ថៃ៖ អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបខ្លះហើយអំពីករណីបាញ់ប្រហារមួយនៅខេត្តនគររាជសីមា កាលពីប៉ុន្មានថ្ងៃមុននេះ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់សរុប ៣០នាក់ (បូកទាំងខ្មាន់កាំភ្លើង) និង៥៨នាក់ផ្សេងទៀតរងរបួស។ ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត ក៏មានយុវជនឈ្មោះ អាទីវ៉ា វ័យ ១៨ឆ្នាំម្នាក់ដែរ។

អាទីវ៉ា ជាសិស្សទើបបញ្ចាប់ថ្នាក់វិទ្យាល័យមកពីខេត្តបុរីរ៉ាម និងបានមកបន្ដការសិក្សាថ្នាក់មហាវិទ្យាល័យក្នុងខេត្តនគររាជសីមា។ តែជាអកុសលនៅថ្ងៃកើតហេតុ អាទីវ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់គ្រាដែលគេព្យាយាមរារាំងមិនឲ្យខ្មាន់កាំភ្លើងចូលទៅក្នុងបន្ទប់ក្លាហ្សេមួយដែលស្ថិតក្នុងផ្សារទំនើប ក្នុងគោលបំណងការពារអាយុជីវិតមនុស្ស នាក់ផ្សេងទៀតដែលកំពុងលាក់ខ្លួននៅខាងក្នុងនោះ។

ទិដ្ឋភាពពិធីបុណ្យសពរបស់ អាទីវ៉ា

យោងតាមជីដូនវ័យ ៧៣ឆ្នាំរបស់ជនរងគ្រោះខាងលើបានបញ្ជាក់ថា ចៅប្រុសរបស់គាត់បានទៅខេត្តនគររាជសីមា ដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីរូបគេបញ្ចាប់ថ្នាក់វិទ្យាល័យក្នុងខេត្ដបុរីរ៉ាម ហើយម្ដាយរបស់ អាទីវ៉ា ក៏បានទៅខេត្តនគររាជសីមាជាមួយផងដែរធ្វើការជាបុគ្គលិកអនាម័យ ដើម្បីរកប្រាក់ឲ្យគេបានចូលរៀនថ្នាក់មហាវិទ្យាល័យ។ លោកយាយបន្ដថា នៅថ្ងៃកើតហេតុគាត់មិនបានមើលទូរទស្សន៍ឡើយ ដូច្នេះហើយគាត់មិនបានដឹងពីស្ថានភាពយ៉ាងណានោះទេ។ រហូតទាល់តែអ្នកជិតខាងរបស់គាត់បានដឹង និងប្រាប់ដំណឹងដ៏សោកសៅនេះមកគាត់បន្ត។

ទោះជាយ៉ាងណាក៏ដោយ លោកយាយសង្ឃឹមថារដ្ឋាភិបាលថៃនឹងចេញមុខជួយគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនេះ៕

ក្មេងប្រុស អាទីវ៉ា
ក្មេងប្រុស អាទីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