ចូលរួមសោកស្ដាយ! ទារកក្នុងផ្ទៃរបស់ភរិយាកីឡាករ យ៉េន ឌីណា បានស្លាប់បាត់ហើយ

//s5.kh1.co/9c/9c66cafd5fb32a80b6b0a7a37c584cb584e39543.jpg
កីទ្បា

 ០៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទារកក្នុងផ្ទៃភរិយារបស់ យ៉េន ឌីណា ស្លាប់ព្រោះតែមិនលូតលាស់

ភ្នំពេញ៖ និយាយដល់ឈ្មោះ យ៉េន ឌីណា (ប៉ោ ភារឹទ្ធ) ប្រិយមិត្តដែលតែងតែនិយមតាមដាន និងអ្នកគាំទ្រនូវវិស័យកីឡាប្រដាល់គុនខ្មែរ ច្បាស់ជាស្គាល់ច្បាស់អ្នកប្រដាល់មានដើមកំណើតមកពីខេត្តកោះកុង រហស្សនាមសាច់សល្អកែងម្នាក់នេះ។ ក្រោយធ្លាក់ចុះទម្រង់នៃការវាយមួយរយៈមុន យ៉េន ឌីណា ត្រូវបានគេមើលឃើញថាបានឡើងយ៉ាងខ្លាំងក្រោយចូលរោងជ័យរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ១៤ប្រកួតក្រោយរៀបអាពាហ៍ពិពាហ៍រួចកូនសិស្សរបស់លោកគ្រូ អេ ភូថង ម្នាក់នេះប្រកួតមិនដែលចាញ់នោះទេ មិនថាសង្វៀនក្នុងស្រុកនិងក្រៅស្រុក។ បើតាមការធ្លាប់បញ្ជាក់របស់សាម៉ីខ្លួនផ្ទាល់ចំពោះជោគជ័យនិងកត្តាសំខាន់ៗដែលធ្វើឲ្យគេប្រកួតឡើងដូចនេះគឺដោយសារតែមានការជម្រុញទឹកចិត្តខ្លាំងពីភរិយា។

កីឡាករ យ៉េន ឌីណា
កីឡាករ យ៉េន ឌីណា

យ៉ាងណាមិញ ជារឿងដ៏គួរឲ្យសោកសៅមួយក្រោយកាលពីយប់មិញ យ៉េន ឌីណា បានបង្ហោះនៅលើគណនី Facebook ផ្ទាល់ខ្លួនដែលភរិយារបស់លោកបានឈឺត្រូវសម្រាកនៅមន្ទីរពេទ្យ។

កីឡាករ យ៉េន ឌីណា បង្ហោះនៅលើ Facebook
កីឡាករ យ៉េន ឌីណា បង្ហោះនៅលើ Facebook

ប្រាប់មកកាន់ក្រុមការងាររបស់ Khmerload/Keylatop តាមរយៈសារអេឡិចត្រូនិក យ៉េន ឌីណា បានឲ្យដឹងថាមូលហេតុដែលភរិយារបស់លោកសម្រាប់នៅមន្ទីរពេទ្យគឺដោយសារតែទារកក្នុងផ្ទៃរបស់ភរិយារបស់លោកបានស្លាប់។ ឌីណា បានបន្តឲ្យដឹងថាលោកមិនបានដឹងអំពីបញ្ហានេះទេគឺរហូតតែដល់ពេលទៅពិនិត្យនៅមន្ទីរពេទ្យទើបគ្រូពេទ្យបានប្រាប់ថាទារកក្នុងផ្ទៃនោះបានស្លាប់ប្រមាណជា១ខែទៅហើយ ដោយគ្រូពេទ្យបានបញ្ជាក់ថាហេតុផលគឺដោយសារតែទារកក្នុងផ្ទៃមិនមានការលូតលាស់។ ម្ចាស់ខ្សែក្រវាត់ច្រើនខ្សែរូបនេះក៏បានឲ្យដឹងថាបើមកមន្ទីរពេទ្យមិនទាន់ពេលវេលាទេ នោះនឹងអាចប៉ះពាល់ទៅដល់ភរិយារបស់លោកថែមទៀត។

កីឡាករ យ៉េន ឌីណា និងភរិយា
កីឡាករ យ៉េន ឌីណា និងភរិយា

ជាមួយនឹងដំណឹងដ៏សោកស្ដាយមួយនេះ មានអ្នកគាំទ្រជាច្រើនបានសម្ដែងអារម្មណ៍សោកស្ដាយ និងជូនពរឲ្យភរិយារបស់ យ៉េន ឌីណា ឆាប់ជាសះស្បើយតាមរយៈការចូល Comment ផងដែរ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T