ត្រឹមរយៈពេល៩ថ្ងៃប៉ុណ្ណោះ រលកកម្ដៅបានរម្លាយ ផ្ទាំងទឹកកក អស់២០ភាគរយ នៅលើកោះមួយ ក្នុងទ្វីបអង់តាកទិក

//s5.kh1.co/1d/1dcd6c4469e560d9bc658ce3855fee3efcd2439b.jpg
បច្ចេកវិទ្យា

 ២៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការប្រែប្រួលអាកាសធាតុ បានចោទជាបញ្ហាយ៉ាងធំបំផុត ក្នុងជីវិតរស់នៅរបស់យើង។

បរទេស៖ រលកកម្ដៅរយៈពេល៩ថ្ងៃ បានរម្លាយផ្នែកចុងខាងជើង នៃតំបន់អង់តាកទិក កាលពីដើមខែនេះ។ រូបភាពថ្មីរបស់ណាសាបានបង្ហាញថា កោះមួយដែលគ្របដណ្ដប់ដោយទឹកកក បានរលាយអស់ចំនួនមួយភាគបួន ក្នុងគ្រានោះ ដែលជាសញ្ញានៃវិបត្តិអាកាសធាតុ ដ៏អាក្រក់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពកោះឥន្ទ្រី ពីមុននិងឥឡូវ
រូបភាពកោះឥន្ទ្រី ពីមុននិងឥឡូវ

រូបភាពទាំងនេះបង្ហាញពីកោះឥន្ទ្រី នៅឧបទ្វីបភាគឦសាន នៃទ្វីបទឹកកក កាលពីដើមនិងបញ្ចប់រលកកម្ដៅអង់តាកទិក ក្នុងខែនេះ។ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ គេអាចមើលឃើញផ្ទៃដីនៅលើកោះ ដោយសារកម្ដៅរយៈពេល៩ថ្ងៃ ហើយទឹកកកបានរលាយ និងក្លាយជាអាងទឹកនៅលើផ្ទៃកោះ។ អង់តាកទិកបានឆ្លងកាត់ កំណត់ត្រាថ្ងៃក្ដៅបំផុតរបស់ខ្លួន កាលពីដើមខែនេះ ដោយឡើងដល់១៨អង្សាសេ។

មន្ទីរអង្កេតភពផែនដីរបស់អង្គការណាសាបាននិយាយថា ក្នុងរយៈពេលជាងមួយសប្ដាហ៍ប៉ុណ្ណោះ កម្រាស់ទឹកកកនៃកោះឥន្ទ្រី ១០.១៦សង់ទីម៉ែត្រ បានរលាយអស់ចំនួន២០ភាគរយ។ លោក Mauri Pelto អ្នកភូគព្ភវិទូនៅមហាវិទ្យាល័យ Nichols ក្នុងរដ្ឋ Massachusetts បាននិយាយថា «ខ្ញុំមិនដែលបានឃើញ ការរលាយបង្កើតបានជាស្រះ យ៉ាងរហ័សដូច្នេះ ក្នុងតំបន់អង់តាកទិកឡើយ។ អ្នកអាចនឹងឃើញព្រឹត្តិការណ៍បែបនេះ នៅ Alaska និង Greenland ប៉ុន្តែជាធម្មតា មិនមាននៅអង់តាកទិកទេ»។

អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ លោក Xavier Fettweis បានគូសបញ្ជាក់ពីបរិមាណទឹកកករលាយ ដែលហូរទៅដល់មហាសមុទ្រ ពីទ្វីបអង់តាកទិក។ លោកបាននិយាយថា រលកកម្ដៅខ្ពស់បំផុត បានរួមចំណែកខ្លាំងបំផុត ដល់ការកើនឡើងកម្ពស់ទឹកសមុទ្រ នៅរដូវក្ដៅនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T