ការប្រមូលផ្ដុំគ្នាលើសពីពីរនាក់ នឹងត្រូវហាមឃាត់ក្នុងប្រទេសអាល្លឺម៉ង់ ស្របពេលដែលកូវីដ-១៩កំពុងវាយលុក

//s5.kh1.co/94/94c4e873c9f68519589dca76c6f257328b0bfe42.jpg
សង្គម

 ២៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោកស្រី Merkel បាននិយាយថាវិធានការទាំងនេះនឹងត្រូវធ្វើឡើង យ៉ាងហោចណាស់ពីរសប្តាហ៍។

អាល្លឺម៉ង់៖ អធិបការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់បានអនុវត្ត «ការហាមឃាត់ទំនាក់ទំនង» ជាជាងហាមឃាត់ការចេញចូលទូទាំងប្រទេស ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Merkel បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ប្រទេសនេះនឹងចាត់វិធានការតឹងរឹងជាងមុន និងកាត់បន្ថយទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត តាមដែលអាចធ្វើទៅបាន។​ លោកស្រីបានបញ្ជាក់ថា៖ «ដើម្បីសម្រេចគោលដៅនេះ ប្រទេសអាល្លឺម៉ង់នឹងហាមឃាត់ការប្រមូលផ្ដុំគ្នា ច្រើនជាងពីរនាក់»។

អធិបការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
អធិបការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

លោកស្រី Merkel បាននិយាយបន្ថែម អំពីការហាមឃាត់ នៅក្នុងសន្ទនាតាមទូរសព្ទរវាងលោកស្រីនិងមន្ដ្រីអាល្លឺម៉ង់ទាំង ១៦ កាលពីថ្ងៃអាទិត្យ ដោយនិយាយថា ការហាមឃាត់ទំនាក់ទំនងនឹងត្រូវបានអនុវត្ដ មានន័យថាមិនមានការជួបជុំណា មានមនុស្សលើសពីពីរនាក់ លើកលែងតែក្រុមគ្រួសារ និងមនុស្សដែលរស់នៅជាមួយគ្នា។

លោកស្រីបានបន្ថែមថា៖ «ចម្ងាយអប្បបរមាពី ១.៥ ទៅ ២ ម៉ែត្រ គួរតែត្រូវបានប្រកាន់ខ្ជាប់ ហើយការជួបជុំជាក្រុមឥឡូវនេះមិនអាចទទួលយកបានទេ ហើយនឹងត្រូវទទួលទណ្ឌកម្ម បើមិនគោរពតាម»។ លើសពីនេះទៀត លោកស្រី Merkel បាននិយាយថា ភោជនីយដ្ឋាន ក៏ដូចជាហាងអ៊ុតសក់ និងហាងសាក់ ក៏នឹងត្រូវបិទទ្វារផងដែរ។ លោកស្រីបានបន្តថា វិធានការទាំងនេះនឹងត្រូវធ្វើឡើង យ៉ាងហោចណាស់ពីរសប្តាហ៍៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T