អាមេរិក៖ ផូស៊ីលរបស់សត្វល្មូនដ៏ចម្លែកបំផុត ដែលធ្លាប់បានរស់នៅលើផែនដីជាង ២០០លានឆ្នាំមុន ត្រូវបានក្រុមអ្នកស្រាវជ្រាវអាចកំណត់អត្តសញ្ញាណជាលើកដំបូងបានហើយ ក្រោយពីការរកឃើញកាលពីជាង១០ឆ្នាំមុន នៅតំបន់មួយក្នុងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា thalattosaurus គីជាប្រភេទសត្វល្មូន ដែលរស់នៅក្នុងសមុទ្រកាលពីសម័យបុរាណ វាមានមាត់វែង ហើយមានប្រវែងដល់ទៅជាង ៤ ម៉ែត្រ។ ពួកវាធ្លាប់មានវត្តមាននៅលើភពផែនដីក្នុងសម័យកាល Triassic ហើយបានរស់នៅក្នុងសមុទ្រអស់រយៈពេលប្រហែលជា៤០លានឆ្នាំ មុនពេលពួកវាផុតពូជ។

លោក Neil Kelley ដែលជាសាស្ត្រចារ្យដឹកនាំការស្រាវជ្រាវនេះបាននិយាយថា៖
Thalattosaurs គឺជាប្រភេទសត្វស្ថិតក្នុងចំណោមសត្វល្មូនរស់នៅលើដីដំបូងគេ ដែលវិវត្តខ្លួនទៅរស់នៅក្នុងសមុទ្រ។ ពួកវាបានរស់នៅ និងបន្តពូជនៅលើផែនដីរាប់សិបលានឆ្នាំមកហើយ ហើយផូស៊ីលរបស់ពួកវាគឺពិតជាកម្រខ្លាំងណាស់ ដូច្នេះការរកឃើញថ្មីនេះ នឹងអាចជួយពួកយើងឱ្យសិក្សាបានកាន់តែច្បាស់បន្ថែម អំពីដំណើរវិវឌ្ឍ និងការផុតពូជរបស់វា។

គួររម្លឹកផងដែរថា ផូស៊ីលរបស់សត្វល្មូនមួយប្រភេទនេះ ត្រូវបានរកឃើញដំបូងកាលពីខែឧសភា ឆ្នាំ ២០១១ ដោយ លោក Jim Baichtal ដែលជាភូតព្ភវិទូទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្នុងរដ្ឋអាឡាស្កា៕

