រើមជាជំងឺសើស្បែកមួយដែលគ្នាយើងមួយចំនួនធ្លាប់កើត។ តែទាស់ត្រង់ថាអ្នកខ្លះទៅរកពេទ្យឲ្យព្យាបាល និងអ្នកខ្លះទៀតនៅធ្វើតាមបែបបុរាណទៅរកគ្រូស្ដោះ ផ្លុំ ឬវ៉ៃឲ្យឆាប់ចេញអស់។ ទង្វើបែបនេះត្រូវលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅថា អាចឈឺលើសដើមទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានបញ្ជាក់ទៀតថា ជំងឺរើមបង្កឡើងដោយវីរុស Varicella-zoster ដូចគ្នាទៅនឹងជំងឺអុតស្វាយដែរ តែបើនិយាយឲ្យស្រួលស្ដាប់ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើតជំងឺនេះសុទ្ធសឹងតែជាអ្នកដែលធ្លាប់កើតមានជំងឺអុតស្វាយ ព្រោះវាបង្កឡើងដោយវីរុសដូចគ្នា។
មេរោគក្រោយពេលចូលទៅសំងំក្នុងប្រព័ន្ធប្រសាទហើយ វារង់ចាំឱកាសលេចឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ដូចជាញ៉ាំអាហារមិនទៀងទាត់ ស្រ្តេស រាងកាយមិនបានងូតទឹកសម្អាត ជាពិសេសអ្នកកើតជំងឺអេដស៍ឧស្សាហ៍ចេញខ្លាំងណាស់។
ផលវិបាកនៃជំងឺរើម គឺឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យស្បែកខូចដោយបន្សល់ស្លាកស្នាម។ លោកបន្តទៀតថា នៅពេលដែលប្រព័ន្ធការពាររាងកាយយើងខ្លាំងវានឹងបាត់ដោយខ្លួនឯង តែសម្រាប់អ្នកខ្លះទៀតអាចនឹងប្រើពេលព្យាបាលយូរ ហើយអ្នកមានប្រព័ន្ធការពាររាងកាយខ្លាំងងាកទៅរកគ្រូខ្មែរ ដូចនេះពេលស្ដោះ ផ្លុំ ឬវ៉ៃនោះមិនបានជួយអ្វីឡើយ។
សម្រាប់អ្នកជំងឺមួយចំនួនដែលគ្មានប្រព័ន្ធភាពស៊ាំខ្លាំងត្រូវការព្យាបាលរយៈពេលយូរ តែក្រោយលេប ឬលាបថ្នាំ ៣-៤ ថ្ងៃមិនទាន់ធូរ ក៏ងាកទៅរកគ្រូខ្មែរ។ អ្នកដែលនិយមឲ្យគ្រូខ្មែរវ៉ៃ ទះឲ្យចេញអស់ រឹតតែមានបញ្ហាស្បែកថែមទៀត ព្រោះបើទះតប់ខ្លាំងពេក ស្បែកកាន់តែកកិត ឬដាច់រលាត់ ធ្វើឲ្យមេរោគដទៃទៀតជ្រាបចូល។
ដូចនេះពេលកើតរើមត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីព្យាបាលដោយថ្នាំលេប ឬលាប ហើយយើងត្រូវញ៉ាំអាហារដែលសម្បូរជីវជាតិ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំទើបអាចជួយប្រយុទ្ធប្រឆាំងជាមួយមេរោគនោះ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់អនាម័យខ្លួនប្រាណ ដោយងូតទឹកដុសសាប៊ូ កម្ចាត់ញើស បាក់តេរីដែលជាប់ ផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបានញឹកញាប់ និងកុំឲ្យមានការកកិតកន្លែងកើតរើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet