ឧត្តមសេនីយ៍ទោជួន ណារិន្ទ៖ បញ្ហាល្បែង​ស៊ីសងនៅ​ព្រះសីហនុ​ មិនពាក់ព័ន្ធរឿងវត្តមានជនជាតិចិនទេ

//s5.kh1.co/db/db631a3f2f2f33b132bc0dc5e5d04ae402d68669.jpg
សង្គម

 ២២-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

កន្លងមកមានការជជែកវែកញែកមិនតិចទេពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម រឿងវត្តមានរបស់ជនជាតិចិន​ចូលមកកម្ពុជា។ ជជែកញឹកញាប់ដោយសារមតិមួយចំនួនបានលើកឡើងពីភាពអវិជ្ជមានរបស់ជនជាតិចិន ដោយអ្នកទាំងនោះ​យល់ថា ជនអន្តោប្រវេសន៍ចិនជាច្រើនជាអ្នកនាំចូលល្បែងស៊ីសងស្អេកស្កះមកកម្ពុជា និងជាពិសេស គឺនៅខេត្តព្រះសីហនុតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយតបនឹងប្រធានបទខាងលើលោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​បានប្រាប់​អ្នកសារព័ត៌មាន​Khmerloadថា មតិទាំងនោះគឺជាការយល់ច្រលំរបស់មហាជន។

លោកថា៖ «អ្នកខ្លះយល់ច្រលំអំពីវត្តមានជនជាតិចិន។ ការពិតមិនមែនមានជនជាតិចិនមកច្រើន ហើយមានល្បែង​តាមមកច្រើនដែរនោះទេ។ ហើយក៏មិនមែនវត្តមានជនជាតិចិនធ្វើឲ្យមានអស្ថេរភាពក្នុងសង្គមនោះដែរ។»

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុខាងលើបានបន្ថែមថា៖ «មែនទែនទៅ បើទោះមានវត្តមានជនជាតិអីក៏ដោយ ឲ្យតែយើង​អនុវត្តន៍ទៅតាមច្បាប់ នោះវាមិនមានជាបញ្ហាចោទទេ។ វាមិនពាក់ព័ន្ធនឹងរឿងជនជាតិចិនមកខ្មែរនោះទេ តែបញ្ហាត្រង់ថាយើងនៅមានចំណុចខ្សោយ និងមានចំណុចខ្វះខាតខ្លួនឯង។ អ្នកណាចង់មកក៏ដោយ បើគាត់ធ្វើត្រូវ យើងការពារ តែបើគាត់ប្រព្រឹត្តបទល្មើសយើងត្រូវបង្ក្រាប​ ព្រោះប្រទេសយើងមានច្បាប់។​  អ៊ឹចឹងអ្នកបង្កឲ្យមាន​បញ្ហា​ល្បែងស៊ីសងជាជនជាតិក៏ដោយ អ្នកនោះត្រូវប្រឈមមុខនឹងច្បាប់កម្ពុជា។»

លើសពីនេះ តបនឹងការរិះគន់មួយចំនួនដែលថា អាជ្ញាធរចុះបង្ក្រាបតែល្បែងតូចតាច ខណៈល្បែងស៊ីសងធំៗ សមត្ថកិច្ច​បែរ​ជាមើលរំលងទៅវិញនោះ មន្ត្រីរូបនេះបានឆ្លើយតបទាំងមិនបង្អង់ថា ក្រៅពីល្បែងខុសច្បាប់ កម្ពុជាមានកាស៊ីណូ(Casino)។ ហើយកាស៊ីណូនៅកម្ពុជា បើគ្មានច្បាប់គឺគេមិនអាចបើកបានទេ។ លោកប្រាប់លម្អិតថា កាស៊ីណូ៩៩%នៅខ្មែរ មានច្បាប់ទម្លាប់ត្រឹមត្រូវ(license)។ លោកអះអាងថា កាស៊ីណូ​ទាំងនោះ មានការពិនិត្យជាប្រចាំពីនាយកដ្ឋានល្បែងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ។

ជាការកត់សម្គាល់មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុខាងលើហាក់សង្កត់ធ្ងន់ឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរាយការណ៍ពីភាពមិនប្រក្រតីនានា ទាក់ទិននឹងបញ្ហាល្បែងស៊ីសងក្នុងខេត្តព្រះសីហនុ។ ហើយលោកបានបង្ហាញនូវឆន្ទៈចង់ឲ្យពលរដ្ឋស្វែងយល់ថាកម្ពុជាមានច្បាប់ បើមានបទល្មើសកើតឡើង អាជ្ញាធរត្រូវទប់ស្កាត់ និងបង្ក្រាប ដែលត្រូវការការចូលរួមពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ទាក់ទិននឹងរឿងល្បែងស៊ីសងខុសច្បាប់ កន្លងទៅអាជ្ញាធរជាន់ខ្ពស់រូបនេះ បានបង្ហើបថា​សមត្ថកិច្ចមិនខ្លាចនឹងបង្ក្រាបល្បែងស៊ីសងទាំងនោះឡើយ។ ការឆ្លើយតបយ៉ាង​មាន​សុទិដ្ឋិនិយមរបស់​លោកស្នងការខេត្តព្រះសីហនុបែបនេះ ធ្វើឡើងក្រោយមានព័ត៌មាន​រិះគន់ចំៗឥតសំចៃពីមជ្ឈដ្ឋានមួយចំនួនថា អាជ្ញាធរខេត្តព្រះសីហនុហាក់មាន​ភាពស្ពឹកស្រពន់ រឿង​បង្ក្រាប​បញ្ហាល្បែង​ស៊ីសងខុសច្បាប់ក្នុងខេត្តខាងលើ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T