ចិន៖ យោងតាមសារព័ត៌មាន Sin Chew Daily បានរាយការណ៍ថា ក្មេងស្រីម្នាក់ដែលទើបតែចេះដើរតេះតះ រស់នៅខេត្តឡៅនីងប្រទេសចិន ត្រូវបាត់បង់ម្រាមដៃរបស់នាងទាំងសងខាង បន្ទាប់ពីត្រូវខ្សែភ្លើងឆក់នៅក្នុងផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្តាយរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ថា៖
កូនស្រីរបស់ខ្ញុំឈ្មោះ ជូន ជូន ហើយនាងទើបតែមានអាយុបាន ២ ឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានឃើញខ្សែភ្លើងនៅជិតដៃរបស់នាង ដូច្នេះហើយខ្ញុំក៏បានយកវាចេញ ហើយបន្ទាប់មកខ្ញុំក៏ដើរចេញទៅ ប៉ុន្តែមួយស្របក់ក្រោយមកខ្ញុំមានអារម្មណ៍ថាធុំក្លិនឆ្ងៀមចេញពីបន្ទប់ ខ្ញុំក៏ប្រញាប់រត់ទៅមើល ពេលនោះហើយខ្ញុំឃើញកូនស្រីរបស់ខ្ញុំដេកនៅនឹងកន្លែង បបូរមាត់របស់នាងហើម ចំណែកម្រាមដៃរបស់នាងត្រូវឆក់ជាប់នឹងព្រីភ្លើង។

ម្តាយរបស់ក្មេងស្រីរងគ្រោះបានបន្តរៀបរាប់ទាំងទឹកភ្នែកថា៖
ខ្ញុំមិនដែលគិតទេថានឹងមានរឿងគ្រោះថ្នាក់កើតឡើងនៅក្នុងផ្ទះរបស់ខ្ញុំ ចំណែកមនុស្សនៅពេញផ្ទះ តើរឿងនេះអាចកើតឡើងយ៉ាងម៉េចទៅ ?

គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តកាត់ម្រាមដៃដែលឆេះរលួយចោលដើម្បីសង្គ្រោះជីវិត។ ក្រុមវេជ្ជបណ្ឌិតបាននិយាយថា មុខរបស់ក្មេងស្រីរងគ្រោះរងការរលាកយ៉ាងខ្លាំង ចំណែកបេះដូងរួមទាំងខួរក្បាលរបស់នាងអាចមានការខូចខាតជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ឆក់ខ្សែភ្លើងនេះ៕
