អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានចូលខ្លួនប្រជែងជាមួយក្លិបធំៗ៣ ចុះកុងត្រាយកខ្សែបម្រើវ័យក្មេងរបស់ក្រុមចាបលឿង Norwich City កីឡាករ Todd Cantwell នៅរដូវក្ដៅខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើវ័យ២១ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យភ្ញាក់ផ្អើលឲ្យក្រុម Norwich ក្នុងរដូវកាលនេះ។ ពោលក្នុងចំណោមការបង្ហាញខ្លួន២៦ប្រកួតនៅ Premier League គេស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង។
ក្រុមចាបលឿងបច្ចុប្បន្នស្ថិតនៅបាតតារាង គិតត្រឹមសប្ដាហ៍ទី២៦នេះ ពួកគេរកបានតែ១៨ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាមិញ Cantwell ត្រូវបានគេរំពឹងថា អាចនឹងបន្តមានវត្តមាននៅលីគកំពូលអង់គ្លេសនៅរដូវកាលក្រោយ បើទោះជាក្រុមរបស់គេ ទំនងជាត្រូវធ្លាក់ទៅលេងក្របខណ្ឌ Championship ក៏ដោយ។
បើយោងតាមការចុះផ្សាយរបស់កាសែត Athlectic អ្នកចាត់ការទូទៅក្រុមហង្សក្រហម លោក Jurgen Klopp មានការពេញចិត្តទៅនឹងសម្ថភាពរបស់ខ្សែបម្រើក្រុម Norwich រូបនេះ។
ទោះជាយ៉ាងណា Liverpool អាចនឹងប្រឈមជាមុខក្លិបធំៗបី ក្នុងការប្រជែងយក Cantwell ពីទឹកដី Carrow Road នៅរដូវក្ដៅខាងមុខ ដោយរបាយការណ៍បានបញ្ជាក់ថាក្រុមបិសាចក្រហម Manchester United, Tottenham Hotspur និង Manchester City ក៏មានចំណាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ២១ឆ្នាំផងដែរ។
គួរឲ្យដឹងដែរថា Cantwell បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយក្រុមចាបលឿងរហូតដល់ឆ្នាំ២០២២ ខណៈប្រធានក្លិប Norwich លោក Daniel Farke មានគម្រោងលក់ខ្សែបម្រើសញ្ជាតិអង់គ្លេស ក្នុងតម្លៃខ្ទង់៣០លានផោន (ឬប្រមាណ៣៨លានដុល្លារ)៕
ប្រភព៖ sportsmole