ក្រសួងព័ត៌មានរំឭកអ្នកសារព័ត៌មានមួយចំនួនឲ្យវិលរកវិជ្ជាជីវៈ ព្រោះឃើញផ្សាយរឿងកូរ៉ូណាវីរុសមិនពិតច្រើនពេក

//s5.kh1.co/10/106bb6e7e454d7bb5784348a68a711a65c1a5e55.jpg
សង្គម

 ៣០-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានរំឭកអ្នកសារព័ត៌មានមួយចំនួនឲ្យវិលមករក វិជ្ជាជីវៈ។ ការរំឭករបស់ក្រសួងបែបនេះ ធ្វើឡើងក្រោយអំឡុងពេលមានការផ្ទុះនូវជំងឺកូរ៉ូណាវីរុស ដែលបង្កនូវក្តីបារម្ភដល់ពលរដ្ឋមួយផ្នែកហើយនោះ ស្រាប់តែមានអ្នកសារព័ត៌មានមួយចំនួនដែលមិនច្បាស់ថាទទួលបានការបណ្តុះបណ្តាល ឬអត់នោះទេ បានផ្សាយនូវព័ត៌មានជាបន្តបន្ទាប់ដែលក្រសួងអះអាងថាមិនពិត ហើយបង្កជាក្តីបារម្ភដល់ពលរដ្ឋលើសដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងលិខិតចុះថ្ងៃទី២៩មករា​ ក្រសួងព័ត៌មានបានរិះគន់ថា ការផ្សាយរបស់អ្នកសារព័ត៌មានមួយចំនួនខាងលើបានផ្សាយនូវព័ត៌មានមិនពិត តាមរយៈបណ្តាញសង្គមហ្វេសប៊ុកមានជាអាទិ៍ គណនី និងគេហទំព័រជាដើម ដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនោះទេ។

ក្រសួងបន្ថែមថា​ ចំណុចនេះបានជំរុញឲ្យមានការភាន់ច្រលំ និងបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ពលរដ្ឋអំពីការផ្សាយពត៌មានបំផ្លើសទាំងនោះ។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់តាមលិខិតរបស់ខ្លួនថា៖ «ចំពោះស្ថាប័នព័ត៌មានសូមមានការប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការឆ្លងរីករាលដាល នៃជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមួយក្រសួងពាក់ព័ន្ធឲ្យបានច្បាស់លាស់មុននឹងចេញផ្សាយ ហើយត្រូវកែតម្រូវឲ្យបានទាន់ពេលវេលានូវរាល់ព័ត៌មាន ដែលខ្លួនបានផ្សាយដោយគ្មានប្រភពច្បាស់លាស់ដែលអាចបង្កភាពចលាចលក្នុងសង្គម។ ហើយចំពោះស្ថាប័នព័ត៌មានណាដែលផ្សាយនូវព័ត៌មានមិនពិត នឹងត្រូវប្រឈមចំពោះមុខច្បាប់។»

នៅក្នុងលិខិតដដែល ក្រសួងបានអំពាវនាវឲ្យសាធារណជនដែលចង់ស្វែងយល់បន្ថែមពីជំងឺកូរ៉ូណាវីរុស គួរតាមដានព័ត៌មានពីគេហេទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល ឬហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នពាក់ព័ន្ធ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះអ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេ បានបង្ហាញនូវក្តីបារម្ភព្រមគ្នាទាក់ទិននឹងបញ្ហាជំងឺកូរ៉ូណាវីរុស។ ទីមួយ គឺបារម្ភពីវត្តមាននៃជំងឺនោះនៅក្នុងស្រុកខ្មែរ ខណៈមានការបញ្ជាក់ជាផ្លូវការពីក្រសួងសុខាភិបាលថាមានបុរសជនជាតិចិនមកពីវូហានមួយរូបដែលជាអ្នកទេសចរ មកខេត្តព្រះសីហនុត្រូវបានគេរកឃើញថាមានជំងឺវីរុសកូរ៉ូណា។

ហើយក្តីបារម្ភទីពីរនោះគឺ ការផ្សាយព័ត៌មានក្លែងក្លាយពីសំណាក់ស្ថាប័នព័ត៌មានមួយចំនួន ដោយបំផ្លើសការពិតក្នុងចេតនាចង់កេងប្រវ័ញ្ចផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយ តែទំនងជាធ្វើឱ្យពលរដ្ឋមួយចំនួនដែលពុំសូវទទួលបានព័ត៌មានដិតដល់មានភាពស្លន់ស្លោ អាចព្រួយបារម្ភពីសុខភាពខ្លួនឯង និងគ្រួសារលើសដើម៕

https://s5.kh1.co/__image/w=650,h=921,q=100/00/0063a93b3bad663f86dabe2183b43313076a6fd1.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T