ហេតុអីរដ្ឋបាលក្រុងភ្នំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋ​​សំរុក​ទិញ​ តែមិន​ចេញលិខិត​ហាមអ្នក​លក់មិនឲ្យតម្លើងថ្លៃ?

//s5.kh1.co/8d/8db3221dc8cbaa0caa40095faa8f5b8f14dc060c.jpg
សង្គម

 ០៧-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

លោកម៉េត មាសភក្តី បានបញ្ជាក់ប្រាប់ Khmerload​ ថា អាជ្ញាធរមិនបានហាមមិនឲ្យពលរដ្ឋទិញអីវ៉ាន់ទេ តែថា ការពិតទៅ​ស្ថានភាពមិនគួរឲ្យបារម្ភអីដល់ថ្នាក់ហ្នឹង

ក្រោយរដ្ឋបាលក្រុងភ្នំពេញបានចេញលិខិតជូនដំណឹង កុំឲ្យពលរដ្ឋជ្រួលជ្រើមទិញទំនិញយ៉ាងសស្រាក់សស្រាំ​ដោយសារ​ខ្លាចជនឆ្លៀតឱកាសតំឡើងថ្លៃអីវ៉ាន់ទាំងអស់នោះ មានមតិរិះគន់មួយចំនួនបានលើកឡើងថា អាជ្ញាធរ​ចេញលិខិតហាមពលរដ្ឋមិនឲ្យទិញ តែមិនឃើញចេញលិខិតហាមឃាត់អ្នកលក់កុំឲ្យតម្លើងថ្លៃទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តបនឹងការរិះគន់នេះ អ្នកនាំពាក្យរដ្ឋបាលរាជនីភ្នំពេញ លោកម៉េត មាសភក្តី នៅថ្ងៃ ០៧ មីនានេះ បានបញ្ជាក់ប្រាប់ Khmerload​ ថា អាជ្ញាធរមិនបានហាមមិនឲ្យពលរដ្ឋទិញអីវ៉ាន់ទេ តែដោយសារឃើញពលរដ្ឋសំរុកទៅទិញច្រើន ដែលអាជ្ញាធរ​អះអាងថា ការពិតទៅស្ថានភាពមិនគួរឲ្យបារម្ភអីដល់ថ្នាក់ហ្នឹងទេ។

លោកថា៖ «កុំបារម្ភអីដល់ថ្នាក់ហ្នឹង! ការពិតទៅស្ថានភាពហ្នឹង មិនគួរឲ្យបារម្ភអីដល់ថ្នាក់ហ្នឹងទេ។ តែត្រូវប្រយ័ត្ន​លើសុខភាព​យោងតាមក្រសួងសុខាភិបាល និងប្រយ័ត្នដោយបរិភោគចំណីឆ្អិនជាដើមវិញ។»

អ្នកនាំពាក្យរូបនេះបន្តថា៖ «ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានមិនពិតផ្សារភ្ជាប់ទៅនឹងរឿង Covid-19 ហើយត្រូវគេបន្តចែកចាយ ដែលធ្វើឲ្យពលរដ្ឋបារម្ភ បើទោះបីអាជ្ញាធរជូនដំណឹងម្តងជាពីរដងហើយក៏ដោយ ក៏ពលរដ្ឋនៅតែសំរុកទិញទំនិញដែលចំណាយលុយច្រើនសន្ធឹក។ អ៊ឹចឹងហើយយើងផ្សាយប្រាប់ថាព័ត៌មានដែល​គេចែកចាយបំផ្លើសផ្សារភ្ជាប់រឿង Covid-19ហ្នឹង ក្លែងក្លាយទេ។ បើពលរដ្ឋមិនសំរុកទិញ បើមិនភ័យបារម្ភ​ហួសហេតុ នោះគេនឹងមិនអាចឆ្លៀតឱកាសលក់តំឡើងថ្លៃឲ្យដែរ។ ចឹងកុំសំរុកទិញពេក»។

លោកម៉េត មាសភក្តិ<br>
លោកម៉េត មាសភក្តិ

លោកម៉េត មាសភក្តីបន្ថែមថា ពលរដ្ឋមិនគួរជ្រួលច្របល់ខ្លាំងពេកនោះទេ តែត្រូវថែរក្សាអនាម័យ និងយកចិត្ត​ទុកដាក់​លើព័ត៌មានដែលផ្សាយដោយក្រសួងសុខាភិបាល​ជាជាងស្តាប់ព័ត៌មានចចាមអារាម​ដែលផ្សាយ​ដោយ​ជនឱកាសនិយម។

សូមបញ្ជាក់ថា​ កាលពីថ្ងៃ ៦​ មីនាកន្លងទៅ រដ្ឋបាលក្រុងភ្នំពេញ បានចេញលិខិតមួយដោយបង្ហោះផ្សាយ​នៅលើ​បណ្តាញសង្គមហ្វេសប៊ុកផ្លូវការ​របស់ខ្លួន ដោយបានរៀបរាប់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋក្នុង​ក្រុងភ្នំពេញ​បានសំរុក​ទៅទិញទំនិញស្តុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលអាជ្ញាធរថាអាចជាហេតុធ្វើឲ្យ​ជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបំរុងនៅក្នុងក្រុងភ្នំពេញពុំ​បានប្រឈមនឹង​ការខ្វះខាតនោះទេ។ ហើយក្នុងលិខិតដដែលបញ្ជាក់ថា កម្ពុជាថែមទាំងផលិតស្បៀងលើសពីការបំរុងរហូតនាំចេញ​ទៅបរទេសទៀតផង។

បែបនេះក្តី មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមិនតិចទេ បានចេញមុខរិះគន់លើលិខិតខាងលើដោយ​អះអាងថា អាជ្ញាធរមិនមានទំនួលខុសត្រូវព្រោះមិនឃាត់អ្នកលក់កុំឲ្យតំឡើងថ្លៃទាល់តែសោះ តែបែរជាចេញលិខិត​ឃាត់​អ្នកទិញទៅវិញ។ យ៉ាងណា មន្ត្រីរដ្ឋាភិបាលបានចេញមុខបញ្ជាក់ថាអាជ្ញាធរគ្រាន់តែមិនចង់​ឲ្យពលរដ្ឋជ្រួល​ច្របល់​តាមពាក្យចចាមអារាម ដែលបណ្តាលឲ្យជនឆ្លៀតឱកាសតំឡើងថ្លៃសម្ភារៈ និងទំនិញតាមចិត្តតែប៉ុណ្ណោះ៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងភ្នំពេញ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងភ្នំពេញ
https://s5.kh1.co/__image/w=650,h=379,q=100/8d/8db3221dc8cbaa0caa40095faa8f5b8f14dc060c.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T