មិនជឿកុំប្រមាថ! បើសណ្ឋាគារណា មានបរិយាកាសបែបនេះ ប្រាកដណាស់ គឺមានខ្មោច ១០០ភាគរយ

//s5.kh1.co/49/4911768eabc02941bb5d2afa6b7dc82a71cffc54.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

នេះមិនមែនជានាទីនិទានរឿងខ្មោចទេ ប៉ុន្តែអត្ថមួយនេះ បានដកស្រង់ចេញពីបទពិសោធន៍ពិត ពីអ្នកដែលធ្លាប់ជួបខ្មោច នៅក្នុងសណ្ឋាគារ និងផ្ទះសំណាក់ ពេលពួកគេស្នាក់នៅ ខណៈពេលដើរលេងកម្សាន្តតាមខេត្ត។

ជាការពិតណាស់ រឿងខ្មោចជាប្រភេទអបិយជំនឿ លើសពីអ្វីដែលវិទ្យាសាស្រ្តអាចពន្យល់បាន ដូច្នេះមានមនុស្សជាច្រើន មិនជឿឡើយថា វាមានពិតនៅលើលោកនេះ។ ប៉ុន្តែអ្នកទាំងអស់គ្នា អាចទទួលដឹងពីវា តាមរយៈអារម្មណ៍ ក៏ដូចជាវិញ្ញាណទាំង៥ របស់អ្នកផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះអាចដឹងថា កន្លែងដែលពួកគេកំពុងស្នាក់នេះ មានវត្តមានខ្មោច ឬពពួកអមនុស្សទាំងឡាយ តាមរយៈការហិតក្លិន អ្នកខ្លះដឹងដោយការលឺសម្លេង អ្នកខ្លះក៏ឃើញផ្ទាល់ភ្នែក ច្បាស់ៗតែម្ដង។

ថ្ងៃនេះខ្មែរឡូតនឹងលើកយករឿងរ៉ាវពិតៗ ក៏ដូចជាបទពិសោធន៍ពិតៗ ពីការជួបខ្មោចនៅក្នុងសណ្ឋាគារ ដែលប្រិយមិត្តយើងបានធ្វើការចែករំលែក មកកាន់ខ្មែរឡូត កាលពីពេលថ្មីៗនេះ។

ចង់ដឹងថា តើបរិយាកាសសណ្ឋាគារ ឬផ្ទះសំណាក់ដែលមានខ្មោចសណ្ឋិតនៅ មានសភាពបែបណា?

នៅពេលដែលចូលទៅដល់ទីនោះ តើអ្នកមានអារម្មណ៍បែបណា? បានឃើញអ្វីខ្លះ? ហើយក៏… បានលឺសម្លេងអ្វីខ្លះ?

តោះមកទស្សនារូបភាព ជាមួយនិងការរៀបរាប់ខាងក្រោម ៖

សូមបញ្ជាក់ថា ទាំងនេះគឺជារឿងរ៉ាវពិត ដែលប្រិយមិត្តយើង ធ្លាប់បានជួបផ្ទាល់រួចទៅហើយ ទើបយកមកចែករំលែកជាមួយពួកយើង ដូច្នេះហើយ បើមិនជឿ សូមកុំប្រមាថឲ្យសោះ។

១. ទៅញ៉ាំការបងប្អូននៅតាមខេត្ត ហើយចូលគេងផ្ទះសំណាក់មួយ​ នៅឯជាយក្រុង

ជារឿងធម្មតាទេ បន្ទាប់ពីញ៉ាំការបងប្អូន ឬញាតិមិត្តនៅតាមខេត្តរួច មនុស្សមួយចំនួនបានសម្រេចចិត្ត រកផ្ទះសំណាក់គេងនៅពេលយប់ ដើម្បីសម្រាកឲ្យបានស្រួលខ្លួន មុននឹងធ្វើដំណើរត្រលប់មកផ្ទះវិញ នៅថ្ងៃស្អែក។

ប៉ុន្តែមិនមែនគ្រប់គ្នានោះទេ ដែលសុទ្ធតែអាចគេងសម្រាក បានយ៉ាងស្រួលនោះ ព្រោះការដើររកសណ្ឋាគារ ឬផ្ទះសំណាក់នៅពេលយប់ ភាគច្រើនរកបាន ប៉ះចំកន្លែងដែលមិនមែន មានតែមនុស្សស្នាក់នៅ។ តួយ៉ាងដូចជាប្អូនស្រីម្នាក់ នាងរៀបរាប់យ៉ាងដូច្នោះដែរ …

