កម្មករសំណង់នៅឥណ្ឌា៖ «យើងប្រហែលជាស្លាប់ដោយសារ​អត់បាយ​ មុនស្លាប់ដោយ​សារ​ឆ្លង​​កូវីដ​​១៩»

//s5.kh1.co/48/48295a3b954287ff7fc55e006d89c977c251c39e.jpg
សង្គម

 ២៥-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

«ខ្ញុំដឹងថាកូវីដ១៩នោះ វាគួរឲ្យខ្លាចណាស់ ប៉ុន្តែ​ខ្ញុំ​មិនអាចទ្រាំមើលកូនខ្លួនឯងនៅផ្ទះដោយក្តីស្រេកឃ្លាននោះទេ»

រដ្ឋាភិបាលឥណ្ឌាបានសម្រេចបិទទ្វារប្រទេសទាំងស្រុងចំនួន២១ថ្ងៃតាំងពីកណ្តាលយប់ថ្ងៃអង្គារ (២៤ មីនា) ក្នុងន័យ​ទប់ស្កាត់ការរាតត្បាតកូវីដ១៩។ បន្តមក រំលងមួយថ្ងៃសោះប្រទេសនេះបានធ្វើតេស្តរកឃើញអ្នកឆ្លងសរុប ៥០០ ករណី​ និងយ៉ាងហោចណាស់១០ករណីបាត់បង់ជីវិតគិតត្រឹមព្រឹកថ្ងៃ ២៥ មីនា ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះពលរដ្ឋឥណ្ឌាមួយចំនួនបានសាទរចំពោះវិធានការរបស់រដ្ឋក៏ពិតមែន តែមានពលរដ្ឋផ្សេងទៀតដែល​មាន​ជីវភាពមិនអំណោយផល​បានអះអាងថាខ្លួនពិតជាខ្លាចស្លាប់ដោយសារអត់បាយមុនស្លាប់​ដោយសារ​ឆ្លង​កូវីដ​១៩​ទៅទៀត។

សារព័ត៌មានអន្តរជាតិ BBC បានចុះស្រង់សំដីបុរសដែលមានរាងកាយទ្រុឌទ្រោមម្នាក់ឈ្មោះថា Ramesh Kumar ជាកម្មករសំណង់ មកពីស្រុក Banda ក្នុងក្រុង Uttar Pradesh ប្រទេសឥណ្ឌា។

បុរសចំណាស់រូបនេះ បានរៀបរាប់ប្រាប់ថា ពេលនេះគាត់ពិតជាខ្លាចដាច់ពោះស្លាប់ព្រោះគ្មានអាហារហូបជាង​ខ្លាចឆ្លងវីរុសកូរ៉ូណាទៅទៀត។

គាត់បន្តថា៖ «គ្រប់គ្នាត្រូវអាជ្ញាធរតម្រូវឲ្យនៅក្នុងផ្ទះ មិនឲ្យចេញក្រៅដើម្បីកុំឲ្យឆ្លងជំងឺ ប៉ុន្តែខ្ញុំរកលុយបានមួយថ្ងៃ សម្រាប់តែមួយថ្ងៃទេ ពោលគឺបានតែ ៦០០ rupees ស្មើនឹង ៨ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។ ខ្ញុំមានសមាជិក​គ្រួសារ​ដល់ទៅ៥នាក់។ ពេលនេះយើងជិតអស់ម្ហូបអាហារសាគួរហើយ។ ខ្ញុំដឹងថាកូវីដ១៩នោះ វាគួរឲ្យខ្លាចណាស់ ប៉ុន្តែ​ខ្ញុំ​មិនអាចទ្រាំមើលកូនខ្លួនឯងនៅផ្ទះដោយក្តីស្រេកឃ្លាននោះទេ។»

លោក Ramesh Kumar បាននិយាយបន្តទាំងក្រៀមក្រំថា​៖ «ពួកយើងដឹងថាគ្មានអ្នកណានឹងមកជួលយើង​ឲ្យ​ធ្វើការទេ ព្រោះប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ តែពួកយើងគ្មានជម្រើសទេ ទើបចេញមកក្រៅផ្ទះ​ ព្រោះ​សង្ឃឹមថាបានចំណូល បើទោះអាជ្ញាធរហាមក៏ដោយ។ តើឲ្យយើងជ្រើសមួយណារវាងសុវត្ថិភាព និងដុំបាយ?»

ជាការកត់សម្គាល់ BBC បានបញ្ជាក់ក្នុងទិន្នន័យរបស់ខ្លួនថា មានពលរដ្ឋឥណ្ឌារាប់លាននាក់ទៀត កំពុងជួបប្រទះ​នូវស្ថានភាពអត់ឃ្លាន។

បើទោះជាបែបនេះក្តី តាមព័ត៌មានផ្លូវការបានអះអាងថា រដ្ឋាភិបាលឥណ្ឌាបានសន្យានឹងពលរដ្ឋថាខ្លួននឹងចេញមុខ​ជួយសម្រួលជីវភាពដល់ពលរដ្ឋទីទ័លក្រដែលរកចំណូលមួយថ្ងៃដើម្បីមួយថ្ងៃ។ ប៉ុន្តែព័ត៌មានខាងលើក៏បន្ថែមថា វាមានភាពស្មុគស្មាញច្រើនដែរ។

ក្រៅពីនោះអង្គការការងារអន្តរជាតិថា យ៉ាងហោចណាស់មាន៩០ភាគរយនៃពលរដ្ឋឥណ្ឌា ដែលធ្វើការដូចជា ការងារ​ជាអ្នកប្រមូលសំរាម ជាសន្តិសុខ អ្នកអនាម័យ អ្នកលក់ដូរតាមចិញ្ចើមផ្លូវជាដើម។

គួររំឭកថា បន្ទាប់ពីមានករណីឆ្លងចំនួន៤៦៩នាក់ និងស្លាប់១០នាក់ដោយសារកូវីដ១៩ រដ្ឋាភិបាលឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអង្គារ ទី២៤មីនានេះ បានប្រកាសឲ្យបិទប្រទេស​រយៈពេល​២១ថ្ងៃជា​បណ្តោះ​អាសន្ន​ដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ ដោយរាប់ចាប់ពីពាក់កណ្តាលយប់ថ្ងៃ២៤មីនាតទៅ៕

ពលរដ្ឋឥណ្ឌា
ពលរដ្ឋឥណ្ឌា
ពលរដ្ឋឥណ្ឌា
ពលរដ្ឋឥណ្ឌា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T