ចង់ដឹងទេ? តារាឆ្នើម ៥រូបណា ដែល Beckham ចង់បានមក​ចូលរួមជាមួយ Inter Miami នៅលីគកំពូលអាមេរិកនារដូវ​កាល​ក្រោយ?

//s5.kh1.co/79/79554d8b931e39b04b99f8598634f0781bffa212.jpg
កីទ្បា

១៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ Inter Miami ជាក្លឹបបាល់ទាត់របស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ដែលគ្រោងនឹងចូលរួមក្នុងលីគកំពូលរបស់សហរដ្ឋអាមេរិកនារដូវកាល ២០២០-២០២១ខាងមុខនេះ។ អតីតកីឡាកររូបសង្ហាផុតលេខរូបនេះ ធ្លាប់បានទាក់ទងតារាបាល់ទាត់ឆ្នើមៗជាច្រើន ដើម្បីចូលរួមជាមួយក្លឹបរបស់ខ្លួន ក្នុងនោះ Neymar Jr  និង Antoine Griezmann ក៏ធ្លាប់និយាយថា នឹងចូលរួមជាមួយ Inter Miami នៅថ្ងៃណាមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham ប្រធានក្លឹបបាល់ទាត់ Inter Miami

David Beckham ប្រធានក្លឹបបាល់ទាត់ Inter Miami

តារាឆ្នើមមួយចំនួននៅតែមិនបានចូលរួមក្នុងគម្រោងរបស់ Beckham នៅឡើយ ក្នុងនោះក៏មាន Lionel Messi និង Cristiano Ronaldo ដែលពួកគេអាចនឹងលេងនៅក្លឹបធំៗក្នុងតំបន់អឺរ៉ុបប្រមាន ២-៣ រដូវកាលទៀត។

ទោះជាយ៉ាងណា Beckham នៅតែជឿជាក់ថា គាត់នៅតែអាចលួងលោមពួកគេមកចូលរួមជាមួយខ្លួន ខណៈដែលលោកបានបង្ហាញឈ្មោះតារាឆ្នើម ៥រូប ដែលអាចនឹងដល់ពេលវេលានៃដំណើរចុងក្រោយក្នុងអាជីពនៅតំបន់អឺរ៉ុបរបស់ពួកគេ។

តោះ មកមើលតារាឆ្នើមទាំងនោះ តើមាននរណាខ្លះ?

៥. Luis Suarez វ័យ ៣៣ឆ្នាំ៖ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ កំពុងតែព្យាបាលរបួសជង្គង់រយៈពេលវែងរបស់ខ្លួន ដែលនេះអាចជាមូលហេតុមួយបង្ហាញថា អាជីពរបស់គេនៅ Barcelona អាចនឹងបញ្ចប់ ប៉ុន្តែរូបគេអាចនឹងសំខាន់ក្នុងការប្រកួតប្រជែងនៅលីគផ្សេងទៀត។

វិទ្យុអេស្ប៉ាញ Catalunya Radio បានឱ្យដឹងថា Beckham បានផ្តល់កិច្ចសន្យារយៈពេល ៤ឆ្នាំ សម្រាប់ Luis Suarez ប៉ុន្តែត្រូវបានគេបដិសេដ ខណៈដែល Beckham ស្នើឱ្យរូបគេពិចារណាម្តងទៀត។

Luis Suarez ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona

Luis Suarez ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona

៤. David Silva វ័យ ៣៤ឆ្នាំ៖ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ កំពុងស្ថិតក្នុងរដូវកាលចុងក្រោយជាមួយ Manchester City បន្ទាប់ពីមានរដូវកាល និងអាជីពដ៏ជោគជ័យនៅទីនោះ យ៉ាងណាមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថា រូបគេនឹងបន្តលេងនៅក្លឹបណានៅឡើយទេ។

ការចូលរួមជាមួយ Beckham គឺជាពេលវេលាដ៏សក្តិសមសម្រាប់គម្រោងចូលនិវត្តន៍របស់ Silva និងជាកន្លែងដែលរូបគេអាចរកចំណូលបានច្រើនក្នុងអាជីពជាកីឡាករបាល់ទាត់។

