ភ្នំពេញ ៖ យុវជនឈាមរាវពីរនាក់ មុខ របរជាសិស្សសាលា ដោយសារតែអត់លុយ ចាយចូលឆ្នាំ ស្រាប់តែបែកគំនិតវាយប្លន់ យកម៉ូតូពីប្រជាពលរដ្ឋ ប៉ុន្ដែត្រូវបាន ជនរង គ្រោះនិងអ្នករត់ម៉ូតូឌុប ជួយដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន។

ជនសង្ស័យពីរនាក់ ដែលមានអាយុទើប១៦ឆ្នាំ បានបែកគំនិតវាយប្លន់យកម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅសួនកំសាន្ដ ហ្គ្រែនភ្នំពេញ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចមូលដ្ឋានក្រោយពីការឃាត់ខ្លួន ជនសង្ស័យទាំងពីរនិងបានទទួលចំលើយសារភាពបានឱ្យដឹងថា  ពួកគេទាំងពីរខណៈកំពុងអង្គុយ នៅសួនកំសាន្ដហ្គ្រែន ភ្នំពេញ រួចពិភាក្សាគ្នាថា តើបានលុយមកពីណាចាយ សម្រាប់ចូលឆ្នាំនេះ ភ្លាមៗនោះ ពួកគេបានសម្រេចចិត្ដថា មានតែប្លន់ ទើបបានលុយ ។

សមត្ថកិច្ចបានបន្ដថា ខណៈនោះពួកគេ បានឃើញជនរងគ្រោះម្នាក់ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅពាក់ស្លាកលេខ 1AV-1014 តែម្នាក់ឯង ទៅលេងសួនកំសាន្ដខាងលើក៏នាំគ្នាវាយនិងប្រុងប្លន់យកម៉ូតូ ប៉ុន្ដែជនរងគ្រោះស្រែក ឆោឡោឡើង ធ្វើឱ្យប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូនៅក្បែរនោះ ជួយដេញចាប់ពួកគេទាំងពីរ ប្រគល់ជូនសមត្ថកិច្ច ។

សមត្ថកិច្ចបានបន្ដថា យុវជនទី១ ឈ្មោះ ស៊ុន តុលា អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរជា សិស្ស និងទី២ ឈ្មោះយន់ ពិសី អាយុ ១៦ឆ្នាំ រស់នៅជិតផ្ទះជនសង្ស័យទី១ ។ រីឯជនរង គ្រោះ ឈ្មោះហេង ចន្ថា អាយុ២២ឆ្នាំ ស្នាក់ នៅផ្ទះលេខ៥៥៤E ផ្លូវលេខ៥៩៨ សង្កាត់ស្វាយប៉ា ខណ្ឌឫស្សីកែវ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]