ខេត្ត​កណ្តាល​​ ៖ បុរស​ម្នាក់​​​​​​បានត្រូវ​​​កម្លាំង​​​ប៉ុស្តិ៍​​​ឃុំ​ពើក​ សហការ​​​ជាមួយ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ស្រុក​អង្គស្នួល​ ដឹក​នាំ​ដោយ​​លោក​​​អធិការ​​​ មាន​ សំណាង​ ធ្វើ​ការ​​ចាប់​ខ្លួន​​​តាម​ដីកា​​ របស់​​សាលា​ដំបូង​ខេត្ត​​​​​​​​ ដែលបាន​​ចោទ​ប្រកាន់​ពី​​បទ​​​ប៉ុន​ប៉ង​​មនុស្ស​​ឃាត​​​​ដោយ​​ចេតនា​​ កាល​ពី​​​៦ឆ្នាំ​មុន​​​​ ។ ការ​ចាប់​ខ្លួន​​​នេះ​​​ បាន​ធ្វើ​ឡើង​​​​​កាល​ពី​​វេលា​​ម៉ោង​១០និង​​​៤៥នាទី​​​ព្រឹក​​​ថ្ងៃទី​​​២៧ មីនា ឆ្នាំ​២០១២ នៅ​​​មុខ​​រោង​ចក្រ​​​កាត់ដេរ​​ យីហោ​​សាន់​បេស​ ដែលមាន​​ទីតាំង​​​ស្ថិត​​នៅក្នុង​​​ភូមិ​អង្គ​ស្នួល​​ទី​១ ឃុំ​ពើក​ ស្រុក​អង្គស្នួល​​​​ ។

ជន​ជាប់​ចោទ​​រូប​នេះ​​​ឈ្មោះ ហេង បុត្រ អាយុ​​២៧​ឆ្នាំ​​ មានទីលំនៅ​​ភូមិ​អង្គស្នួល​​ទី​២ ឃុំ​ពើក​​ ត្រូវ​ប៉ូលិស​​​ចាប់​​ខ្លួន​ ​តាមដីកា​​លេខ​៦៨៤ ដ.ប.ច.ខ ​ចុះ​ថ្ងៃទី​ខែកញ្ញា​​ ឆ្នាំ​២០១១ ពីបទ​ប៉ុន​ប៉ង​​​មនុស្ស​ឃាត​​ដោយ​ចេតនា​​​ មាន​ស្ថាន​​​​​ទម្ងន់​​ទោស​ឧក្រិដ្ឋ ​ចេញ​​​​ដោយ​​​​​សាលា​ដំបូង​​​ខេត្ត​កណ្តាល​​ ដែល​បាន​ប្រព្រឹត្ត​​​កាល​ពី​​ថ្ងៃទី​​​២៧ ​ខែ​ធ្នូ ឆ្នាំ​២០០៦ នៅក្នុង​​​ភូមិ​អង្គ​​ស្នួល​ទី​​៣​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ។

តាម​ប្រភព​ព័ត៌មាន​​​ពី​សមត្ថកិច្ច​​​​​​ឱ្យ​ដឹង​​ថា កាល​ពី​​៦ឆ្នាំ​​មុន​​ ជន​​ជាប់ចោទ​​​មានគ្នា​​២នាក់​​​បាន​ធ្វើ​​​សកម្ម​ភាព​​កាប់​ប្រហារ​​​​​ បុរស​​ម្នាក់​ក្នុង​រឿង​​​ទំនាស់​​មួយ​​ បណ្តាល​​ឱ្យ​​បុរស​នោះ​​រង​របួស​​​យ៉ាង​ដំណំ​​ រួច​ក៏គេច​ខ្លួន​​រហូត​ដល់​ពេល​នេះ​​ ទើប​​ត្រូវ​​កម្លាំង​ប៉ូលិស​​អនុវត្ត​​តាម​ដីកា​​ចាប់​ខ្លួន​​បាន​ ជាបន្តបន្ទាប់​​​ ។ បក្សពួក​​របស់​ជន​នេះ​​​​ ដែល​​​ជាជន​ដៃដល់​​​​កាប់​​​​​គូ​ទំនាស់​​ ត្រូវ​បាន​គេ​ស្គាល់​​ថា​​​ឈ្មោះ​ សាំ​ សុវណ្ណ​ ហៅ គក់ អាយុ​២៣​ឆ្នាំ​ ​​​បាន​​​ចាប់ខ្លួន​​តាម​ដីកា​​ កាល​ពី​​ជាង​១ឆ្នាំ​មុន​ ហើយ​​​ត្រូវ​តុលាការ​​​កាត់ទោស​​ឱ្យ​​ជាប់ពន្ធនាគារ​​រយៈ​​​ពេល​​១៦​ឆ្នាំ​ ចំណែក​​ឯជន​សង្ស័យ​​​ ឈ្មោះ​ ហេង បុត្រ​​ នេះ​​គេមិន​ទាន់​​​ដឹង​​ថា​ត្រូវ​​​តុលាការ​​សម្រេច​​បែបណា​​នៅឡើយទេ​ ។

