តើការស្វែងរកជីវិត នៅក្រៅភពផែនដី បានឈានដល់ដំណាក់កាលណាហើយ?

//s5.kh1.co/6f/6fffdd53a68644229385c825a63fd848ec71da6c.jpg
បច្ចេកវិទ្យា

 ១៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បច្ចេកវិទ្យាថ្មីៗ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនលទ្ធភាព នៃការស្វែងរកជីវិត នៅក្រៅភពផែនដី។

អាមេរិក៖ របាយការណ៍អង្កេតតារារាប់ពាន់លានដួង នៅក្នុងកាឡាក់ស៊ីមីលគីវ៉េ អាចត្រូវបានគេ ចាប់បានសញ្ញានៃជីវិត ហើយតារាវិទូមួយចំនួន ត្រូវបានលើកទឹកចិត្ត ឲ្យស្វែងរកពួកវា។ ក្រុមអ្នកជំនាញនៃវិទ្យាស្ថាន SETI កំពុងអភិវឌ្ឍបច្ចេកទេសទំនើប ដើម្បីស្វែងរកសញ្ញាពីលំហ ដែលបង្ហាញពីលទ្ធភាពនៃជីវិតក្រៅភព។ បច្ចេកទេសថ្មីនេះ ត្រូវបានគេហៅថា «technosignatures» ដែលវាអាចរាប់បញ្ចូលពី សមាសធាតុគីមីនៃបរិយាកាសរបស់ផែនដី រហូតដល់ការបញ្ចេញកាំរស្មីឡាស៊ែរ និងរចនាសម្ព័ន្ធគន្លងរបស់តារាផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Tony Beasley ប្រធានមន្ទីរអង្កេតតារាសាស្ត្រ National Radio Astronomy Observatory ដែលមានមូលដ្ឋាននៅរដ្ឋ Virginia បានមានប្រសាសន៍ថា «ការគិតថា តើពួកយើងគឺជាអង្គ មានជីវិតតែមួយគត់នៅក្នុងសកលនេះ ឬយ៉ាងណា គឺស្ថិតនៅក្នុងសំណួរដ៏ពេញនិយមបំផុត នៅក្នុងផ្នែកវិទ្យាសាស្ត្រ»។ ក្រុមអ្នកវិទ្យាសាស្ត្រ STEI គ្រោងនឹងអភិវឌ្ឍប្រព័ន្ធមួយ ទៅលើវិទ្យុតេឡេទស្សន៍ Very Large Array (VLA) ដែលមានទីតាំងនៅរដ្ឋ New Mexico ដើម្បីផ្ដល់ទិន្នន័យ សម្រាប់ប្រព័ន្ធស្រាវជ្រាវ technosignature។

ប្រព័ន្ធស្រាវជ្រាវ technosignature អាចនឹងជួយដល់ ដំណើរការស្វែងរកជីវិតក្រៅភព កាន់តែមានប្រសិទ្ធភាព
ប្រព័ន្ធស្រាវជ្រាវ technosignature អាចនឹងជួយដល់ ដំណើរការស្វែងរកជីវិតក្រៅភព កាន់តែមានប្រសិទ្ធភាព

លោក Beasley បានបន្ថែមទៀតថា «ខណៈពេល VLA ធ្វើការសង្កេត តាមបែបវិទ្យាសាស្ត្រសាមញ្ញ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាត ឲ្យមានការប្រើប្រាស់បន្ថែមនិងសំខាន់ សម្រាប់ទិន្នន័យដែលយើងបានប្រមូលរួចហើយ»។ អ្នកជំនាញបាននិយាយថា ទម្រង់នៃជីវិតអាចនឹងត្រូវចាប់ឬរកឃើញ ដោយបរិមាណអុកស៊ីសែន បរិមាណមេតាន និងសារធាតុគីមីផ្សេងៗទៀត។

អ្នកស្រី Victoria Meadows​ ដែលជាតារាវិទូរបស់អង្គការណាសា បាននិយាយថា «តេឡេទស្សន៍ថ្មីៗ ទាំងនៅលើអវកាសនិងលើផែនដី នឹងមានសមត្ថភាព តាមដានបរិយាកាសនៃភព ដែលមានទំហំប៉ុនផែនដី ដែលវិលជុំវិញគន្លងផ្កាយ ដែលនៅក្បែរវា»។

វិទ្យុតេឡេទស្សន៍ Very Large Array (VLA) ដែលមានទីតាំងនៅរដ្ឋ New Mexico 
វិទ្យុតេឡេទស្សន៍ Very Large Array (VLA) ដែលមានទីតាំងនៅរដ្ឋ New Mexico 

ឥឡូវនេះ សាធារណជនទាំងឡាយ ត្រូវបានលើកទឹកចិត្ត ឲ្យចូលរួមស្វែងរកទិន្នន័យ តាមរយៈតេឡេទស្សន៍ផ្សេងៗ នៅជុំវិញពិភពលោក ដើម្បីប្រមូលនិងស្វែងរកសញ្ញា ពីអរិយធម៌នៃជីវិតក្រៅភព។ គំនិតផ្ដួចផ្ដើមនិងយុទ្ធសាស្ត្រ ក្នុងការស្វែងរកជីវិតក្រៅភព ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមអាមេរិក American Association for the Advancement of Science ក្នុងទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T