ពិតជាអស្ចារ្យមែន! CR7 និង M10 មានកំណត់ត្រារួមគ្នា ១០ ដែលអាចនឹងមិនមានកីឡាករជំនាន់ក្រោយណាបំបែកបាន...

//s5.kh1.co/46/461ecf378086e935b7db98c487a6eadd309bfbed.jpg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

Ronaldo និង Messi ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញបំផុតជាងមួយទសវត្សរ៍ចុងក្រោយនេះ ហើយពួកគេក៏បានសាងនូវកំណត់ត្រាជាច្រើនក្នុងវិស័យបាល់ទាត់នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេទាំងពីរក៏ជាគូប្រជែងនឹងគ្នាក្នុងវិស័យនេះអស់ពេលជាច្រើនឆ្នាំរួមទាំងក្លឹបអាជីព និងជម្រើសជាតិ ដែលធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកតែងតែប្រៀបធៀបនូវសមិទ្ធផលរបស់ពួកគេ ជាពិសេសអ្នកគាំទ្រផ្ទាល់របស់ពួកគេទាំងពីរតែម្តង។

កីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi 
កីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi 

រហូតមកដល់ឆ្នាំ២០២០នេះ កំពូលកីឡាករទាំងពីរនៅតែបន្តធ្វើព្យុះភ្លៀង ទោះបីជាវ័យកាន់តែចាស់ ខណៈដែល Ronaldo វ័យ ៣៥ឆ្នាំ ស្របពេលដែល Messi ជិតចូលវ័យ ៣៣ឆ្នាំក៏ដោយ។

ទោះបីជាពួកគេទាំងពីរ បានបង្កើតកំណត់ត្រាជាច្រើនក្នុងបាល់ទាត់សម័យទំនើបពិតមែន ប៉ុន្តែថ្ងៃនេះ khmerload សូមលើកយកកំណត់ត្រាចំនួន ១០ រួមគ្នារបស់កីឡាករទាំងពីរ ដែលអាចនឹងមិនមានកីឡាករជំនាន់ក្រោយណាបំបែកបាន៖

១០. ឈ្នះពានរង្វាន់កីឡាករល្អជាងគេ ច្រើនជាងគេ (Ballon d'Or) - Messi

Lionel Messi គឺជាកីឡាករទី១ ដែលអាចឈ្នះពាន Ballon d'Or រហូតដល់ ៦ពាន ក្នុងអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ខ្លួន ដែលកំណត់ត្រានេះ មានតែ Ronaldo ប៉ុណ្ណោះអាចនឹងបំបែកបានក្នុងពេលបច្ចុប្បន្ននេះ ស្របពេលដែល Ronaldo កំពុងកាន់ពាននេះចំនួន ៥ក្នុងដៃ ប៉ុន្តែវាមិនមែនជាការងាយស្រួលឡើយដើម្បីលើកពានមួយនេះ។

តើពួកគេទាំងពីរ អាចប្រមូលពានរង្វាន់នេះប៉ុន្មានទៀតក្នុងអាជីពដែលនៅសល់របស់ពួកគេ ខណៈដែលច្រើនជាង ១០ឆ្នាំមកនេះ ពួកគេទាំងពីរនៅតែបង្ហាញសមត្ថភាពមិនដែលធ្លាក់ចុះនោះ ប៉ុន្តែទោះជាយ៉ាងណា ពានរង្វាន់សម្រាប់បុគ្គលមួយនេះ មានធ្លាក់ទៅលើប្រធានក្រុមជម្រើសជាតិក្រូអាតម្តង កាលឆ្នាំ២០១៨ គឺកីឡាករ Luka Modric។

Messi ឈ្នះ Ballon d'Or ៦ដង ច្រើនជាងគេ
Messi ឈ្នះ Ballon d'Or ៦ដង ច្រើនជាងគេ

៩. រកបានច្រើនជាង ១០គ្រាប់ក្នុង UCL រយៈពេល ៧រដូវកាលជាប់គ្នា - Ronaldo

Cristiano Ronaldo អាចនិយាយបានថាជាស្តេចរកគ្រាប់បាល់ក្នុង Champions League។ ជាមួយទម្រង់លេងយ៉ាងអស្ចារ្យរបស់ខ្លួនក្នុងអាជីពនៅ Real Madrid ដែលអាចឈ្នះពាន Champoins League ៤ ក្នុងរយៈពេល ៥ឆ្នាំ ដែលក្នុងនោះ អាចឈ្នះពាននេះ ៣ឆ្នាំជាប់គ្នា ដែលមានតែក្លឹប Ajax និង Bayern Munich ប៉ុណ្ណោះធ្លាប់ធ្វើបាន។

