រាជធានីភ្នំពេញ ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជិត២ខែមកនេះ លោកជា សុវណ្ណារិទ្ធ ដែលជាពិធីករប្រចាំ ស្ថានីយទូរទស្សន៍បាយ័ន គេសង្កេតឃើញថា ពេលចេញទៅណាមកណាម្តងៗ នាំភរិយាទៅជាមួយជានិច្ច ។ទោះជាយ៉ាងណាក្តី គេមិនទាន់ឮដំណឹងល្អថា គូស្នេហ៍នេះមានកូនទេ ។ រឿងនេះមិត្តរួមអាជីពខ្លះនិយាយថា លោកជា សុវណ្ណារិទ្ធ មិនទាន់ចង់បានកូនទេ ព្រោះនៅចង់ធ្វើដូចជាគូស្នេហ៍ កំលោះក្រមុំសាងអនុស្សាវរីយ៍ ឱ្យបានច្រើនជាងនេះសិន ដូច្នេះប្រហែលជា២ទៅ៣ឆ្នាំ ទៀតទើបគិតគូររឿងមានកូន ។
ផ្ទុយទៅវិញអ្នកនាងសុភាព មូល្យ៉ា ដែលជាភរិយារបស់លោកជា សុវណ្ណារិទ្ធ ប្រាប់កោះសន្តិភាពឱ្យដឹងកាលពីពេលថ្មីៗនេះថា នាងនិងស្វាមីមានគម្រោងមានកូននៅចុងឆ្នាំនេះ ព្រោះមិនចង់នៅយូរពេកទេ ដោយវ័យរបស់នាង និងលោកជា សុវណ្ណារិទ្ធសមល្មមនឹងអាចធ្វើជា ឪពុកម្តាយរបស់គេបានហើយ ។ដោយឡែកលោកជា សុវណ្ណារិទ្ធ ឆ្លើយទាំងអឹមអៀនថា លោកចង់បានកូននៅក្នុងខែតុលា ព្រោះមិនចង់នៅយូរដូចជា ពាក្យគេថានោះទេ ។ ណាមួយការមានកូនគឺជាចំណងដៃដ៏ មានសុភមង្គលរបស់ប្តីប្រពន្ធលោក ។
ពិធីកររូបនេះអះអាងថា លោកស្រឡាញ់កូនស្រី តែភរិយារបស់លោកស្រឡាញ់កូនប្រុស ដូច្នេះលោកមិនដឹងជាគិតយ៉ាងណាទេ មានតែតាមដំណើរធម្មជាតិផ្តល់ឱ្យទៅចុះ ហើយពេលកូនកើតមកទោះស្រីក្តីប្រុសក្តី លោកស្រឡាញ់តែទាំងអស់។ ចាប់តាំងពីរៀបការមកលោកជា សុវណ្ណារិទ្ធ បានទៅរស់នៅខាងប្រពន្ធ ហើយពេលនេះលោកមានគម្រោង បើកហាងសំអាងការមួយដោយកំពុងតែស្វែងរកទីតាំង ។ សម្អាងការនោះភរិយារបស់លោកគឺជាអ្នកគ្រប់គ្រងផ្ទាល់ ។ ចំណែកអាជីពសិល្បៈវិញលោកជា សុវណ្ណារិទ្ធកំពុងចរចាថតរឿងភាពយន្តថ្មីមួយ ។
លោកជា សុវណ្ណារិទ្ធ មានគម្រោងចង់ទិញផ្ទះរស់នៅតែពីរនាក់ប្តីប្រពន្ធ តែលោកមិនទាន់មានលទ្ធភាពនៅឡើយ ចាំឱ្យមុខរបរដំណើរការបានល្អជាងនេះសិន ។ លោកជា សុវណ្ណារិទ្ធ បានរៀបអាពាហ៍ពិពាហ៍ ជាមួយនាងសុភាព មូល្យា៉ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ។ ភរិយាលោកមានវ័យ២៣ឆ្នាំ ជានិស្សិតសាលាច្នៃម៉ូដលីមកុកវីង និងជាកូនស្រីលោកសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]