អ៊ីតាលី៖ ហ្វេសប៊ុកបានមើលឃើញថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន មានការកើនឡើងខ្លាំង នៅក្នុងចំណោមប្រទេសដែលបិទការចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ប្រទេសអ៊ីតាលីដែលមានវិធានការតឹងតែងបំផុត មានការកើនឡើងខ្ពស់ នៃការប្រើប្រាស់វីដេអូខលជាក្រុម ដោយចំនួននេះហក់ឡើងទៅដល់ ១,០០០ ភាគរយឯណោះ។

ហ្វេសប៊ុកគឺជាម្ចាស់គ្រប់គ្រងកម្មវិធីមួយចំនួន ដូចជា Instagram និង WhatsApp ដែលជាកម្មវិធីផ្ញើសារដែលមានប្រជាប្រិយភាពមួយ។ បណ្ដាញសង្គមយក្សមួយនេះបាននិយាយថា ប្រព័ន្ធចរាចរណ៍នៃការផ្ញើសារ នៅវេទិកាកម្មវិធីរបស់ខ្លួនទាំងអស់ មានការកើនឡើង ៥០ ភាគរយជាមធ្យម នៅទូទាំងប្រទេសដែលរងគ្រោះថ្នាក់ខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយសារតែមិនអាចជួបមុខគ្នាដោយផ្ទាល់ ទើបវីដេអូខលមានការកើនឡើងខ្ពស់

ហ្វេសប៊ុកបានសរសេរកាលពីថ្ងៃអង្គារថា៖ «យើងមិនបានរកកម្រៃនៅលើសេវាកម្មទាំងអស់នេះទេ ខណៈដែលយើងឃើញថា ការប្រើប្រាស់មានការកើនឡើង»។ គួររម្លឹកផងដែរថា នៅប្រទេសអ៊ីតាលីតែឯងមានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ លើសពី ៦,០០០ នាក់។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់វីដេអូខលជាក្រុម ប្រទេសនេះបានចំណាយពេលប្រើកម្មវិធីហ្វេសប៊ុករហូតដល់ទៅ ៧០ ភាគរយ។

ហ្វេសប៊ុកបានគូសបញ្ជាក់ អំពីជំហានដែលខ្លួនកំពុងធ្វើ ដើម្បីបង្កើនសមត្ថភាព កំឡុងពេលចរាចរណ៍នៃការប្រើប្រាស់កាន់តែខ្ពស់ នៅពេលមនុស្សម្នាជាប់នៅក្នុងផ្ទះ និងធ្វើការពីផ្ទះ។ ហ្វេសប៊ុកក៏បានទម្លាក់កម្រិតគុណភាពវីដេអូ នៅតំបន់អឺរ៉ុប ដើម្បីជួយកាត់បន្ថយតម្រូវការអ្នកផ្ដល់សេវាកម្មអ៊ីនធឺណេត។ ការផ្លាស់ប្ដូរនេះមានន័យថា វីដេអូនីមួយៗនឹងប្រើប្រាស់ទិន្នន័យតិចជាងមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]