David Silva កំពុងស្ថិតក្នុងរដូវកាលចុងក្រោយជាមួយ Manchester City

David Silva កំពុងស្ថិតក្នុងរដូវកាលចុងក្រោយជាមួយ Manchester City

៣. Luka Modric វ័យ ៣៥ឆ្នាំ៖ វាមិនមែនជារឿងអាថ៌កំបាំងទេដែលថា Luka Modric ត្រូវបានគេចាត់ទុកថាជាកីឡាករជើងចាស់ និងលេងឱ្យ Real Madrid ច្រើនរដូវកាលមកហើយនោះ ខណៈរូបគេក៏កំពុងសម្លឹងពីជម្រើសផ្សេងៗទៀតបន្ទាប់ពីចាកចេញ។

វាអាចសល់ពេលត្រឹមមួយរដូវកាលទៀតសម្រាប់ការប្រកួតប្រជែងក្នុងតំបន់អឺរ៉ុបសម្រាប់ប្រធានក្រុមជម្រើសជាតិក្រូអាតរូបនេះ ស្របពេលដែល Antonio Conte គ្រូបង្វឹកក្រុម Inter Milan កំពុងចាប់អារម្មណ៍រូបគេ ចំណែក Beckham ក៏ព្យាយាមទាក់ទង Modric ដើម្បីចូលរួមជាមួយខ្លួនដូចគ្នា ខណៈដែលក្លឹបទាំងពីរកំពុងប្រឈមមុខដាក់គ្នាលើផ្លូវច្បាប់សម្រាប់ឈ្មោះក្លឹប។

Luka Modric កីឡាករខ្សែបម្រើឆ្នើមរបស់ Real Madrid

Luka Modric កីឡាករខ្សែបម្រើឆ្នើមរបស់ Real Madrid

២. Edinson Cavani វ័យ ៣២ឆ្នាំ៖ បន្ទាប់ពីបរាជ័យក្នុងការផ្លាស់ទៅចូលរួមជាមួយ Atletico Madrid កាលពីខែមករាកន្លងទៅនេះ វាមិនមានជម្រើសច្រើនទៀតឡើយសម្រាប់ Cavani។

នេះអាចជាឱកាសចុងក្រោយសម្រាប់រូបគេក្នុងការបង្ហាញខ្លួនក្នុងកម្រិតខ្ពស់ជាមួយក្លឹបធំៗ។ រូបគេបានដឹងច្បាស់ថា នឹងចាកចេញពី​ក្លឹបអ្នកមានបារាំង PSG នៅពេលដែលគេកាន់តែចាស់ ស្របពេលដែល Inter Miami ជាជម្រើសដ៏ពិតប្រាកដសម្រាប់រូបគេពិចារណាចាកចេញនាចុងរដូវកាលនេះ។

Edinson Cavani ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ និង PSG

Edinson Cavani ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ និង PSG

១. Gareth Bale វ័យ ៣០ឆ្នាំ៖ David Beckham បានជួបនិយាយដោយផ្ទាល់ជាមួយប្រធានក្លឹប Real Madrid លោក Florentino Perez អំពីអនាគតរបស់ Gareth Bale។

Gareth Bale ខ្សែប្រយុទ្ធអន្តរជាតិវែល និង Real Madrid

Gareth Bale ខ្សែប្រយុទ្ធអន្តរជាតិវែល និង Real Madrid

ទំនាក់ទំនងដ៏ល្អរបស់ Beckham ជាមួយនឹង Real Madrid គឺជាហេតុផលមួយដែលពួកគេត្រូវតែស្តាប់ ស្របពេល Beckham គ្រោងនឹងផ្តល់ជូននូវកញ្ចប់ដ៏ធំមួយដែលធ្វើឱ្យ Bale ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់លីគកំពូលអាមេរិក។ យ៉ាងណា Gareth Bale ហាក់មិនទាន់ចង់ចាកចេញពីការប្រកួតប្រជែងក្នុងកម្រិតខ្ពស់នៅឡើយទេ៕

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T