អ៉ីតាលី៖ ក្រុមសេះបង្កង់ Juventus បានកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa Italia ក្រោយផ្ដួលក្រុម Roma ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនៅកីឡដ្ឋាន Allianz Stadium។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ហាក់មានការប៉ះទង្គិចគ្នាបន្តិបន្តួច ដោយអាជ្ញាកណ្ដាលសញ្ជាតិអ៊ីតាលី លោក Gianluca Rocchi ចាយកាតលឿងអស់ត្រឹម៣សន្លឹកប៉ុណ្ណោះ។ ក្រឡេកមកមើលស្ថិតិនៃការប្រកួតវិញ ឃើញថាក្រុមទាំងពីរមានឱកាសសម្រុកប្រហាក់ប្រហែលគ្នាដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន៨ជើង ចំគោលដៅ៥ដង ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៩ជើង ចំគោលដៅ៣ដង។
ក្រុម Juventus ជាអ្នកស៊ុតបើកឆាកនាំមុខមុន៣គ្រាប់ ដោយគ្រាប់ទី១ ជាការអូសស៊ុតជើងឆ្វេងបញ្ចូលទីបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Cristiano Ronaldo នៅនាទីទី២៦គ្រាប់ទី២ សម្រេចទីដោយខ្សែបម្រើ Rodrigo Bentancur នៅនាទីទី៣៨ និងគ្រាប់ទី៣ នៅនាទីទី៤៥ តែតបញ្ចូលទីដោយម្ចាស់អាវលេខ១៩ Leonardo Bonucci។ ដូច្នេះ ផ្លុំកញ្ចែបញ្ចប់តង់ទី១ ក្រុមលោក Sarri នាំមុខជាបណ្ដោះអាសន្ន ៣ទល់នឹង០។
បើកឆាកចូលតង់ទី២ បាន៥នាទី ក្រុមភ្ញៀវ Roma មានឱកាសតដៃវិញបាន១គ្រាប់ បន្ទាប់ពីអ្នកចាំទីក្រុម Juventus កីឡាករ Gianluigi Buffon ធ្វើឲ្យចូលទីខ្លួនឯង។
រឹតតែពិសេសទៀតនោះ គឺមួយគ្រាប់កាលពីយប់មិញ ជាគ្រាប់ទី១៩ហើយរបស់ Ronaldo ក្នុងចំណោមការបង្ហាញខ្លួន ២៥ប្រកួត គិតរាល់កម្មវិធីទាំងអស់ក្នុងរដូវកាលនេះ។
គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ក្រុម Juventus ក្នុងជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ៕
សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោម៖