ធ្លាប់តែឃើញអាចម៍ផ្កាយស្ថិតនៅក្នុងគន្លងខ្សែក្រវាត់របស់វា ពេលនេះអ្នកវិទ្យាសាស្ត្របានរកឃើញអាចម៍ផ្កាយមួយវិលជុំវិញព្រះអាទិត្យក្នុងគន្លងគោចរក្បែរភពសុក្រ

//s5.kh1.co/66/66ee895c4567f4b358e7a5e86ba0f11e0370c727.jpg
បច្ចេកវិទ្យា

 ២១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វាជាលើកដំបូងបំផុតរបស់អ្នកវិទ្យាសាស្ត្រ ដែលបានរកឃើញអាចម៍ផ្កាយមួយដែលមានគន្លងគោចរស្ថិតនៅក្បែរព្រះអាទិត្យដូច្នេះ។

បរទេស៖ អាចម៍ផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងភាគច្រើន វិលជុំវិញព្រះអាទិត្យតាមគន្លងខ្សែក្រវាត់របស់វា​ ដែលមានទីតាំងស្ថិតនៅចន្លោះភពអង្គារនិងភពព្រហស្បតិ៍។ ប៉ុន្តែឥឡូវនេះនិងជាលើកដំបូង អាចម៍ផ្កាយមួយត្រូវបានគេរកឃើញនៅលើគន្លងគោចរក្បែរភពសុក្រ។ ក្រុមតារាវិទូមកពី Caltech’s Zwicky Transient Facility (ZTF) ជាអ្នកអង្កេតឃើញអាចម៍ផ្កាយមួយនេះ ហើយបានដាក់ឈ្មោះឲ្យវាថា 2020 AV2។ លោក Quanzhi Ye ដែលជាជំនួយការស្រាវជ្រាវអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Maryland ផ្នែកតារាសាស្ត្រនិងជាអ្នកអង្កេតរួមគ្នារបស់ ZTF បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា នេះគឺជារបកគំហើញដ៏គួរឲ្យរំភើបបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

កុ្រមតារាវិទូបានស្រាវជ្រាវរកអង្គតូចៗនៅក្នុងផ្ទៃមេឃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០និង៨០ ហើយផ្នែកខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យលែងមានកន្លែងសម្រាប់អង្កេតទៀតហើយ។ អាចម៍ផ្កាយដែលមានគន្លងគោចរនៅក្នុងគន្លងរបស់ភពសុក្រគឺពិបាកអង្កេតណាស់ ហើយអ្នកវិទ្យាសាស្ត្រពិតជារំភើបណាស់ ដែលបានស្វែងរកឃើញអាចម៍ផ្កាយមួយនេះ។ 2020 AV2 មានទទឹងចន្លោះពី១ទៅ៣គីឡូម៉ែត្រ ហើយវាមានគន្លងទ្រេត បើប្រៀបធៀបជាមួយអង្គដទៃនៃប្រព័ន្ធព្រះអាទិត្យ។

អាចម៍ផ្កាយ 2020 AV2 មានគន្លងទ្រេត ពីព្រោះគន្លងរបស់វាមិនស្មើនិងប៉ះជាមួយគន្លងរបស់ភពពុធ
អាចម៍ផ្កាយ 2020 AV2 មានគន្លងទ្រេត ពីព្រោះគន្លងរបស់វាមិនស្មើនិងប៉ះជាមួយគន្លងរបស់ភពពុធ

គន្លងរបស់អាចម៍ផ្កាយមួយនេះស្ថិតនៅខាងក្នុងគន្លងភពសុក្រ ប៉ុន្តែគន្លងរបស់វាបានទ្រេតទៅប៉ះគន្លងរបស់ភពពុធផ្នែកខ្លះថែមទៀត។ អាចម៍ផ្កាយមួយនេះមានរយៈពេលមួយឆ្នាំខ្លីជាងអាចម៍ផ្កាយផ្សេងទៀតដែលគេធ្លាប់រកឃើញ ដោយវាប្រើរយៈពេលត្រឹមតែ១៥១ថ្ងៃតែប៉ុណ្ណោះ ដើម្បីវិលជុំវិញព្រះអាទិត្យបានមួយជុំ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T