ខេត្តបន្ទាយមានជ័យ ៖ សពមនុស្សប្រុស-ស្រី២នាក់ ត្រូវបានគេប្រទះឃើញនៅសល់តែលលាដ៍ក្បាល ឆ្អឹងដៃ និងជើង មួយចំនួនគរលើគ្នា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ មីនា ត្រង់ចំណុចព្រៃរនាមធំចម្ងាយប្រហែល៤គីឡូម៉ែត្រ ប៉ែកខាងលិចភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់ឈ្មោះអ៊ិន អ៊ិត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក បានបើកគោយន្តទៅទិញដំឡូងមី ហើយបានឈប់មួយភ្លេតទៅរកបត់ជើងធំនៅខាងកើតចម្ការដំឡូងមី ចម្ងាយប្រហែល១៥ម៉ែត្រ ។ ពេលដើរចូលទៅនោះ ក៏បានប្រទះឃើញគ្រោងឆ្អឹងមនុស្ស ក៏បានរាយការណ៍ឱ្យសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ។
ប្រភពដដែលបានបន្តថា តាមការត្រួតពិនិត្យលើសពនោះបានបង្ហាញថា ជនរងគ្រោះត្រូវឃាតករចាប់ចងនឹងក្រមារបស់ខ្លួនភ្ជាប់នឹងដើមឈើ រួចចាក់ប្រេងសាំង ឬប្រេងម៉ាស៊ូតដុតសម្លាប់ចោល ។ អ្វីដែលនៅសេសសល់នោះ គឺលលាដ៍ក្បាល ឆ្អឹងដៃ និងជើង ឯឆ្អឹងមួយចំនួនទៀតត្រូវសត្វពាំស៊ីអស់ ។ តាមការសន្និដ្ឋានសពជនរងគ្រោះទាំង២នាក់នេះ ត្រូវគេសម្លាប់អស់រយៈពេលប្រមាណ១ខែមកហើយ ។
ទាក់ទិននឹងការឃើញសពនេះ ប្រជាពលរដ្ឋម្នាក់ឈ្មោះសឿន វ៉ាន់ ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិអន្លង់ស្វាយ ឃុំសឹង្ហ ស្រុកអូរជ្រៅ ដែលអះអាងថាជាឪពុក និងស្ត្រីឈ្មោះសឿន ស្រីមុំ ជាអ្នកនៅភូមិជាមួយគ្នា បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ គឺឈ្មោះមាន ម៉ិល អាយុ៣៦ឆ្នាំ ជាប្តី និងឈ្មោះវិន វ៉ឺយ អាយុ៤៩ឆ្នាំ ជាប្រពន្ធ មានទីលំនៅភូមិអន្លង់ស្វាយ ឃុំសឹង្ហ ស្រុកអូរជ្រៅ ។ ទាំង២នាក់ប្តីប្រពន្ធនេះ មានជំងឺសរសៃប្រសាទចេះតែភ័យខ្លាច ក៏បានផ្អើលរត់ចេញពីភូមិមកបាត់តាំងពីថ្ងៃទី២២ មករា ឆ្នាំ២០១២ មកហើយ ។ ពួកគាត់ក៏បានដើររកដែរ តែរកមិនឃើញដោយបាត់ស្រមោលពួកគេសូន្យឈឹង ។ លុះពេលឮដំណឹងថា មានគេប្រទះឃើញគ្រោងឆ្អឹងសពមនុស្សប្រុស-ស្រី២នាក់ ក៏មកមើល ទើបដឹងថាពិតជាសាច់ញាតិ និងជាកូនរបស់គាត់ ។
សមត្ថកិច្ចបានអះអាងថា ទាក់ទិនអំពើមនុស្សឃាតនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខឃាតករ ដែលសម្លាប់ប្តីប្រពន្ធទាំង២នាក់នេះ ដើម្បីយកទៅផ្តន្ទាទោសឱ្យសមនឹងទង្វើដែលគេបានប្រព្រឹត្ត ។
បើតាមការរៀបរាប់របស់បុរសជាឪពុក និងសាច់ញាតិក្នុងភូមិ គឺជនរងគ្រោះ២នាក់ប្តីប្រពន្ធមានជំងឺសរសៃប្រសាទចេះតែមានការ ភ័យខ្លាច ។ ទាក់ទិននឹងការសម្លាប់នេះហាក់ដូចជាឃោរឃៅណាស់ដែលតាមការត្រួត ពិនិត្យរបស់សមត្ថកិច្ចបង្ហាញថា ក្រុមជនជាឃាតករបានចាប់ចងនឹងដើមឈើ រួចហើយចាក់ប្រេងដុតប្រៀបដូចជាមានគំនុំលោហិតជ្រាលជ្រៅណាស់ តើមូលហេតុអ្វី? ពេលនេះមន្ត្រីប៉ូលិសកំពុងស្រាវជ្រាវហើយ ដើម្បីរកមូលហេតុនៃការសម្លាប់មនុស្សដ៏ព្រៃផ្សៃនេះ ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]