ម្ចាស់មេដាយមាសពីបាងកក៖ កូនខ្មែរទៅសិក្សា​នៅថៃ​ភាគ​ច្រើន​​​ សាងកេរ្តិ៍​ឈ្មោះ​​សន្ធឹក​ឲ្យស្ថាប័ន​អប់រំថៃ

//s5.kh1.co/37/370b3416914281e0069fd4273a6faf492c8a6727.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

«និសិ្សតខ្មែរភាគច្រើនដែលទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃសុទ្ធតែមានសមត្ថភាពគួរឲ្យកត់សម្គាល់។ សិស្សខ្មែរយើងមករៀននៅថៃ ច្រើនតែ Top 3ក្នុងថ្នាក់ទៀតផង។» នេះជាអ្វីដែលយុវតីវ័យ២៣ឆ្នាំ កញ្ញា សៅ ស្រីមួយ និស្សិតអាហាររូបករណ៍ព្រះរាជទាន នៃសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ (Chaiyaphum Rajabhat University) បានបញ្ជាក់​​ក្នុងបទសម្ភាសន៍ជាមួយ Khmerload។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់មេដាយមាសជានារីតែមួយគត់ក្នុងចំណោមនិស្សិតផ្សេងទៀតក្នុងប្រទេសថៃ ព្រមទាំងតំណាងអោយនិស្សិតខ្មែរ​ផងនោះ ត្រូវបានសភាវិស្វកម្មប្រទេសថៃផ្តល់កិត្តិយសក្រោមព្រះប្រទានពីព្រះមហាក្សត្រថៃ។

https://s5.kh1.co/__image/w=650,h=487,q=100/e1/e1234581338ea58369f312b8b477ad264c2011d2.jpg

និយាយដល់ត្រង់ចំណុចនេះស្រីមួយបានបន្ថែមថា៖ «និស្សិតខ្មែរដែលទៅសិក្សានៅប្រទេសថៃ ច្រើនមាន​ការប្រឹងប្រែង។ បែបនោះហើយឲ្យតែនិស្សិតយើងរៀនពូកែ យើងសាងកេរ្តិ៍ឈ្មោះឲ្យសាលាគេ​តាមរយៈ​ការប្រកួតប្រជែងនានា នោះគេនឹងកាន់តែយកចិត្តទុកដាក់នឹងយើង ព្រោះយើងជាសិស្សពូកែតំណាងសាលា។»

និស្សិតដែលចាប់ជំនាញផ្នែកវិស្វកម្មការផលិតបានបន្តទាំងញញឹមថា៖ «មែនទែនទៅខ្ញុំចងចាំជានិច្ចថាខ្លួនឯង​ជានិស្សិតអាហារូបករន៍។ ហើយវាជាកត្តាដែលជម្រុញឲ្យខ្ញុំប្រឹងប្រែង ដើម្បីតំណាងឲ្យខ្មែរ។ ជាទូទៅយើងចង់រៀន​ឲ្យពូកែជាងគេ គឺចង់បានGPAខ្ពស់ហ្នឹងជារឿងមួយ។ មួយទៀតខ្ញុំចង់បង្ហាញពីសមត្ថភាពថា និស្សិតខ្មែរមានការតស៊ូ ហើយណាមួយមិនចង់ឲ្យខ្មាសគេព្រោះមកពីឆ្ងាយផង។»

https://s5.kh1.co/__image/w=650,h=867,q=100/47/47b5e1ad24126aa31bb00ea52dc7ab28b4ac9fc5.jpg

ស្រីមួយថា កន្លងមកខ្លួនធ្លាប់បានប្រឡូកចូលក្នុងការប្រកួតប្រជែងកម្មវិធី Robot ជាច្រើន​ បើទោះបីខ្លួនជានិស្សិត​ស្រីដែលមនុស្សមួយចំនួនយល់ថា មិនសក្តិសមនឹងសិក្សាជំនាញវិស្វកម្មសម្រាប់ការផលិតនេះក៏ដោយ។

និស្សិតឆ្នាំទី៤រូបនេះ បានបញ្ជាក់ថា ក្នុងសកម្មប្រកួតកន្លងមកវាមានច្រើនរូបភាព ដែលការប្រកួតអាចប្រើប្រាស់ក្នុង​វិស័យឧស្សាហកម្ម ព្រោះនាពេលអនាគតក្រុមហ៊ុនខ្លះនឹងប្រើRobotជំនួសមនុស្ស។ ចំណែកការប្រកួតខ្លះធ្វើនៅសាលា ដូច្នេះវាជាចំណែកមួយដែលធ្វើឲ្យនិស្សិតថៃផ្សេងទៀតកាន់តែស្គាល់កញ្ញា។

