កម្ពុជា​ស្នើ​វៀត​ណាម ឲ្យ​ប្រាប់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​​មក​កម្ពុជា​​​​​តាម​​​គ្រប់​ច្រក​​មួយ​រយៈសិន

//s5.kh1.co/eb/ebfe2e02a16591f839835693e260f98813c75d24.jpg
សង្គម

 ១៩-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កម្ពុជាបានបញ្ជាក់អំពីការបិទច្រកព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនវៀតណាមឆ្លងកាត់មក​កម្ពុជា​បណ្តោះ​អាសន្ន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃព្រឹកទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញ​លិខិត​មួយ(ចុះថ្ងៃ១៨ មីនា) ដោយផ្ញើជូនស្ថានទូតវៀតណាមប្រចាំកម្ពុជា។ ក្នុងលិខិតនោះបានបញ្ជាក់អំពីការបិទច្រកព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនវៀតណាមឆ្លងកាត់មក​កម្ពុជាតាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសឡើយ ពោលគឺចាប់ពីថ្ងៃ១៨ មីនាតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនោះក្នុងលិខិតដដែលក៏បានបន្ថែមថា ចំពោះពលរដ្ឋកម្ពុជាវិញក៏មិនត្រូវបានអនុញ្ញាត្តិឲ្យធ្វើដំណើរ​ទៅ​វៀតណាម​​គ្រប់ច្រកទាំងអស់ជាបណ្តោះអាសន្នដូចគ្នា។ ក្នុងករណីនេះក្រសួងការបរទេសបញ្ជាក់ថា ទាំងពលរដ្ឋ​កម្ពុជា​ និងពលរដ្ឋវៀតណាមនឹងត្រូវផ្អាកមួយរយៈនូវការចេញចូលទៅវិញទៅមកចាប់ពីថ្ងៃ២០​ មីនាតទៅ។

វិធានការនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរអះអាងថា ដើម្បីចៀសវាងការលំបាកកើតឡើងនៅច្រកព្រំដែនរួមរវាង​ប្រទេសទាំងពីរ ក្រោយករណីមានការកើនឡើងយ៉ាងគំហុកនូវការរកឃើញវីរុសកូវីដ១៩ ជាបន្តបន្ទាប់។

យ៉ាងណាក្រសួងបញ្ជាក់ថា វិធានការទាំងនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរ ដែលកាន់​លិខិតឆ្លងដែនការទូត និងផ្លូវការទេ។ ហើយកម្ពុជាក៏បានស្នើឲ្យវៀតណាមជួយសម្រួលការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋកម្ពុជាមកស្រុកវិញ បើពួកគេចង់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី​១៨ ខែមីនា​នេះ កម្ពុជាបានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19   ៤​ករណី​បន្ថែមទៀត ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា​កើនឡើង​ដល់​៣៧​ករណី​។ ករណី​ឆ្លង​ទាំង​៤​ករណីនេះ គឺជា​បុ​រ​សជន​ជាតិខ្មែរ​ដែល​ត្រលប់​ពី​ពិធីបុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី និង​២​ករណី ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​។ ករណី​ឆ្លង​ទាំង​២​ករណីនេះ គឺជា​បុរស​ខ្មែរ ដែល​មកពី​បុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី​។​

តាមពិតទៅ​២ករណីនៅខេត្តកំពត ដែល​មានអ្នកឆ្លងជាជនជាតិម៉ាឡេស៊ី គឺជាករណីដែល​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រកាសផ្ទាល់មាត់​នាសន្និសីទ​សារព័ត៌មាន​​នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​លោកស្រីថា ជាករណីនៅខេត្តកែប បន្ថែមលើករណីបុរសម៉ាឡេស៊ី​៣នាក់។ ប៉ុន្តែ​របាយការណ៍នៅពេលយប់បញ្ជាក់ ​ថា អ្នកជំងឺទាំងពីររូប​ដែលមានអាយុ​៦០ឆ្នាំ និង​៦៤​ឆ្នាំ ស្ថិតក្នុងក្រុងកំពត ដែលពេលនេះកំពុងដាក់នៅដាច់​ដោយ​ឡែក​នៅមន្ទីរពេទ្យខេត្តកំពត។

រីឯករណីថ្មីស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ ដែលជាបុរសខ្មែរ អាយុ៧១ឆ្នាំ ឃុំទ្រា ស្រុកក្រូចឆ្មារ និងអាយុ​៥២ឆ្នាំ នៅឃុំដារ ស្រុកមេមត់។ ពួកគាត់ត្រូវបាន​ដាក់ព្យាបាល​ដាច់ដោយឡែកនៅ​ពេទ្យខេត្តត្បូងឃ្មុំ។ បុរសទាំងពីរស្ថិតក្នុងចំណោម​មនុស្ស​៧៩នាក់ដែល​បាន​វិលត្រឡប់ពីពិធីបុណ្យសាសនានៅម៉ាឡេស៊ី។

ហើយគិតមក​ដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន​៣៧ករណីហើយ ដែលក្នុងនោះមាន​ស្រី២នាក់។ អ្នកដែលឆ្លងមាន ចិន១នាក់នៅខេត្តព្រះសីហនុដែលបានជាសះស្បើយ ក្រៅពីនេះមាន អង់គ្លេស៣នាក់ កាណាដា​១នាក់ បែលហ្ស៊ិក១នាក់ បារាំង២នាក់ (ក្នុងនោះមានទារកអាយុ៤ខែ) ម៉ាឡេស៊ី​៥នាក់ និងខ្មែរ​២៤នាក់ ដោយ​២១​នាក់​​ស្ថិតក្នុងចំណោម​អ្នកមកពីពិធីបុណ្យសាសនានៅ​ម៉ាឡេស៊ី។

សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

https://s5.kh1.co/__image/w=642,h=960,q=100/6d/6d163b47333f40a85272ab6d56721095504f782e.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T