រដ្ឋលេខាធិការ ឱ វណ្ណឌីន៖ បើជួបបុគ្គលណាក្អក ឬកណ្តាស់ ត្រូវ​នៅ​​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​​​ណាស់​​ មួយ​ម៉ែត្រកន្លះ

//s5.kh1.co/82/822d6939dcfe512c7e029bd1cd8a495122f905c4.jpg
សង្គម

 ២០-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

«បើជួបបុគ្គលណាដែលសង្ស័យថាមានបញ្ហាសុខភាព ដូចជាក្អក ឬកណ្តាស់ ត្រូវនៅឲ្យឆ្ងាយពីបុគ្គលនោះយ៉ាង​ហោច​ណាស់​មួយម៉ែត្រកន្លះ។»

«បើជួបបុគ្គលណាដែលសង្ស័យថាមានបញ្ហាសុខភាព ដូចជាក្អក ឬកណ្តាស់ ត្រូវនៅឲ្យឆ្ងាយពីបុគ្គលនោះយ៉ាង​ហោច​ណាស់​មួយម៉ែត្រកន្លះ។» នេះជាការលើកឡើងពីសំណាក់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ Khmerload នារសៀលថ្ងៃទី២០ មីនា នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបញ្ជាក់របស់រដ្ឋលេខាធិការយ៉ាងដូច្នេះ ធ្វើឡើងក្រោយក្រសួងសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ សរុបកម្ពុជាមាន​អ្នកឆ្លង៤៧នាក់ហើយ។

លោកស្រីបន្តថា៖ «បែបនេះក្តីស្ថានភាពដូចជាក្អក ឬកណ្តាស់ ដូចបានរៀបរាប់មិនមែនសុទ្ធតែកូវីដ១៩ ទេ កន្លងមកបុគ្គលខ្លះ​មានជំងឺផ្តាសាយធម្មតា ឈឺបំពុងក និងមានអាការៈរោគសញ្ញាប្រហាក់ប្រហែលគ្នាដែលទាមទារ​ឲ្យមានការធ្វើតេស្តដើម្បីច្បាស់លាស់។»

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលរូបនេះបានបង្ហើប ដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ។

លោកស្រី ឱ វណ្ណឌីនថា៖ «យកល្អបើមានករណីសង្ស័យលើបុគ្គលជុំវិញខ្លួនថាគេមានបញ្ហាសុខភាពដូចជាក្អក ឬកណ្តាស់ពេលនៅជិតយើង យើងម្នាក់ៗគួរតែពាក់ម៉ាសការពារ ប្រើកន្សែង ឬប្រើក្រមាដើម្បីកុំឲ្យឆ្លងពីគេ។​ ហើយខ្លួនយើងក៏ដូចគ្នា បើក្អក ឬកណ្តាស់ត្រូវប្រើម៉ាស់ បើអត់ម៉ាស់ អាចប្រើកន្សែង ឬក្រមា។ ហើយកន្សែង និងក្រមានោះ ក៏ត្រូវសម្អាតឲ្យបានញឹកញាប់ដើម្បីថែរក្សាអនាម័យដោយបោកនឹងសាប៊ូ រួចហាលថ្ងៃ។ ចំណែកម្ហូប​ក៏ត្រូវចម្អិនឲ្យឆ្អិន និងប្រកបដោយអនាម័យដែរ។ ហើយបើមានការ​សង្ស័យអាច​ទាក់ទងទៅ​មន្ត្រីសុខាភិបាលគ្រប់ ២៥​ រាជធានី-ខេត្ត។»

បន្ថែមពីនេះលោកស្រីបានប្រាប់ Khmerload បន្ថែមថា បច្ចុប្បន្នចំពោះអ្នកឆ្លងជំងឺទាំងអស់ដែលនៅក្នុងស្រុកមាន​សុខភាពទូទៅធម្មតា និងមិនទាន់មានការវិវឌ្ឍណាមួយគួរឲ្យកត់សម្គាល់នោះទេ។

«ជាទូទៅសុខភាពអ្នកជំងឺទាំងអស់ដែលកំពុងរស់នៅក្នុងស្រុកខ្មែរ មិនមានបញ្ហាអ្វីប្លែកឲ្យយើងមាន​ការព្រួយ​បារម្ភឡើយ ដោយពួកគាត់មានសុខភាពធម្មថាទេ»។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន​៤៧ករណីហើយ ដែលក្នុងនោះមាន​ ចិន១រូប (សះស្បើយ) អង់គ្លេស​៣នាក់ (ពីនាវា Viking Cruise) បារាំង២នាក់ (ក្មេងអាយុ៤ខែម្នាក់), កាណាដា​១នាក់ បែលហ្ស៊ិក១នាក់ ម៉ាឡេស៊ី​១១នាក់ ខ្មែរ២៨នាក់ ដោយក្នុងនោះ​២៣នាក់ ជាអ្នកដែលទើបវិល​ត្រឡប់​ពី​បុណ្យ​សាសនានៅម៉ាឡេស៊ី ខណៈស្ត្រី២នាក់ឆ្លងបន្តពីស្វាមី៕

លោកស្រីឱ វណ្ណឌីន<br>
លោកស្រីឱ វណ្ណឌីន
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T