ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់!

//s5.kh1.co/10/10a3f2ec91c15c774f6accae1b9abf9782d36ea4.jpg
នារី

 ១៦-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គេង​មិន​លក់ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​យ៉ាង រាប់​ទាំង​ការ​សម្លឹង​​មើល​អេក្រង់​ទូរសព្ទ​​ដល់​យប់​​ៗ​ជ្រៅ​ផង។

គេង​មិន​លក់ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​យ៉ាង រាប់​ទាំង​ការ​សម្លឹង​​មើល​អេក្រង់​ទូរសព្ទ​​ដល់​យប់​​ៗ​ជ្រៅ​ផង។ តែ​យ៉ាង​ណា​មិញ យើង​ក៏​អាច​​មាន​វិធី​ដោះ​ស្រាយ​​បាន​ដោយ​ខ្លួន​ឯង តាម​រយៈ​​ការ​ស្រាវជ្រាវ​​ជា​ច្រើន​បង្ហាញ​ថា​ ការ​ទទួល​ទាន​ភេសជ្ជៈ​ទាំង​នេះ អាចជួយ​ឱ្យ​ការ​គេង​របស់យើងបាន​ប្រសើរ​ ដោះ​ស្រាយ​បញ្ហា គេង​មិន​លក់ ពិសេស​ជួយ​ឱ្យ​គេង​បាន​លក់​ស្កប់​ស្កល់​ឡើង​វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​ៗ

ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​​ៗ ជា​ជម្រើស​ភេសជ្ជៈ​ល្អ​បំផុត ដែល​ជំរុញឱ្យ​អ្នក​ទទួល​បាន​ដំណេក​លង់​លក់​ ស្កប់​ស្កល់។ នៅ​ក្នុង​ទឹក​ដោះ​គោ ផ្ទុក​នូវ​សារធាតុ​អាមីណូ​អាស៊ីត Tryptophan ដែល​ជួយ​ជំរុញអ័រម៉ូន​សេរ៉ូតូនីន (អ័រម៉ូន​​រីក​រាយ​) នៅ​ក្នុង​ខួរ​ក្បាល ដែល​​ជួយ​ឱ្យ​រាង​កាយ​ទទួល​អារម្មណ៍​​​​បាន​ល្អ​ៗ​​ប្រសើរ ធ្វើ​ឱ្យ​អ្នក​បាន​គេង​លង់​លក់​។

២. ទឹក​តែ​ជី​អង្កាម

ទឹក​តែ​ជី​អង្កាម​​មិន​ត្រឹម​តែ​ជួយ​បំបាត់​អាការៈ​ឆ្អល់​ពោះ ឈឺ​ពោះ តែ​ប្រភេទ​តែ​​នេះ សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ដំណើរ​រលាក​ក្នុង​រាង​កាយ។ ដូច​នេះ ភេសជ្ជៈ​ពិសេស​មួយ​នេះ ជួយ​សម្រាល​​​សាច់​ដុំ​ពី​ភាព​ចុក​រួយ ឈឺ​ចាប់ នឹង​ជួយ​ឱ្យ​រាង​កាយ​បាន​សម្រាក។ ប្រសិន​​បើ យើង​ត្រូវ​មាន​ថ្ងៃ​ប្រលង​ស្អែក ឬ​ឡើង​ធ្វើ​បទ​បង្ហាញ ត្រូវ​ការ​សម្រាក តែ​ជួប​បញ្ហា​រសាប់​រសល់​គេង​មិន​លក់ ភេសជ្ជៈ​នេះ ជា​ជម្រើស​ល្អ​បំផុត។

៣. ទឹក​ផ្លែ​ឈេរី (Cherry)

ដូច​ទៅ​នឹង​​ទឹក​ដោះ​គោ​ដែរ ទឹក​ផ្លែ​ឈេរី ផ្ទុក​នូវ​សារធាតុ​អាមីណូ​អាស៊ីត Tryptophan ជួយជំរុញ​រាង​កាយ​យើង​ឱ្យ​ផលិត​អ័រម៉ូន មេឡាតូនីន ជួយ​​បង្កើន​គុណភាព​ដំណេក​របស់​យើង។ ឆ្លង​តាម​ការ​សិក្សា​ ទឹក​ផ្លែ​ឈើ​នេះ ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​មិន​​លក់ ដោយ​ប្រសិទ្ធភាព។

៤. ទឹក​ដូង

ពិត​ណាស់​ទឹក​ដូង មាន​ទាំង​ជាតិ​​ ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម ដែល​ជាតិ​រ៉ែ​ខនិជ​ទាំង​ពីរ​នេះ ជួយ​ឱ្យ​សាច់​ដុំ​សម្រាក (ធូរ​ស្បើយ) នាំ​ឱ្យ​ការ​ទទួល​ទាន​ដំណេក​របស់​យើង​បាន​ល្អ​ប្រសើរ។ មិន​តែប៉ុណ្ណោះ​ទឺក​ដូង ដែល​មាន​នូវ​ជាតិ​អេឡិចត្រូលីត​ធម្មជាតិ ជួយ​បន្ថយ​សម្ពាធ​ឈាម ព្រម​ទាំង​បំបាត់​អាការៈ​ហើម​ក្រលៀន​​ទៀត​ផង​។

៥. ភេស្ជជៈ​ចេក​ក្រឡុក ជា​មួយ​នឹង​ទឹក​អាល់មុន (Almond)

ក៏​ដូច​គ្នា​​នឹង​ភេសជ្ជៈ​​មុន​ៗ​ដែរ ចេក​ក៏​មាន​ផ្ទុក​នូវ​អាមីណូ​អាស៊ីត Tryptophan ថែម​ទាំង​មាន​រ៉ែ​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ជួយ​បន្ធូរ​បន្ថយ​អាការៈ​ឈឺ​ចាប់​សាច់​ដុំ។ បន្ថែម​​ពី​នេះ ផ្លែ​ឈើ​នេះ សម្បូរ​ជាតិ​កាក​សរសៃ (Fiber) និង​កាបូនអ៊ីដ្រាត ដែល​ជួយ​បំពេញ​​ក្រពះ​ មិន​ឱ្យ​ឃ្លាន នាំ​ឱ្យ​អាការៈ​រសាប់​រសល់​គេង​មិន​លក់ បាត់​ទៅ​ឆ្ងាយ និង​ជួយ​ឱ្យ​យើង​គេង​បាន​លក់​ស្កប់​ស្កល់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T