រូបតំណាង
រូបតំណាង

បន្ទាប់ពីចប់កម្មវិធីមង្គលការសាច់ញាតិ ឪពុកម្ដាយរបស់នាង បានចេញទៅកក់ផ្ទះសំណាក់មួយ ដែលនៅក្បែរនោះ ប៉ុន្តែបន្ទប់ពេញអស់ សល់តែមួយបន្ទប់ ទើបពួកគេសម្រេចចិត្តគេងជុំគ្នា ក្នុងបន្ទប់តែមួយតែម្ដង។

ប៉ុន្តែអ្វីដែលធ្វើឲ្យនាង តក់ស្លុតបំផុត តាំងពីចូលទៅដំបូងនោះគឺ សភាពដ៏ស្ងាត់ជ្រងំ ដែលស្ទើរតែមិនគួរឲ្យជឿថា ផ្ទះសំណាក់មួយនេះ មានមនុស្សស្នាក់នៅពេញអស់ទៅហើយ។ កន្លែងបន្ទាប់ដែលធ្វើឲ្យនាង មានអារម្មណ៍ថា មានអ្វីម៉្យាងកំពុងសម្លឹងមើលនាងគ្រប់ពេលនោះគឺ នៅក្នុងបន្ទប់ទឹក។

ជាក់ស្ដែង តាំងពីបើកទ្វារបន្ទប់ទឹកភ្លាម នាងនិងម្ដាយទទួលដឹងនូវចំហាយត្រជាក់ប្លែកៗ មកប៉ះនឹងរាងកាយ ធ្វើឲ្យអ្នកទាំងពីរសម្លឹងមុខគ្នា ដោយការងឿងឆ្ងល់។  ភ្លាមៗនោះម្ដាយរបស់នាង បាននិយាយហាមប្រាមនាង មិនឲ្យនិយាយអ្វីផ្ដេសផ្ដាស់ ពេលស្នាក់នៅកន្លែងរបស់គេ នេះក៏បញ្ជាក់ឲ្យឃើញហើយថា នាងនិងម្ដាយមានគំនិតដូចគ្នា ថាបន្ទប់នេះមិនមែនមានតែគ្រួសាររបស់នាងឡើយ។

នាងបានបន្តថា សូម្បីតែពេលងូតទឹក នាងមានអារម្មណ៍រហូតថា មានអ្នកណាម្នាក់សម្លឹងមើលគ្រប់សកម្មភាព មិនថានាងបិទភ្នែក ឬក៏បើកភ្នែកនោះទេ។

ជាសំណាងល្អដែលនាងនឹងគ្រួសារ អាចគេងលក់បាន ដោយមិនមានការរំខានអ្វី ព្រោះពួកគេ (ខ្មោច ឬអមនុស្ស) គ្រាន់តែចាំមើលសកម្មភាពរបស់គ្រួសារនាង តែប៉ុណ្ណោះ។ រហូតព្រឹកឡើងទើបឲ្យនាងឃើញ ច្បាស់ៗថា គេកំពុងឈរសម្លឹងមើលពួកនាង។

គេមិនឲ្យខ្លាចខ្លាំងទេ តែធ្វើឲ្យឆ្ងល់ ដោយភ្ញាក់ពីគេងភ្លាម ក៏ឃើញមនុស្សប្រុសមកពីណាមិនដឹង បង្ហាញខ្លួនក្នុងបន្ទប់ ប៉ុន្តែមិនមែនជាសមាជិកគ្រួសាររបស់នាងឡើយ ហើយភ្នែករបស់គេ ក៏សម្លឹងមើលមកពួកនាងមិនឈប់ផងដែរ។

២. ទៅដើរលេងជាមួយគ្រួសារ ខ្មោចលងតែខ្ញុំម្នាក់?