មុននឹងឈានដល់ដំណាក់កាលបានទទួលមេដាយពីព្រះមហាក្សត្រ និសិ្សតវិស្វកម្មរូបនេះប្រាប់ថា៖ «មុនហ្នឹងបានទទួលមេដាយ ដំបូងយើងត្រូវតែជានិស្សិតលេខ១ ​ ហើយត្រូវមានស្នាដៃចូលរួមការប្រកួត​ទូទាំង​ប្រទេស​ជាមួយនិស្សិតផ្សេងទៀតក្នុងប្រទេសថៃជាមុនសិន។»

https://s5.kh1.co/__image/w=650,h=488,q=100/1f/1f66bfa984a10b2bdfadec51d48d3b3a43153cd2.jpg

និស្សិតឆ្នើមទៅសិក្សានៅថៃខាងលើបានរំឭកនូវអតីតកាលខ្លះដែលធ្វើឲ្យកញ្ញាមានជំហរលើខ្លួនឯងដូចសព្វថ្ងៃ។ ស្រីមួយថា បើទោះបីជាពុំមានឪពុកទំនុកបម្រុងដូចគេ តែអ្នកម្តាយរបស់ស្រីមួយតែងផ្តល់កម្លាំងចិត្តជានិច្ច។

«ខ្ញុំពុំបានស្គាល់ប៉ាតាំងពីនៅក្នុងពោះ។ ដំបូងតូចចិត្ត ដោយសារមិនមានភាពកក់ក្តៅពីប៉ាដូចគ្រួសារផ្សេង តែម៉ាក់ប្រាប់ថា ធ្វើម៉េចបើយើងមិនមានប៉ាដូចគេ។ គាត់ពុំមានអីជាទ្រព្យឲ្យទេ អ៊ឹចឹងគាត់មានតែផ្តល់ឱកាស​ឲ្យរៀនសូត្រដើម្បីអនាគតខ្លួនឯង។ ខ្ញុំគិតថាខ្ញុំរឹងមាំដល់សព្វថ្ងៃដោយសារមានកត្តាជម្រុញទាំងអស់នោះពីម៉ាក់។»

https://s5.kh1.co/__image/w=540,h=405,q=100/4e/4e7336d87490e7bbfda2f478aa6d9f6071eac08e.jpg

ជានិស្សិតពីស្រុកខ្មែរតែម្នាក់ក្នុងជំនាន់ និងនិស្សិតស្រីតែម្នាក់គត់ក្នុងចំណោមនិស្សិតថៃដែលទទួលបានព្រះរាជទាន ពី​ព្រះបរមរាជវាំងថៃ កញ្ញាសៅ ស្រីមួយបានលើកឡើងពីចំណេះដឹងផ្នែកវប្បធម៌ដែលខ្លួនចេះ ហើយពេលខ្លះ​ស្រីមួយ​អះ​អាង​ថាខ្លួនបង្ហាញនូវភាពវិជ្ជមានច្រើនក្នុងបរិបទថៃ។

កញ្ញាបន្តនូវចំណុចទាំងនោះថា៖ «ថៃមានវប្បធម៌ស្រដៀងខ្មែរដែរ នៅកម្មវិធីយុវជនអាស៊ាននានា យើងតែងតែ​ត្រូវគេតម្រូវឲ្យបង្ហាញពីវប្បធម៌របស់យើងរៀងៗខ្លួន។ យើងមិនបាច់ទៅឈ្លោះប្រកែកជាមួយគេទេ យើងជាខ្មែរ​យើងអាចបង្ហាញនូវសមត្ថភាពដែលយើងចេះ។ យើងមិនបាច់ទៅប្រកែកអីទេ បើយើងចេះពីវា​​ មានន័យថា​យើងឈ្នះហើយ។»

https://s5.kh1.co/__image/w=650,h=433,q=100/11/11970ad162bedf5e0854c2ec715897cb7761f40b.jpg

និស្សិតឆ្នើមពីសភាវិស្វកម្ម និងស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃបានលើកទឹកចិត្តដល់និស្សិតខ្មែរ​ជំនាន់ក្រោយថា អ្នកសិក្សាត្រូវមានភាពច្បាស់លាស់បើខ្លួនចង់សិក្សាមុខជំនាញណាមួយ។

ស្រីមួយថា៖ «យើងជាអ្នករៀនសូត្រ ត្រូវចេះស្វះស្វែងសួរព័ត៌មានពីសិស្សច្បងដែលសិក្សាជំនាញនោះ កុំខ្លាចនឹង​ចង់ចេះ ចង់ដឹង។ ហើយមួយទៀត ខ្ញុំចង់ប្រាប់ដល់មនុស្សស្រីថា យើងគួរប្រឹងរៀនសូត្រឲ្យមានចំណេះកាន់តែច្រើន កាន់តែល្អ។ មិនគួរចាំតែរំពឹងមនុស្សប្រុសទាំងស្រុងទេ គួរតែប្រឹងព្រោះយ៉ាងហោចណាស់យើងអាចពឹងខ្លួនឯងបាន ឬបើរៀនចប់​ហើយមិនធ្វើការអីទេ ក៏អាចក្លាយជាម្តាយល្អម្នាក់ដែរ»៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T