ហុងកុងរាយការណ៍ពីករណីស្លាប់ដំបូង នៃវីរុសកូរ៉ូណាប្រភេទថ្មី

//s5.kh1.co/bc/bc3186ddf71dac58a337b5263a2918168b1e5ffd.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វាក៏ជាករណីទី២នៃការស្លាប់ ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី នៅក្រៅចិនដីគោកផងដែរ។

ហុងកុង៖ បុរសម្នាក់បានស្លាប់នៅក្នុងទីក្រុងហុងកុង ដោយសារមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ហើយគាត់ក៏ជាអ្នកស្លាប់ដំបូងគេផងដែរក្នុងទីក្រុងនេះ និងជាជនទី២ដែលបានស្លាប់នៅក្រៅចិនដីគោក។ អាជ្ញាធរវេជ្ជសាស្ត្របានបញ្ជាក់ថា បុរសរងគ្រោះមានអាយុ៣៩ឆ្នាំ ដែលបានសម្រាកព្យាបាលជំងឺ ហើយបានស្លាប់នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសខាងលើនេះគឺជាអ្នករស់នៅក្នុងទីក្រុងហុងកុង ហើយកាលពីខែមុន គាត់បានធ្វើដំណើរទៅកាន់ទីក្រុងវូហានប្រទេសចិន នៅចំពាក់កណ្ដាលនៃការផ្ទុះវីរុសថ្មីនេះ។ បន្ទាប់មក គាត់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២៣ ខែមករា តាមរយៈបណ្ដាញផ្លូវដែកល្បឿនលឿន។

ហុងកុងរាយការណ៍ពីករណីស្លាប់ដំបូង នៃវីរុសកូរ៉ូណាប្រភេទថ្មី
ហុងកុងរាយការណ៍ពីករណីស្លាប់ដំបូង នៃវីរុសកូរ៉ូណាប្រភេទថ្មី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានដកស្រង់ប្រភពវេជ្ជសាស្ត្រថា បុរសនេះមានបញ្ហាសុខភាពជាច្រើន ដែលធ្វើឲ្យមានភាពស្មុគស្មាញ ដល់ការព្យាបាលជំងឺរបស់គាត់។ សេចក្ដីរាយការណ៍ជាច្រើនបានបញ្ជាក់ថា គាត់បានស្លាប់ដោយសារខ្សោយបេះដូង។ បើតាមគេហទំព័រព័ត៌មាន HK01 បាននិយាយថា បុរសនេះគឺជាជនទី១៣ នៃករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងទីក្រុងហុងកុង ហើយគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានផ្ទុកវីរុសនេះកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ការស្លាប់នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំហុងកុងលោកស្រី Carrie Lam បានប្រកាសបិទរាល់ការឆ្លងព្រំដែនរវាងហុងកុងនិងចិនដីគោក ក្នុងគោលបំណងរារាំងការរីករាលដាលនៃវីរុស។ បច្ចុប្បន្ននេះ មនុស្ស១៥នាក់ហើយដែលត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកកូរូណាវីរុសប្រភេទថ្មីនៅក្នុងទីក្រុងហុងកុង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T