បទពិសោធន៍ពីប្អូនស្រីម្នាក់នេះ សាហាវជាងគេតែម្ដង ព្រោះខ្មោចលងនាងទាំងថ្ងៃ ទាំងយប់។

នាងមិនបានបញ្ជាក់ទេថា ពេលចូលទៅដល់សណ្ឋាគារភ្លាម នាងមានអារម្មណ៍យ៉ាងណា ព្រោះពេលនោះ នាងកំពុងរីករាយជាមួយគ្រួសារ ម៉្យាងទៅដើរលេងផង ដូច្នេះពួកគេគ្រាន់តែចូលទៅសណ្ឋាគារ ដើម្បីទុកអីវ៉ាន់ និងគេងសម្រាកប៉ុណ្ណឹង។

រូបតំណាង
រូបតំណាង

ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ពេលត្រលប់មកពីដើរលេងវិញ ខោអាវក្នុងវ៉ាលីរបស់នាងក៏បាត់អស់ បែរជាឃើញតែកាំបិតតូចមួយ នៅក្នុងនោះទៅវិញ។

នេះមិនមែនជាលើកដំបូង ដែលនាងបានជួបរឿងចម្លែក នៅក្នុងសណ្ឋាគារនោះទេ សូម្បីតែពេលឪពុកម្ដាយរបស់នាង ចេញទៅរកទិញរបស់ញ៉ាំ នៅខាងក្រៅ នាងក៏បានលឺសូរសម្លេងទឹកហូយ៉ាងខ្លាំង ពីក្បាលរ៉ូមីណេ ក្នុងបន្ទប់ទឹកផងដែរ។ នាងចាំបានថា នាងបានបិទវាហើយ មុនពេលដែលចេញមក ប៉ុន្តែសម្លេងទឹកហូរ នៅតែលឺមិនឈប់។ ថែមទាំងមានសម្លេងសម្រិបជើងមនុស្សដើរធ្ងន់ៗ ដើរទៅៗមកក្នុងបន្ទប់ ធ្វើឲ្យនាងសំងំមិនហ៊ានសូម្បីរង្គើខ្លួន។

លងប៉ុណ្ណឹងមិនអស់ចិត្ត នៅធ្វើឲ្យនាងធុំក្លិនផ្សែងធូប ឈួលខ្លាំងពេញក្នុងបន្ទប់ថែមទៀតផង គួរឲ្យព្រឺក្បាល។

៣. គេងតែម្នាក់ឯងហើយ ចៃដន្យរើសចំបន្ទប់មានខ្មោចលងទៀត

បន្ទប់លេខ២១ នៅជាន់ទី៥ …

ប្អូនស្រីដែលបានជួបហេតុការណ៍នេះ បានបង្ហើបថា ចំហាយព្រឺព្រួច ចាប់ផ្ដើមវិលវល់នៅក្បែរខ្លួននាង តាំងពីពេលដែលនាង ឡើងមកដល់ជាន់ទី២ មកម្លេះ។

ចម្លែកណាស់ ម្ចាស់សណ្ឋាគារប្រាប់ថា មនុស្សពេញហើយ ប៉ុន្តែសភាពស្ងាត់ជ្រងំផ្នែកខាងក្នុង ធ្វើឲ្យនាងមានអារម្មណ៍ សណ្ឋាគារនេះដូចជាគ្មានមនុស្សស្នាក់នៅ សូម្បីតែម្នាក់។

ផ្លូវដើរក៏ស្ងាត់ឈឹង ហើយងងឹតទៀត ទាល់តែដើរបណ្ដើរ បញ្ចាំងភ្លើងទូរស័ព្ទបណ្ដើរទើបបាន។

នាងមានអារម្មណ៍រហូតថា មានអ្នកណាដើរតាមពីក្រោយ ប៉ុន្តែងាកក្រោយប៉ុន្មានដង ក៏មិនឃើញមានមនុស្សម្នាក់សោះ។

រូបតំណាង
រូបតំណាង

គ្រាន់តែចាក់សោរចូលក្នុងបន្ទប់ភ្លាម នាងមានអារម្មណ៍ថាស្រៀវៗ ហើយព្រឺសម្បុរភ្លាម។មានអារម្មណ៍ថា មានភ្នែកអ្នកណាម្នាក់សម្លឹងមក ពីលើពិដាននោះ ប៉ុន្តែនាងព្យាយាមធ្វើអារម្មណ៍ធម្មតា ដោយដាក់កាតចូល ដើម្បីបើកភ្លើងឲ្យភ្លឺ។

