ដោយមានការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ពីស្ថានភាពចរាចរក្នុងរាជធានីភ្នំពេញ ក៏ដូចជារៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានល្អប្រសើរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ សាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានចុះរៀបចំ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានស្មុកស្មាញមួយចំនួនជាប់ជាប្រចាំ។ ជាក់ស្តែងដូចជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង០៩.០០នាទី លោក អន នាង នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ, លោក សុខ សុផា នាយរង ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ,លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បាន សហការ ដឹកនាំកម្លាំងគណៈកម្មការចំនួន១៧នាក់ ចុះរៀបចំសណ្តាប់ធ្នាប់នៃការចត យានយន្ត នៅជុំវិញផ្សារធំថ្មី។
លទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នៅពេលនោះគឺ គណៈកម្មការបានអប់រំណែនាំ ម្ចាស់យានយន្ត និងអាជីវករ ជុំវិញផ្សារធំថ្មី ដែលបានចតខុសគំនូសចរាចរ ត្រូវមានការភ្ញាក់រលឹក ចូលរួមជាកាតព្វកិច្ចជានិរន្តរន៍ ស្របពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន ដែលនឹងទទួលរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូល នានាសម្រាប់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ប៉ុន្តែករណីនៅតែរឹងទទឹង មិនព្រមអនុវត្តតាម គោលការណ៍ច្បាប់នោះ សាលារាជធានីភ្នំពេញនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់។

នៅពេលនោះគណៈកម្មការ បានធ្វើការអប់រំ ម្ចាស់រថយន្តចតខុសគំនូសបានចំនួន៣០គ្រឿង និងបានស្ទួចរថយន្ត​ចតល្មើសច្បាប់ចរាចរចំនួន០១គ្រឿង យកមកធ្វើការពិន័យ ទៅតាមច្បាប់ចរាចរផ្លូវគោក៕

ដកស្រង់ពី សាលាក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]