ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការ​តាមដាន​ការ​ផ្សាយ​​​ព័ត៌មាន​ក្លែងក្លាយ នៅតាមបណ្តាញសង្គម

//s5.kh1.co/69/691b0972717f7e6bd6bdc75cbd2b54063e62729f.jpg
សង្គម

 ១២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រសួងព័ត៌មានថ្មីៗនេះ បានសម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងព័ត៌មានថ្មីៗនេះ បានសម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនានានៅកម្ពុជា ក្នុងន័យរាំងខ្ទប់ព័ត៌មានក្លែងក្លាយ​ដែលធ្វើឱ្យខូច​សណ្តាប់ធ្នាប់ និងធ្វើអោយមានភាពចលាចលនៅក្នុងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតរបស់ក្រសួងព័ត៌មានចុះថ្ងៃទី១១ ខែមីនាបានបញ្ជាក់អំពីឈ្មោះមន្ត្រីពាក់ព័ន្ធឲ្យតាមដានការផ្សាយ​ព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គមដែលជេរប្រមាថអង្គព្រះមហាក្សត្រ ថ្នាក់​ដឹកនាំស្ថាប័នជាតិ និងរាល់ការផ្សព្វផ្សាយមិនពិត ព័ត៌មានក្លែងក្លាយញុះញង់បង្កឲ្យកើតមានការ​រើសអើងជាតិសាសន៍ ពណ៌សម្បុរ ជំនឿ សាសនា និង ឬស្ថាប័នដែលច្បាប់ហាមឃាត់ ដែលអាចបង្ក​ឲ្យកើតមានចលាចលក្នុងសង្គម អន្តរាយដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ​ និងសណ្តាប់ធ្នាប់សង្គម។

ក្រៅពីនេះ នៅក្នុងលិខិតដដែលក៏បានបង្ហើបឲ្យមន្ត្រីពាក់ព័ន្ធកំណត់អត្តសញ្ញាណគេហទំព័រ គណនី និងទំព័រ (Page) ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយដែលផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត​ និងព័ត៌មានដែលនាំឲ្យមាន​ការជ្រួល​ច្របល់ក្នុង​សង្គមតាមរយៈការរាយការណ៍​ និងផ្តល់យោបល់ជូនគណៈកម្មការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ក្រសួងព័ត៌មានបន្ថែមថា គណៈកម្មការខាងលើត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាព ឬក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដើម្បីរាំងខ្ទប់ (Block) គេហទំព័រ គណនី ឬទំព័រ (page) ទាំងឡាយ​ដែលផ្សព្វផ្សាយព័ត៌មាន មិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម និងចាត់វិធាការណ៍តាមផ្លូវច្បាប់ ព្រមទាំងឆ្លើយតបជូនសាធារណជនឱ្យបានទាន់ពេលវេលា តាមគ្រប់មធ្យោបាយផងដែរ។

សូមបញ្ជាក់ថា កន្លងទៅមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ជាពិសេសនៅ​អំឡុង​ពេលការផ្ទុះឡើងនូវវីរុស Covid-19ដោយបង្ហោះនូវរូបភាព វីដេអូ និងពាក្យពេចន៍ ដែលស្ថាប័នពាក់ព័ន្ធនានា រួមទាំងមន្ត្រីរដ្ឋាភិបាលផងនោះ បានចេញមុខប្រតិកម្មជាហូរហែរ ដោយអះអាងថាព័ត៌មានទាំងនោះជាព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិនពិត​ ព័ត៌មានឆ្លៀតឱកាស និងព័ត៌មានដែលនាំឲ្យមានការជ្រួលច្របល់ក្នុងសង្គម៕

លិខិតពីក្រសួងព័ត៌មាន
លិខិតពីក្រសួងព័ត៌មាន
លិខិតពីក្រសួងព័ត៌មាន
លិខិតពីក្រសួងព័ត៌មាន
លិខិតពីក្រសួងព័ត៌មាន
លិខិតពីក្រសួងព័ត៌មាន
លិខិតពីក្រសួងព័ត៌មាន
លិខិតពីក្រសួងព័ត៌មាន
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T