មកដឹងពីប្រវត្តិខ្លះៗ របស់ ឆាយ វីរៈយុទ្ធ ថាលោកបានធ្វើអ្វីខ្លះកាលពីមុន?

//s5.kh1.co/c7/c7f01ba65c5a587bbb47c3b2b46b106fb1dd14c6.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែស្គាល់ ឆាយ វីរៈយុទ្ធតាមរយៈធ្វើជា តារាម្រៀង ងាកមកមើលពីប្រវត្តិខ្លះៗ របស់លោកម្ដងមើលថា​ លោកតស៊ូយ៉ាងណា

ភ្នំពេញ៖ លោក ឆាយ វីរៈយុទ្ធ អ្នកណាដែលថាមិនស្គាល់ ជាពិសេសប្រិយមិត្តដែលនិយមចូលចិត្តស្ដាប់បទចម្រៀងជាដើម ។ លោកបានចូលក្នុងវិស័យតារាចម្រៀនេះ អស់រយៈពេលជាច្រើនមកហើយ តែលោកនៅតែមានការគាំទ្រ ពីហ្វេនៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះ លោកបានរៀបការរួចហើយ ពេលនេះលោក និងភរិយាមានកូនស្រីម្នាក់ ដែលគួរឲ្យស្រលាញ់ថែមទៀតផង ។ បើទោះបីលោក រៀបការមិនបានប៉ុន្មានឆ្នាំក៏ពិតមែនតែ យើងបានឃើញថា គ្រួសាររបស់លោកពិតជាមានសុភមង្គល និងផ្អែមល្ហែម ទោះលោករវល់ និងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏លោកនៅតែមានពេលវេលាសម្រាប់ភិរិយា និងកូនស្រី។

ងាកមកមើលពីប្រវត្តិខ្លះៗរបស់លោក កាលពីមុន៖

លោក ឆាយ វីរៈយុទ្ធ ជា ​កូន​ទី៦ ក្នុង​ចំណោម​បងប្អូន​៧​នាក់ ដែល​មាន​ស្រី​២​នាក់ និង​ប្រុស​៥​នាក់។ បង​ប្អូន​ទាំង​៧​នាក់​របស់​លោក​មាន​ឈ្មោះ​ដូច​ជា ទី​១ ឆាយ ស្រី​ពេជ្រ ទី​២ ឆាយ សំណាង ទី​៣ ឆាយ ពៅ ទី៤ ឆាយ ចាន់​ម៉ៅ ទី៥ ឆាយ ចាន់ឆាន ទី៦​​ រូប​លោក​ផ្ទាល់​ ឆាយ វីរៈយុទ្ធ និង​ទី៧ ឆាយ សុវណ្ណារី 

តារា ​ចម្រៀង​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​ ១៩៨៧ ក្នុង​ភូមិ ពោធិ​សាលា​ទី២ ឃុំ​ព្រែក​ក្របៅ ស្រុក កង​មាស ខេត្ត​កំពង់ចាម។ លោក​មាន​ឪពុក​ឈ្មោះ ឆយ គឹម​ឆាយ ជា​អតីត​មន្ត្រី​យោធា និង​ម្ដាយ​មាន​ឈ្មោះ គង់ ឡៃ​ស៊ឹង ជា​អតីត​គ្រូ​បង្រៀន។

