ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ!

//s5.kh1.co/52/52ecaf8f4aa2e546492ade99164d37db1f94dbef.jpg
នារី

 ១៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្នុងការរស់នៅប្រចាំថ្ងៃ ការកណ្តាស់ជារឿងធម្មតា​ ប៉ុន្តែមានមនុស្សមួយចំនួនមានអាការៈឈឺខ្នងពេលកណ្តាស់។

ក្នុងមួយសប្តាហ៍មានអ្នកជំងឺមិន​តិចនាក់ទេ បាន​ទៅមន្ទីរពេទ្យដោយសារតែមានបញ្ហាឈឺខ្នងដោយការកណ្តាស់។ អត្ថបទនេះនឹងបង្ហាញអំពីមូលហេតុនៃការឈឺខ្នងដោយការកណ្ដាស់ និងអ្វីគួរធ្វើនៅពេលកណ្តាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការរស់នៅប្រចាំថ្ងៃ ការកណ្តាស់ជារឿងធម្មតា​ ប៉ុន្តែមានមនុស្សមួយចំនួនមានអាការៈឈឺខ្នងពេលកណ្តាស់។ វេជ្ជបណ្ឌិត Reuben Soh អ្នកប្រឹក្សាផ្នែកវះកាត់ឆ្អឹង (Orthopaedics Surgery)បាននិយាយថា ការឈឺខ្នងដែលបណ្តាលមកពីការកណ្តាស់ គឺជារឿងធម្មតា ហើយភាគច្រើនអ្នកដែលមានអាការៈនេះអាយុចន្លោះពី២០ និង៥០ឆ្នាំ។ ចំណែក​ការឈឺខ្នងវិញ​លោក​សាស្ត្រាចារ្យ Jacob Oh ប្រធានផ្នែកវះកាត់ឆ្នឹងខ្នង និងជាអ្នកប្រឹក្សាផ្នែកវះកាត់ឆ្អឹងនៅមន្ទីរពេទ្យ Tan Tock Seng ​សិង្ហបុរី​បានបន្ថែមថា ការឈឺខ្នងនេះមិនពាក់ព័ន្ធទៅនឹងអាយុទេ។

មូលហេតុនៃការឈឺខ្នង

វេជ្ជបណ្ឌិត Jacob Oh បាននិយាយថា ការកណ្ដាស់ គឺសកម្មភាពមួយដែលអាចធ្វើឲ្យសាច់ដុំរាងកាយមានភាពតឹងតែងភ្លាមៗ ហើយក្នុងពេលជាមួយគ្នានោះ សន្ទះ​ឆ្អឹង​ខ្នង (intervertebral Disc) មានតួនាទីដូចឧបករណ៍ស្រូបការឆក់នៅក្នុងឆ្អឹងខ្នង ជួយក្នុងការទប់ផលប៉ះពាល់នេះ។ សន្ទះឌីស​​ឆ្អឹង​ខ្នង (intervertebral Disc) នីមួយៗមានផ្ទុកនូវ annulus fibrosus ដែលមានរាងដូចសំបកកង់ និងស្រោបបណ្តូលដូចជែលមានឈ្មោះថា nucleus pulposus។ ប៉ុន្តែឌីសនេះអាចនឹងបែក ឬលៀនចេញប្រសិនជាមានការកណ្ដាស់ខ្លាំងផ្ទួនៗជាច្រើនដង។ អាការៈនេះកើតឡើងនៅពេលដែល nucleus pulposus ចេញពី annulus fibrosus និងចូលទៅក្នុងបំពង់ឆ្អឹងខ្នង(Spinal canal)​ ដែលធ្វើឲ្យមានអាការៈស្ពឹក ឬឈឺចុកចាប់ចុះទៅជើង (Sciatica)។ ពេលខ្លះការកណ្ដាស់នេះអាចធ្វើឲ្យ annulus fibrosus រហែកទៀតផង។

