលាខេត្ត​ស្វាយ​រៀង​ឱ្យ​ដឹងថា ពុំ​ទាន់​ឃើញ​លោក​ ឈូក​ បណ្ឌិត​ ចូល​ខ្លួន​មក​ធ្វើ​ការ​ទេ​ ។

កម្មការិនី​ទាំង​៣​នាក់​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ពេល​នេះ​​នាង​បាន​ធូ​រ​ស្រាលពី​​មុខ​របួស​ហើយ​ ក៏​ប៉ុន្តែ​ពុំ​ទាន់​អាច​ទៅ​ធ្វើការ​បាន​ទេ​ រី​ឯ​ក្រុម​ហ៊ុន​រោង​ចក្រ​ស្បែក​ជើង​កៅ​វ៉េ​​បាន​ចេញ​ថ្លៃ​ព្យាបាល​ឱ្យ​ទាំង​អស់​ និង​បាន​ប្រាប់​ថា​ បើ​ជាសះ​ស្បើយ​ហើយ​ចង់​ចូល​ធ្វើ​ការវិញ​ថ្ងៃ​ណា​គឺ​ក្រុម​ហ៊ុន​ទទួល​ឱ្យ​ធ្វើ​ការ​វិញ​ធម្មតា​ ។ បច្ចុប្បន្ន​​ កម្ម​ការិនី​រងគ្រោះ​ទាំង​៣​នាក់​នៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ ព្រោះ​មិន​ទាន​់​អាច​ទៅ​ធ្វើ​​ការបាន​ ។

ការបាញ់​បណ្តាល​ឱ្យ​កម្មការិនី​៣​នាក់​រង​របួស​ពី​សំណាក់​ជន​សង្ស័យ​ ដែល​ជា​អតីត​អភិ បា​លក្រុង​បាវិត​ លោក​ឈូក​ បណ្ឌិត​ គឺ​ជា​ការ​ប្រើ​​​អាវុធ​​ដ៏​ធ្ងន់​​ធ្ងរ​មួយ​ បន្ទាប់​ពី​ក្រុម​សន្តិសុខ​ក្រុម​ហ៊ុន​ TTY បាន​បាញ់​ប្រជាពល​រដ្ឋ​ដែ​ល​តវ៉ា​ការ​ឈូស​ឆាយ​ដី​បណ្តាល​ឱ្យ​រង​របួស​៤​នាក់​ ។ ករណី​ដែល​កើត​មាន​​នៅ​ខេត្ត​ក្រចេះ​នោះ​ហាក់​បាន​ធ្វើ​ឱ្យ​មាន​ការ​ស្ងប់​ចិត្ត​ដល​់​ប្រជាពល​រដ្ឋ​ និង​អ្នក  ​រង​គ្រោះ​ក្រោ​យ​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រកាស​​​ជាសាធារណៈ​ឱ្យ​ចាប់​ខ្លួន​ជន​ដែល​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​ ឱ្យ​រង​របួស​ មកទទួល​ទោស​ទៅតាម​ច្បាប់​។ បើ​ប្រៀប​ធៀប​រវាង​អ្នកបាញ់​ជាសន្តិ​សុខ​ក្រុម​ហ៊ុន​ TTY និង​ជន​សង្ស័យ​ដែល​ជាអតីត​អភិបាល​ក្រុង​បាវិត​ ឃើញ​ថា ពិត​ជាមាន​សភាព​ធ្ងន់​ធ្ងរ​ណាស់​ សម្រាប់​ករណី​ចុង​ក្រោយ​នេះ​ ដែល​មន្ត្រីដឹក​នាំ​ក្រុង​មួយ​រូប​ក្នុង​នាម​អាជ្ញាធរ​ដែន​ដី​ បែរ​ជាក្លាយ​ខ្លួន​ជា​ជន​សង្ស័យ​ប្រើ​អាវុធ​បាញ់​ទៅ​លើ​កម្ម​ករ​ដែល​ត​វ៉ា​ទៅ​វិញ ។ រឿង​ក្តី​នេះ​មិន​ដឹង​ថា​ មាន​ការ​អូស​បន្លាយ​យូរ​ដល់​ពេល​ណ​ា​នោះ​ទេ​ ខណៈ​ជន​សង្ស័យ​គឺលោក​ ឈូក​ បណ្ឌិត​ រង​នឹង​បណ្តឹង​​ពី​ក្រសួង​មហាផ្ទៃ​ផង​ និង​ពីជន​រង​គ្រោះ​ផង​នោះ​ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]