ជាមួយនឹងកំណត់ត្រាខាងលើ ជាមួយ Real Madrid ខ្សែប្រយុទ្ធអន្តរជាតិ Portugal រូបនេះ មានកំណត់ពិសេសមួយរបស់ខ្លួន គឺអាចរកបានច្រើនជាង ១០គ្រាប់នៅ Champoins League រយៈពេល ៧រដូវកាលជាប់គ្នាចន្លោះរដូវកាល ២០១១-២០១២ ដល់រដូវកាល ២០១៧-២០១៨។

Ronaldo រកបានច្រើនជាង ១០គ្រាប់ក្នុង UCL រយៈពេល ៧រដូវកាលជាប់គ្នា
Ronaldo រកបានច្រើនជាង ១០គ្រាប់ក្នុង UCL រយៈពេល ៧រដូវកាលជាប់គ្នា

៨.​ ស្តេចនៅ La Liga - Messi

ក្រោយចំណាយពេលស្ទើរពេញមួយអាជីពបាល់ទាត់នៅ Barcelona កីឡាករជំនាញជើងឆ្វេង Lionel Messi បានបំបែកកំណត់ត្រាយ៉ាងច្រើននៅ La Liga ដែលកីឡាកររូបនេះ បានឈ្នះពាន La Liga ចំនួន ១០រួចមកហើយ។

ជាមួយកំណត់ត្រាជាច្រើន Messi ទទួលបានរហស្សនាមជាស្តេចរកគ្រាប់បាល់នៅ La Liga ផងដែរ ជាមួយកំណត់ត្រា ៤៣៣គ្រាប់ និងបញ្ជូនបាល់ ១៨១គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧១ប្រកួតនៅ La Liga។ នេះជាកំណត់ត្រាមួយដែលពិបាកបំផុតក្នុងការបំបែកនៅក្នុងប្រទេសអេស្ប៉ាញ។

Messi កាន់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេនៅ La Liga
Messi កាន់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេនៅ La Liga

៧. រកបានច្រើនជាង ៥០គ្រាប់ ក្នុង ៦រដូវកាលជាប់គ្នា - Ronaldo

វាមិនមែនជារឿងចម្លែកនោះឡើយដែល Ronaldo មានកំណត់ត្រាពិសេសមួយនេះ។ ខ្សែប្រយុទ្ធរបស់ក្លឹប Juventus រូបនេះ បានធ្វើឱ្យខ្សែការពារជាច្រើនអាម៉ាស់មុខទាំងនៅក្លឹបអាជីព និងជម្រើសជាតិ។ គ្រូបង្វឹកជាច្រើននៅតែមិនអាចរកវិធីណា ដើម្បីបញ្ឈប់កីឡាកររូបនេះបាននៅឡើយ។

កីឡាករដែលជាគូប្រជែងចាស់វស្សារបស់គេ គឺ Lionel Messi ជាកីឡាករតែមួយគត់ដែលអាចរកគ្រាប់បាល់បានច្រើន ប៉ុន្តែនៅតែមិនអាចរកបានច្រើនជាង ៥០គ្រាប់ ក្នុង ៦រដូវកាលជាប់គ្នាដូច Ronaldo ឡើយ (ចន្លោះរដូវកាល ២០១០-២០១១ ដល់រដូវកាល ២០១៥-២០១៦)។

Ronaldo រកបានច្រើនជាង ៥០គ្រាប់ ក្នុង ៦រដូវកាលជាប់គ្នា
Ronaldo រកបានច្រើនជាង ៥០គ្រាប់ ក្នុង ៦រដូវកាលជាប់គ្នា

៦. ស្បែកជើងមាសច្រើនជាងគេ (European Golden Shoe) - Messi

Messi បានឈ្នះ European Golden Shoe ចំនួន ៦លើក រួមទាំងរដូវកាលមុនដែលច្រើនជាងកីឡាករណាទាំងអស់ ខណៈកីឡាករដែលឈ្នះពានរង្វាន់នេះបន្ទាន់មានតែ ៤ដងប៉ុណ្ណោះ គឺ Ronaldo តែម្តង។

ប្រធានក្រុម Barcelona រូបនេះរកបាន ៣៦គ្រាប់ និងបញ្ជូនបាល់ ១៥គ្រាប់ ក្នុង ៣៤ប្រកួត ដែលបានលើកពាន La Liga ទី១០របស់ខ្លួនកាលពីរដូវកាល ២០១៨-២០១៩។