ក្រោយការ​ចាប់​ខ្លួន​​ ស្ត្រី​ជាម្តាយ​​របស់​ជន​នេះ​​ ដែល​​មាន​មុខ​របរ​​ជាអ្នក​លក់​​នំ​ បាន​​ធ្វើ​ដំណើរ​​ទៅ​កាន់​​អធិការ​​​ដ្ឋាន​ប៉ូលិស​​​ស្រុក​អង្គស្នួល​ ហើយ​​អះ​អាង​ថា ទាក់​ទិន​​នឹង​រឿង​​​នេះ​រូប​​គាត់​​​ និង​ឪពុក​​​ម្តាយ​​​របស់​​​​ជន​ជាប់ចោទ ​​ឈ្មោះ​ សាំ​​ សុវណ្ណ​ បាន​​ចំណាយលុយ​ចូល​គ្នា​​​អស់ចំនួន​​១.៥០០​ដុល្លារ​ ក្នុង​ការ​​ដោះស្រាយ​​គ្នា​​​ជាមួយ​​​ជន​​​រង​​គ្រោះ​​​​​ឈ្មោះ​ កូយ ​គក​ ភេទប្រុស​ អាយុ​​​២៨ឆ្នាំ​ មាន​ទី​​លំនៅ​​ភូមិ​​ចំការជោ​រ​​ ឃុំពើក​ ។ ការដោះ​ស្រាយ​​​គ្នា​នោះ គឺ​​កាល​​ពីទើប​​នឹ​​ង​កើត​រឿង​ថ្មី​ៗ​ នៅ​ឯសាលា​ដំបូង​​​​​ខេត្ត​កណ្តាល​ ដោយ​កាល​ណោះ​​​​​កូន​ប្រុស​​​របស់​គាត់​​ឈ្មោះ ហេង​ បុត្រ​ ត្រូវ​សមត្ថ​កិច្ចចាប់​ខ្លួន​​​បញ្ជូន​​​ទៅ​តុលាការ​​​ ហើយ​​តុលាការ​​​ដោះលែង​​​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​យក​លុយ​​​ទៅ​បង់​​​ឱ្យ​​​​ជន​រង​គ្រោះ​​​ ។

ស្ត្រី​​ជា​ម្តាយ​​រៀប​រាប់​ទៀត​​ថា​ ពេលនោះ​​​ពួក​គាត់បាន​​​ធ្វើ​តាម​តុលាការ​​​ ហើយ​ជន​រងគ្រោះ​​​ក៏​បាន​បញ្ចប់​រឿង​​​រួច​ដក​ពាក្យ​​​បណ្តឹង​​​ហើយ​ដែរ ប៉ុន្តែ​​​ក្រោយ​​​មក​ស្រាប់​តែ​​តុលាការ​​ចេញ​ដីកា​​​កោះ​ហៅ​​​ឱ្យ​ចូល​ ខ្លួន​​​ជាបន្ត​បន្ទាប់​​​ ឯ​​កូន​របស់​គាត់​​​ និង​មិត្ត​​ភក្តិ​​គេ​មិន​​ព្រម​​ចូល​​ព្រោះ​សំ​​​អាងថា រៀង​រ៉ាវ​​​ចប់​អស់ហើយ​​ ។ រហូត​ជាង​១ឆ្នាំ​​មុន​​ ស្រាប់​តែ​​មាន​​​​ដីកា​បង្គាប់​​ឱ្យ​​ចាប់​ខ្លួន​​​ ហើយ​ឈ្មោះ​ សាំ​ សុវណ្ណ​ ត្រូវ​​សមត្ថកិច្ច​​ចាប់​តាម​ដីកា​​​​​ រួច​បញ្ជូន​​​ទៅកាត់ ទោស​​​​​ ដោយ​​តុលាការ​​កាត់ក្តី​ឱ្យ​ជាប់​ពន្ធ​នាគារ​​​​​រហូត ដល់​​១៦​ឆ្នាំ​​​ ឯកូន​​​របស់​គាត់​​ក៏ត្រូវ​​ចាប់​ខ្លួន​​ពេល​នេះទៀត​ ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]