ពេលដែលបើកភ្លើងភ្លាម នាងឃើញប្រហោងមួយ នៅលើពិដានមុនគេ។ ប្រហោងនោះ មានទឹកស្រក់ចុះមកតិចៗ។

គ្រាន់តែដាក់គូទអង្គុយលើពូកភ្លាម ភ្លើងក្នុងបន្ទប់ក៏ដាច់ភ្លាម ងងឹតឈឹងតែម្ដង។

មិនរង់ចាំយូរឡើយ នាងក៏រត់ចុះមកក្រោមវិញ ដោយមិនងាកក្រោយសូម្បីបន្តិច ទោះបីមានអារម្មណ៍ថា មានមនុស្សស្រីកំពុងតាមពីក្រោយក៏ដោយ។ សូម្បីតែកាបូប ក៏នាងមិនបានយកមកតាមផង។

ចុះមកដល់ក្រោមភ្លាម ម្ចាស់សណ្ឋាគារក៏សួរភ្លាមថា តើមុននេះ កូនស្រីរបស់គាត់ បើកបន្ទប់ណាឲ្យនាង? នៅជាន់ទីប៉ុន្មាន?

ពេលដែលប្រាប់ថា បន្ទប់លេខ ២១ ជាន់ទី ៥ ទឹកមុខគាត់ក៏ប្រែប្រួលបន្តិច ហើយសួរថាចង់ប្តូរបន្ទប់ទេ គាត់ប្ដូរឲ្យ។ ប៉ុន្តែគួរឲ្យសោកស្ដាយ ពេលពិនិត្យមើលម្ដងទៀត ទើបឃើញថា វាពេញអស់ទៅហើយ។ គាត់ក៏ប្រាប់ថា ឲ្យគេទៅពិនិត្យមើលភ្លើង ក្នុងបន្ទប់ឲ្យនាងជាថ្មីម្ដងទៀត។

ពេញមួយយប់នោះ នាងមិនបានគេងទេ ឲ្យតែពេលបិទភ្លើង នាងមានអារម្មណ៍ថាដូចជាមាន កែវភ្នែកសម្លឹងមើលមកនាងរហូត។ យប់បន្តិច នាងក៏បានឃើញស្រមោលស្ទង់ៗ ជាស្រីសក់វែងទៀតផង។

អារម្មណ៍ប្រាប់នាងថា ខ្មោចស្រីម្នាក់នេះ ស្លាប់ដោយចងក។ ហើយគ្រប់សកម្មភាព វាបង្ហាញឲ្យនាងឃើញជាឈុតៗ រាល់ពេលដែលនាងសម្លឹងមើលទៅ ប្រហោងពិដានខាងលើនោះ។

៤. ផ្ទះសំណាក់នៅឯជើងភ្នំ

មិនមែនទៅដើរលេងតែម្នាក់ឯងទេ បទសោធន៍ខ្មោចលងនៅផ្ទះសំណាក់ ក្បែរជើងភ្នំលើកនេះ អ្នកជួបផ្ទាល់បានចែករំលែកថា នាងបានទៅដើរលេង ជួបជុំគ្រួសារដល់ទៅ ៣គ្រួសារឯណោះ។

ករណីនេះ ក៏មិនខុសពីករណីមុន គ្រាន់តែចូលមកដល់បន្ទប់ភ្លាម អ្វីដែលធ្វើឲ្យបះរោមមុនគេ គឺកញ្ចក់ធំនៅមុខបន្ទប់ទឹក និងក្នុងបន្ទប់ទឹកផ្ទាល់តែម្ដង។

រូបតំណាង
រូបតំណាង

គ្រប់គ្នាមានអារម្មណ៍ថាខ្លាច ប៉ុន្តែមិនហ៊ាននិយាយ ខំប្រឹងសំងំគេង។

គ្រាន់តែបិទភ្លើងភ្លាម សម្លេងគេដួសទឹកដាក់ ចុះឡើងៗ នៅក្នុងបន្ទប់ទឹក។

សម្លេងនោះ លឺរងំរហូតដល់ពាក់កណ្ដាលយប់ ទាំងដែលគ្រប់គ្នា កំពុងគេងនៅលើគ្រែអស់ទៅហើយ ចុះតើអ្នកណានៅធ្វើអ្វី ក្នុងបន្ទប់ទឹក?