រដូវកាលនេះ Messi ក៏កំពុងស្ថិតលើផ្លូវដើម្បីឈ្នះពាននេះជាលើកទី៧របស់ខ្លួនស្របពេលកំពុងមាន ១៨គ្រាប់ (ស្មើ៣៦ពិន្ទុ) តាមពីក្រោយ Timo Werner (២១គ្រាប់ ស្មើ ៤២ពិន្ទុ) *Erling Haaland (២៦គ្រាប់ ស្មើ ៤២ពិន្ទុ) Cristiano Ronaldo (២២គ្រាប់ ស្មើ៤៤ពិន្ទុ) Robert Lewandowski (២៥គ្រាប់ ស្មើ៥០ពិន្ទុ) និង Ciro Immobile (២៦គ្រាប់ ស្មើ៥២ពិន្ទុ)។

*ពិន្ទុនៃគ្រាប់បាល់ គឺផ្តល់ជូនតាមប្រភេទកម្រិតនៃលីគបាល់ទាត់ក្នុងប្រទេសនីមួយៗ ខណៈដែល Top 5 លីគ (អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និងបារាំង) គឺទទួលបាន ២ពិន្ទុ ក្នុង១គ្រាប់ (លីគកំពូលអូទ្រីស ទទួលបាន ១.៥ពិន្ទុ ក្នុង១គ្រាប់)។

Messi ឈ្នះស្បែកជើងមាស ៦ដង ច្រើនជាងគេ (European Golden Shoe) 
Messi ឈ្នះស្បែកជើងមាស ៦ដង ច្រើនជាងគេ (European Golden Shoe) 

៥. រកគ្រាប់បាល់នៅ Champoins League ច្រើនជាងគេ - Ronaldo

Cristiano Ronaldo មានសមត្ថភាពខ្ពស់ក្នុងការរកគ្រាប់បាល់ ជាពិសេសនៅក្នុងវគ្គចាញ់ធ្លាក់ ដែលវាបានបង្ហាញថាមានគ្រាប់បាល់ជាច្រើនរបស់ Ronaldo ខណៈដែលក្រុមរបស់លោក Diego Simeone ជាក្រុមដែលតែងតែរងគ្រោះដោយសារ Ronaldo នៅក្នុងវគ្គនេះ។

Ronaldo រកបាន ១២៨គ្រាប់ ច្រើនជាងគេក្នុងក្របខណ្ឌលំដាប់ទី១របស់ទ្វីបអឺរ៉ុប និងបានឈ្នះ Champoins League ៥ដង ជាមួយ Manchester United ម្តង និង Real Madrid ៤ដង។

Ronaldo កាន់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេនៅ Champoins League
Ronaldo កាន់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេនៅ Champoins League

៤. រកបានគ្រាប់ច្រើនជាងគេប្រចាំឆ្នាំ (Calender Year) - Messi

អ្នកគាំទ្របាល់ទាត់ច្បាស់ជានៅចាំបានកាលពីឆ្នាំ២០១២ ដែល Messi រកគ្រាប់បាល់បានសរុបដល់ទៅ ៩១គ្រាប់ ក្នុងរយៈពេល ១២ខែ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ) ហើយក៏ជាឆ្នាំដែលមានតែ Ronaldo ដូចគ្នាដែលរកគ្រាប់បាល់បានច្រើនបំផុតទី២ ចំនួន ៧១គ្រាប់។ តួលេខនេះ អាចនឹងមិនមានកីឡាករណាមួយបំបែកបានណោះទេ។

ជាមួយគ្នានេះដែរ Messi បានបំបែកកំណត់ត្រារបស់ Gerd Muller ដែលជាឪពុករបស់ខ្សែប្រយុទ្ធក្លឹប Bayern Munich គឺកីឡាករ Thomas Muller ដែលបានស៊ុតបញ្ជូលទីចំនួន ៦៧គ្រាប់កាលពីរដូវកាល ១៩៧២-១៩៧៣ ជំនួសដោយកំណត់ត្រាថ្មីរបស់ Messi ជាមួយគ្រាប់បាល់ ៧៣គ្រាប់ក្នុងរដូវកាល ២០១២-២០១៣។

Messi រកបាន ៩១គ្រាប់ច្រើនជាងគេប្រចាំឆ្នាំ (Calender Year) 
Messi រកបាន ៩១គ្រាប់ច្រើនជាងគេប្រចាំឆ្នាំ (Calender Year) 

