កម្ពុជា-ម៉ុងហ្គោលី ឯកភាពពិភាក្សាលើការតភ្ជាប់ជើងហោះហើរត្រង់

//s5.kh1.co/18/1811c141dd6eab373e02c25faaab43ba034b8874.jpg
Khmerhome

 ២៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/1b/1b81ad707a8a6bffdc11c0f184dac689f7ecd9b3.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កម្ពុជា-ម៉ុងហ្គោលី បានឯកភាពគ្នាពិភាក្សាលើលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអ៊ូឡាបាទ័រ (Ulaanbaatar) ព្រមទាំងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាកាន់តែខ្លាំងឡើង ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរទៅវិញទៅមក។

ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក ស៊ែរ៉ែនបាត ណាមរ៉ាយ (Tserenbat Namsrai) រដ្ឋមន្រ្តីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

នាឱកាសនោះ លោក ថោង ខុន បានរម្លឹកអំពីចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការគាំទ្ររបស់ម៉ុងហ្គោលីដល់កម្ពុជា ក្នុងដំណាក់កាលកសាងជាតិដ៏លំបាក បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត។

https://s5.kh1.co/__image/w=650,h=434,q=100/cd/cde4dd811a359a31f38c2a3377da15c338d9226a.jpg

លោក រដ្ឋមន្ត្រី បានបង្ហាញអំពីការបន្តអភិវឌ្ឍវិស័យទេសចរណ៍ តាមគោលការណ៍ចីរភាពរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ ក្រោមយន្តការការងារអន្តរក្រសួង ដែលនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

https://s5.kh1.co/__image/w=650,h=434,q=100/7d/7d4c37106012d8eb114d17c3307d3daf57c96aed.jpg

នៅក្នុងបរិយកាសដដែល រដ្ឋមន្ត្រីម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនឥតឈប់នៃវិស័យទេសចរណ៍ និងបានគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍។

បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពលើការរៀបចំឱ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយផ្ដោតលើ៖

១.ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍរួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា។ល។

២.ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និងគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ។

៣.ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

៤.ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញផ្នែកឯកជន និងសាធារណៈចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលរៀបចំដោយប្រទេសនីមួយៗ។

កម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយបន្ទាប់ពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ជាការរម្លឹករបស់ក្រសួងទេសចរណ៍ដដែល៕

កែសម្រួល៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T