មនុស្សដែលងាយប្រឈមនឹងអាការៈនេះ

វេជ្ជបណ្ឌិត Oh បានលើកឡើងថា​ សម្រាប់អ្នកអាយុក្រោម៥០ឆ្នាំ ការកណ្ដាស់អាចធ្វើឲ្យមានអាការៈឈឺចាប់ត្រង់ខ្នង ប្រសិនជាធ្លាប់មានរបួសខ្នងពីមុន។ ដូចគ្នាទៅនឹងអ្នកធ្វើសកម្មភាពដែលមានផលប៉ះពាល់ខ្លាំង (high-impact activities) ដូចជា ការធ្វើលំហាត់ប្រាណដោយការលើកទម្ងន់ ឬលេង​កីឡាដូចជា តេននីស ឬការអុំទូក។ បន្ថែមពីនេះទៀត ការជក់បារី និងជំងឺធាត់ជ្រុលក៏អាចជាកត្តារួមចំណែកផងដែរ។

តើគួរធ្វើបែបណានៅពេលកណ្ដាស់?

Ringo Yee ប្រធានផ្នែកព្យាបាលដោយចលនានៅមន្ទីរពេទ្យ​ Tan Tock Seng ដែល​ជា​មន្ទីរពេទ្យ​ធំមួយ​នៅ​សិង្ហបូរី បាន​និយាយថា​ វាមិនចាំបាច់ក្នុងការទប់រាងកាយពេលកណ្ដាស់ទេ ប៉ុន្តែអាចតម្រង់ខ្លួនពីការពត់ខ្លួនទៅមុខ ប្រសិនជាយើង​អាចប្រតិកម្មនៅពេលនោះ ឬបើសិនជាយើង​កំពុងអង្គុយ អាចអង្គុយឲ្យត្រង់ខ្លួន។ ការឱបខ្លួនទៅមុខពេលកណ្តាស់​អាចធ្វើឲ្យមានផលប៉ះពាល់ដល់ឌីសឆ្អឹងខ្នង ដែលអាចបង្កើនហានិភ័យនៃការរហែកនៃ annulus fibrosus និងការលៀនចេញឌីស​ឆ្អឹងខ្នង (Herniated disc)។

តើគួរទប់កណ្ដាស់ដែរឬទេ?

យើងអាចកាត់បន្ថយនូវសំឡេងនៃការកណ្ដាស់​ ប៉ុន្តែមិនត្រូវទប់កណ្តាស់ទេ ព្រោះវាអាចប៉ះពាល់ដល់បំពង់ក។ តាមរបាយការណ៍វេជ្ជសាស្ត្រ BMJ នៅឆ្នាំ២០១៨ មានបុរសម្នាក់បានទប់កណ្តាស់រហូតដល់បែកបំពង់ក។ បុរសរូបនេះបានជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីទទួលការព្យាបាល។

តើគួរធ្វើដូចម្តេច​ ប្រសិនជាឈឺខ្នងដោយការកណ្ដាស់?

វេជ្ជបណ្ឌិត Yee បានណែនាំថា ព្យាយាមអង្គុយ ឬឈរនូវឥរិយាបថណាមួយដែលមានភាពងាយស្រួល ដោយផ្អែកលើសកម្មភាពដែលកំពុងធ្វើនៅពេលកណ្តាស់ និងមើលថាតើអាចធ្វើចលនាដោយភាពងាយស្រួលដែរឬទេ។​ ប្រសិនជាការឈឺចុកចាប់នៅមានក្រោយពីការកណ្តាស់ ធ្វើការចំណាំនៅកន្លែងដែលឈឺ និងចៀសវាងនូវសកម្មភាពដែលប្រើរាងកាយខ្លាំង ឬអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ថ្នាំបន្ថយការឈឺចាប់។​

ជាទូទៅ អាការៈនេះនឹងជាក្នុងរយៈពេលមួយ ទៅពីរសប្តាហ៍ ឬយ៉ាងយូរអាចពីប្រាំមួយសប្តាហ៍ដល់បីខែ។ ប៉ុន្តែប្រសិនជាមានរោគសញ្ញាមួយចំនួនដូចជាជើងខ្សោយកម្លាំង ឬមានអាការៈបន្ទោរ​បង់ ឬ​នោម​អត់​ដឹង​ខ្លួនត្រូវទៅពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T