គ្មានអ្នកណាហ៊ាននិយាយអ្វីឡើយ គិតតែពីសំងំគេងរហូតទល់ភ្លឺ។

៥. សណ្ឋាគារនៅក្បែរឆ្នេរ

នេះបើតាមការបកស្រាយ ពីអ្នកដែលធ្លាប់ត្រូវខ្មោចលងជាច្រើនដង បានឲ្យដឹងថា កន្លែងដែលមានខ្មោចសណ្ឋិត ភាគច្រើនធ្វើឲ្យមនុស្សមានអារម្មណ៍ថា ព្រឺឆ្អឹងខ្នងភ្លាមៗ ពេលដែលចូលទៅដល់។ ដោយឡែកសណ្ឋាគារនៅក្បែរឆ្នេរមួយនេះ ហាក់ដូចជាមិនទាន់បញ្ចេញអ្វី ធ្វើឲ្យអ្នកស្នាក់នេះមានអារម្មណ៍ថា ខ្លាចភ្លាមៗឡើយ។

រហូតដល់ព្រលប់ៗ ទើបអ្នកស្នាក់នៅអាចឃើញ ជាស្រមោលស្ទង់ៗ មានអារម្មណ៍ថាមានខ្យល់ត្រជាក់ៗ បក់មកប៉ះរាងកាយ។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកដែលបានចូលក្នុងបន្ទប់ទឹក គឺសុទ្ធតែបានតំណក់ឈាម នៅក្នុងបង្គន់គ្រប់ៗគ្នា ប៉ុន្តែពួកគេមិនចាប់អារម្មណ៍ ស្មានតែជាឈាមប្រចាំខែ​ របស់សមាជិកស្រីណាម្នាក់។

ប៉ុន្តែដោយទ្រាំមិនបាន នារីពីរដែលស្នាក់នៅក្នុងបន្ទប់ ក៏បានសួរគ្នាពីរឿងនេះ ទើបដឹងថា វាមិនមែនជាឈាមប្រចាំខែរបស់ពួកគេទេ ប៉ុន្តែជាអ្វីដែលវិញ្ញាណនៅក្នុងបន្ទប់នេះ ចង់ឲ្យពួកគេឃើញ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញម្ដងម្នាក់ៗដូចគ្នា។

រូបតំណាង
រូបតំណាង

អ្វីដែលពួកគេបានឃើញ មិនគួរឲ្យខ្លាច ស្មើរនឹងអ្វីដែលអ្នកជិតខាង នៅក្បែរនោះនិយាយប្រាប់ឡើយ។

អ្នកនៅក្បែរនោះបង្ហើបថា បន្ទប់ចុងគេបង្អស់ នៃសណ្ឋាគារនេះ ពីមុនជាបន្ទប់ជួល ដែលធ្លាប់មានមនុស្សស្រីចងកស្លាប់។

លឺតែប៉ុណ្ណឹង គ្រប់គ្នាក៏ទៅរើអីវ៉ាន់ចេញភ្លាមៗ ប៉ុន្តែទម្រាំតែចេញផុស វិញ្ញាណខ្មោចស្រីនោះ ព្យាយាមទម្លាក់របស់របរជាច្រើនដង ដើម្បីបន្លាចពួកគេ។ ទម្លាក់ទាំងដបទឹក ទម្លាក់ទាំងកាបូបគ្រឿងសម្អាង ឲ្យធ្លាក់រប៉ាត់របាយពេញក្នុងបន្ទប់តែម្ដង។

ទាំងនេះ ជាការរៀបរាប់ ពីសំណាក់អ្នកដែលជួបហេតុការណ៍នេះផ្ទាល់ ដែលអាចមើលដឹងថា សណ្ឋាគារដែលកំពុងស្នាក់នៅ មានខ្មោច ឬយ៉ាងណា។ ដូច្នេះប្រិយមិត្ត ក៏អាចជ្រាប ហើយមានការប្រុងប្រយ័ត្ន តាំងស្មារតីឲ្យបានល្អ បើសិនអ្នក ជួបហេតុការណ៍បែបនេះ នៅក្នុងសណ្ឋាគារ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T