៣. ឈ្នះជើងឯកក្នុងលីគកំពូល ៣នៅទ្វីបអឺរ៉ុប - Ronaldo

ការឈ្នះជើងឯក វាហាក់គ្រប់គ្រាន់សម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់ Ronaldo គឺមិនមានករណីលើកលែងនោះឡើយ។ លេខ២ល្អបំផុត មិនមានក្នុងសៀវភៅកំណត់ត្រារបស់ Ronaldo ឡើយ គឺមានតែការបំបែកកំណត់ត្រា ការរកគ្រាប់បាល់ និងការឈ្នះជើងឯកប៉ុណ្ណោះដែលគ្រប់គ្រាន់សម្រាប់រូបគេ។

ជាមួយការឈ្នះជើងឯកក្នុងលីគកំពូលធំៗចំនួន ៣នៅទ្វីបអឺរ៉ុបរួមមាន Premier League នៅអង់គ្លេស La Liga នៅអេស្ប៉ាញ និង Serie A នៅអ៊ីតាលី គឺវាហាក់គ្រប់គ្រាន់។

ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ បានឈ្នះ Premier League ដំបូងនៅរដូវកាល ២០០៦-២០០៧ ជាមួយ Manchester United និងបានឈ្នះ Premier League ២ដង បន្តបន្ទាប់ទៀត។

នៅរដូវកាល ២០១១-២០១២ បានជួយឱ្យ Real Madrid បញ្ចប់នូវភាពលេចធ្លោរបស់ Barcelona ដោយរូបគេបានឈ្នះជើងឯក La Liga ដំបូង និងឈ្នះម្តងទៀតនៅរដូវកាល ២០១៦-២០១៧។ រូបគេបានផ្លាស់ទៅ Juventus នៅរដូវកាល ២០១៨-២០១៩ និងបានឈ្នះជើងឯក Serie A ដំបូងនៅឆ្នាំនោះតែម្តង។

Ronaldo កីឡាករទី១ដែលឈ្នះជើងឯកក្នុងលីគកំពូល ៣នៅទ្វីបអឺរ៉ុប
Ronaldo កីឡាករទី១ដែលឈ្នះជើងឯកក្នុងលីគកំពូល ៣នៅទ្វីបអឺរ៉ុប

២. ឈ្នះពានរង្វាន់កីឡាករល្អជាងគេ ៤ដងជាប់គ្នា (Ballon d'Or) - Messi

នេះជាកំណត់ត្រាមួយដែលមិនអាចបំបែកបាន សូម្បីតែ Ronaldo ដែលបានឈ្នះពាននេះ ៥ដង (២០០៧, ២០១៣, ២០១៤, ២០១៦ និង២០១៧) ក៏ដោយ។

Messi បានឈ្នះ Ballon d'Or ដំបូងនៅឆ្នាំ២០០៩ និងបន្តឈ្នះ៣ដងបន្តបន្ទាប់គ្នាដល់ឆ្នាំ២០១២ ដែលជារជ្ជកាលមាសរបស់ Messi ក៏ដូចជា Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola។

Messi ឈ្នះពានរង្វាន់កីឡាករល្អជាងគេ ៤ដងជាប់គ្នា (Ballon d'Or)
Messi ឈ្នះពានរង្វាន់កីឡាករល្អជាងគេ ៤ដងជាប់គ្នា (Ballon d'Or)

១. រកបាន ៦០គ្រាប់ជាប់ៗគ្នា ៤ឆ្នាំ - Ronaldo

អ្នកគាំទ្របាល់ទាត់អាចនឹងសម្គាល់ដឹងថា កីឡាករមួយចំនួន លេងល្អណាស់ក្នុងមួយរដូវកាល ហើយអាចនឹងធ្លាក់ទម្រង់លេងនៅរដូវកាលបន្ទាប់ ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលបន្តសាងភាពអស្ចារ្យនោះ។

ក្នុងនោះ Cristiano Ronaldo គឺជាស្តេចគ្រាប់បាល់គ្រប់ពេលទាំងនៅក្លឹបអាជីព និងជម្រើសជាតិ ជាក់ស្តែងរូបគេបានសាងភាពល្បីល្បាញ ដោយអាចរកបានគ្រាប់បាល់ច្រើនជាង ៦០គ្រាប់ជាប់ៗគ្នា ៤ឆ្នាំ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ដែលក្នុងវិស័យបាល់ទាត់មិនមាននោះឡើយ សូម្បីតែ Messi ក៏មិនអាចធ្វើបាន គឺបានត្រឹមតែ ២លើកប៉ុណ្ណោះក្នុងអាជីពរបស់គេ៕

Ronaldo រកបាន ៦០គ្រាប់ជាប់ៗគ្នា ៤ឆ្នាំ 
Ronaldo រកបាន ៦០គ្រាប់ជាប់ៗគ្នា ៤ឆ្នាំ 

ប្រភពronaldo.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T