តើជនឆ្លៀតឱកាសអាចកេងប្រវ័ញ្ចរបៀបណាខ្លះ ពីការភ័យ​ខ្លាច​របស់ប្រជាជន រឿងកូរ៉ូណាវីរុសនៅកម្ពុជា?

//s5.kh1.co/c7/c7cf12fdb81eeb377aeba1a5e13216c06470750a.jpg
សង្គម

 ២៨-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

បទសម្ភាសន៍របស់ខ្មែរឡូតជាមួយ​នឹងលោកច័ន្ទ សុផល នាយកមជ្ឈមណ្ឌលគោល​នយោបាយ​

ក្នុងស្ថានភាពបច្ចុប្បន្នដែលប្រជាពលរដ្ឋកំពុងមានការភ័យខ្លាចដោយសារកូរ៉ូណាវីរុសកំពុងមានវត្តមានក្នុងស្រុក មានការពន្យល់មួយចំនួនបែបបច្ចេកទេសវេជ្ជសាស្ត្របានបកស្រាយជូនមហាជន។ យ៉ាងណា ក៏មានការចែកចាយ​ព័ត៌មាន​​​មួយចំនួន​ដែលអ្នកជំនាញអះអាងថា អ្នកផ្សាយមានបំណងមិនសុច្ចរិតក្នុងគោល​បំណងចង់​កេងចំណេញ​អ្វីម្យ៉ាងពីអ្នកតាមដាន។ ខណៈអ្នកទទួលព័ត៌មានពីបណ្តាញសង្គមខ្លះបានត្អូញត្អែរ ជាបន្តបន្ទាប់ថាខ្លួន​វិលមុខ​ដោយសារ​ការផ្សាយជាហូរហែទាំងមានប្រភព និងគ្មានប្រភពរឿងកូរ៉ូណាវីរុសនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទិននឹងបញ្ហាខាងលើ Khmerload​ បានជួបសំភាសន៍ជាមួយលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលគោល​នយោបាយ​ ក្នុងន័យស្វែងយល់ពីបញ្ហាប្រឈមថា តើជនឆ្លៀតឱកាសអាចកេងប្រវ័ញ្ចរបៀបណាខ្លះ ពីការភ័យខ្លាច​របស់ប្រជាជន? ហើយថាតើមានដំណោះស្រាយណាខ្លះ ដែលពលរដ្ឋគួរយល់ដឹងដើម្បីកុំឲ្យគេកេងប្រវ័ញ្ចបាន?

Khmerload៖ តើជនឆ្លៀតឱកាសអាចកេងប្រវ័ញ្ចរបៀបណាខ្លះ ពីការភ័យខ្លាចរបស់ប្រជាជន?

លោកច័ន្ទ សុផល៖ ពួកគេអាចបង្កើតព័ត៌មានមិនពិតដោយប្រើប្រាស់អ្វីមួយ ដើម្បីកេងចំណេញក្នុងស្ថានភាពដែល​គ្រប់គ្នាកំពុងមានភាពច្របូកច្របល់ដើម្បីចង់ចំណេញលុយកាក់ និងចំណាប់អារម្មណ៍។ ខណៈពលរដ្ឋកំពុងភ័យខ្លាច គេចង់ចំណេញលុយកាក់ពីការលក់ដូរ ឬការផ្សាយ។ ឧទាហរណ៍៖ ចំណេញអ្នក Like ឬShare ធ្វើឲ្យការផ្សាយ​ពាណិជ្ជ​កម្ម​របស់ខ្លួន​កាន់តែល្បី ឬដើម្បីការលក់ដូរម៉ាស(គេតម្លើងតម្លៃតាមចិត្ត) ខ្ទឹមស និងថ្នាំពេទ្យលក់​ដាច់ច្រើន​ជាដើម។

Khmerload៖ តើការភ័យស្លន់ស្លោររបស់ពលរដ្ឋ អាចបង្កជាបញ្ហាអ្វីខ្លះដែរ?

លោកច័ន្ទ សុផល៖ ពលរដ្ឋមួយចំនួនត្រចៀកស។ គាត់ឆាប់ភ័យខ្លាំង ហើយងាយនឹងចាញ់បោកគេ។ អ្នកទាំងនោះបារម្ភពេក ហើយសម្រាកនៅផ្ទះមិនចេញក្រៅ។ ពលរដ្ឋមិនចេញមកធ្វើការ ធ្វើឲ្យថមថយប្រាក់កម្រៃ​របស់ខ្លួន។ អ៊ឹចឹងវាប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឯងផ្ទាល់ ប៉ះពាល់ដល់ជីវភាពអ្នកលក់ដូរមួយចំនួន​ព្រោះគ្មានអ្នកទិញ និងកន្លែងកម្សាន្តមានការថយចុះអ្នកទៅទស្សនា។

Khmerload៖ តើមានដំណោះស្រាយណាខ្លះ ដែលពលរដ្ឋគួរយល់ដឹងដើម្បីកុំឲ្យជនឆ្លៀតឱកាស​អាចកេងប្រវ័ញ្ចបាន?

លោកច័ន្ទ សុផល៖ ខ្ញុំយល់ថា​យើងមិនគួរភ័យស្លន់ស្លោរពេកទេ។ តែយើងគួរប្រុងប្រយ័ត្នខ្លួនវិញ ជំងឺបែបនេះច្រើន​រាតត្បាតលើអ្នកសុខភាពខ្សោយ និងមនុស្សចាស់។ បើសុខភាពយើងរឹងមាំ វាប្រៀបបីដូចជាផ្តាសាយ ហើយក្រោយ​មក​ក៏បាត់ទៅវិញ។

ជាធម្មតាយើងត្រូវជឿលើស្ថាប័នព័ត៌មានល្បីៗរបស់បរទេស ឬសេចក្តីថ្លែងការណ៍ណាមួយពីរដ្ឋាភិបាលទើបអាច​ទុកចិត្តបាន។ កុំជឿលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ធ្វើដើម្បីផ្សាយពាណិជ្ចកម្មរកលុយ ឆ្លៀតដើម្បី​ចំណេញ។ យើងត្រូវប្រយ័ត្នឱ្យមែនទែននាឱកាសជ្រួលច្របល់ ជឿតែប្រភពព័ត៌មានច្បាស់លាស់បានហើយ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល​កាលពីថ្ងៃ ២៧ ខែ មករា​ បានអំពាវនាវ​ឲ្យអ្នកលក់ម៉ាស់​ (mask) ទាំងអស់នៅកម្ពុជា​ ឲ្យចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយកុំតម្លើងថ្លៃ​ម៉ាស់​ ដើម្បីទុកលទ្ធភាពឲ្យពលរដ្ឋ​ដែលមានតម្រូវការប្រើម៉ាស់​ អាចទិញប្រើបាន ជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួន​លើការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់អ្នកលក់ម៉ាស់ផងដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T