ប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មីមួយខ្នង នៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង!

//s5.kh1.co/dc/dc10c308b3fc53404e588eac0f00cf6898dacf68.jpg
សង្គម

 ១១-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង។

ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ទី 7 ខែកុម្ភៈ ឆ្នាំ2020 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះកសាងឡើងដោយប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
បណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង

ពិធី​នេះ​​​ប្រព្រឹត្ត​ទៅ​​​ក្រោម​អធិបតីភាព​​របស់លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ជាតំណាងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ពិន ដារ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងលោក  អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងសហគមន៍។

ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង

ថ្លែងក្នុងពិធីនោះលោក ថន ថាវុទ្ធា ​បាន​ឡើងថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមពិធីនៅថ្ងៃនេះ និងបាន​ថ្លែងអំណរគុណ​ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ​ដែល​បាន​ផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ ​ ​ដើម្បីចូលរួម​លើកកម្ពស់​វិស័យ​អប់រំ និងបណ្ដុះវប្បធម៌អាននៅក្នុង​ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។​​ នេះគឺជាកាយវិការដ៏សប្បុរសដ៏គួរឱ្យកើតសរសើរក្រៃលែងរបស់ប្រាសាក់នៅក្នុងកិច្ចការសង្គម ដែលបានផ្ដល់នូវសមិទ្ធផលដែលមិនអាច​កាត់ថ្លៃបាននេះ។

ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង

ចំណែកលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ការសាងសង់អគារបណ្ណាល័យនេះ គឺជាការងារដែលប្រាសាក់ធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍ជូនដល់សង្គម ដោយចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្សដែលជាកូនជាចៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នានា ដែលប្រាសាក់បានធ្វើប្រតិបត្តិការ ដើម្បីជាការតបស្នងចំពោះការគាំទ្រនិងប្រើប្រាស់ផលិតផល និងសេវាប្រាសាក់។

ជាក់ស្ដែងនៅក្នុងខេត្តស្វាយរៀង ប្រាសាក់ បានផ្ដល់ជាអគារបណ្ណាល័យចំនួន 2 ក្នុងនោះបណ្ណាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យម្រាម ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ត្រូវបានសាងសង់រួច ប៉ុន្តែមិនទាន់បំពាក់សម្ភារៈនៅឡើយ។ ចំណែកឯបណ្ណាល័យមួយទៀត គឺបណ្ណាល័យនៅសាលាបឋមសិក្សាសំរោង ដែលកំពុងសម្ពោធនាឱកាសនេះ។ លោកបន្តថា នៅក្នុងគម្រោងបណ្ណាល័យសាលាសំរោងនេះ ប្រាសាក់ និងមូលនិធិ CVC បានផ្ដល់ជាថវិកាក្នុងការកសាងជាអគារបណ្ណាល័យ ការបំពាក់សៀវភៅ សម្ភារៈ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល 3 ឆ្នាំ។

បណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
បណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង

ជាសំណូមពរលោកសង្ឃឹមថាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានប្រជាពលរដ្ឋជាអតិថិជន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនឹងបន្តការគាំទ្រប្រាសាក់តទៅទៀតក្នុងថ្ងៃអនាគត ដើម្បីប្រាសាក់មានលទ្ធភាពកាន់តែច្រើនក្នុងការជួយដល់សង្គមជាតិ។

​ថ្លែង​ក្នុង​ឱកាស​នេះ​លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បាន​សម្ដែង​​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ និង​កោត​សរសើរ​ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគម្រោងបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចយកវិស័យអប់រំជាអាទិភាព។

ប្រាសាក់ គឺជាដៃគូដ៏ល្អក្នុងការលើកកម្ពស់វិស័យអប់រំ។ លោក​បាន​សំណូមពរ​ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងមាតាបិតាសិស្ស ជួយ​ថែរក្សា និង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពីលទ្ធភាព ដោយ​ជំរុញឱ្យ​មាន​ការ​អានឱ្យ​បាន​ច្រើន​ផុសផុល ​ដើម្បីបង្កើនបំណិនជីវិត ចំណេះដឹង និងសមត្ថភាពឱ្យបានទូលំទូលាយ។ លោកបញ្ជាក់ថា ការអានសៀវភៅធ្វើឱ្យ​យើងមានចំណេះដឹងដើម្បីកសាងជីវភាពបានធូរធារ ចេះថែរក្សាសុខភាព និងគិតគូរបានវែងឆ្ងាយ។ អាស្រ័យហេតុនេះមាតាបិតាសិស្សត្រូវបញ្ជូនកូនទៅរៀនឱ្យបានគ្រប់គ្នា និងឱ្យបានរៀនវែងឆ្ងាយកុំបោះបង់ចោលការសិក្សា និងការអានសៀវភៅ ហើយទាំងអស់គ្នាត្រូវជួយថែរក្សាបណ្ណាល័យ​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​រាប់ជំនាន់​ទៅមុខទៀត។

ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង

សូមបញ្ជាក់ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​201​9 នេះ គម្រោង​បណ្ណាល័យ​ប្រាសាក់​ដាក់ឱ្យប្រើប្រាស់ និងកំពុងសាងសង់​ចំនួន 41 អគារគ្រប​ដណ្តប់​លើ​ភូមិ​ចំនួន​ 455 ភូមិ​ ដែល​មាន​ចំនួន​គ្រួសារ​សរុប​ 98,613​ គ្រួសារ ​​មាន​ប្រជាជន​សរុប​ចំនួន 404,559 នៅ​ក្នុង 13 ខេត្តរួម​មាន ​កំពង់ស្ពឺ​ កំពង់ចាម កណ្ដាល​ ព្រៃវែង​ កំពង់ធំ​ សៀមរាប​ តាកែវ​ ព្រះវិហារ​ ​​បាត់ដំបង​ ស្វាយរៀង បន្ទាយមានជ័យ ​កែប និងពោធិ៍សាត់ និង​មាន​សិស្សា​នុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ 110,120​ នាក់៕

ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
ពិធីសម្ពោធបណ្ណាល័យថ្មីនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T