ប្រវត្តិ​ការ​សិក្សា

លោក ឆាយ វីរៈយុទ្ធ ចាប់​ផ្ដើម​ចូល​រៀន​ក្នុង​សាលា ​បឋមសិក្សា ពាម​ក្នុង ពី​​ថ្នាក់​ទី១ ដល់​ទី​២​ក្នុង​ឆ្នាំ​១៩៩៣ នា​ខេត្ត​កំពង់​ចាម។ សិក្សា​បាន​រយៈ​ពេល​តែ​ពីរ​ឆ្នាំ​តារា​ចម្រៀង​រូប​នេះ​បាន​ប្ដូរ​មក​​ក្នុង​ សាលា​បឋម​​សិក្សា នគរ​បា​ជ័យ​វិញ ​ពី​ថ្នាក់​ទី៣ ដល់​ទី​៦។ ក្រោយ​បញ្ចប់​ថ្នាក់​បឋម​សិក្សា​​​លោក​​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ ព្រះសីហនុ ក្នុង​ខេត្ត​ដដែល ។ ក៏ប៉ុន្តែ​រៀន​ក្នុង​វិទ្យាល័យ​ខាង​លើ​ បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ តារា​ចម្រៀង​ផ្ដើម​អាជីព​ច្រៀង​តាម​បៀរហ្គាឌិន​រូប​នេះ​ប្ដូរ​ទៅ​រៀន​នៅ​ វិទ្យាល័យ​ កំពង់ធំ ក្នុង​ខេត្ត​កំពង់ធំ​វិញ ព្រោះ​មាន​បង​បង្កើត​របស់​ខ្លួន​មាន​ទី​លំនៅ​នៅ​ទី​នោះ។ យ៉ាង​ណា​ក៏​ ដោយ​ការ​សិក្សា​​ក្នុង​វិទ្យាល័យ​នេះ​បាន​តែ​មួយ​ឆ្នាំ​ដូច​គ្នា​លោក​ ក៏​ប្ដូរ​​ទៅ​រៀន​នៅ​​​វិទ្យាល័យ ឥន្ទ្រទេវី ​នា​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ឆ្នាំ​២០០២។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ក្នុង​ឆ្នាំ​ ២០០៥។

នៅ​ពេល​បញ្ចប់​បាក់ឌុប​ភ្លាម​លោក ឆាយ វីរៈយុទ្ធ ក៏​ប្រញាប់ប្រញាល់​ដើម្បី​បន្ត​ថ្នាក់​មហាវិទ្យាល័យ​បន្ត​ទៀត ដោយ​លោក​បាន​ទៅ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង ផ្នែក​​ សេដ្ឋកិច្ច​ពាណិជ្ជកម្ម។

ការ​សិក្សា​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ ពោល​គឺ​ក្នុង​ឆ្នាំ​ ២០០៧ ​លោក ឆាយ វីរៈយុទ្ធ បាន​ព្យួរ​ការ​សិក្សា​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​មិន​ទាន់​ចូល​រៀន​ វិញ​នៅ​ឡើយ​ទេ ។ លោក​បាន​លើក​ឡើង​ថា​នឹង​មាន​គម្រោង​ចូល​រៀន​វិញ​ដើម្បី​បញ្ចប់​ជំនាញ​ដែល​ ខ្លួន​ពេញ​ចិត្ត​ខាង​លើ។ ក្រៅ​តែ​ពី​​គម្រោង​បញ្ចប់​ជំនាញ​ផ្នែក​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​​លោក​ក៏​មាន​គម្រោង​បន្ត​ការ​សិក្សា​ផ្នែក​ដឹក​នាំ​ផង​ដែរ​​នា​ ពេល​ខាង​មុខ។ លោក​ ឆាយ វីរៈយុទ្ធ និយាយ​ថា​ សិង្ហបុរី ជា​ប្រទេស​​ដែល​លោក​ចង់​បន្ត​ការ​សិក្សា​បំផុត​សម្រាប់​ជំនាញ​ខ្លួន​ចង់​រៀន ​នា​ពេល​អនាគត។

បញ្ហា​ប្រឈម​ក្នុង​ការ​សិក្សា

​និយាយ​ពី​រឿង​ការ​សិក្សា​​​តាំង​ពី​​បឋមសិក្សា​រហូត​ដល់​មហាវិទ្យាល័យ​តារា​ ចម្រៀង​ល្បី​ឈ្មោះ​លោក ឆាយ វីរៈយុទ្ធ តែ​តែង​ជួប​ឧបសគ្គ​ជា​ញឹកញាប់ ពោល​គឺ​មិន​បាន​រៀន​ជាប់​លាប់ ឬ​ពូកែ​ដូច​ជា​សិស្ស​ដទៃ​​ទេ។ ការ​មិន​​រៀន​ជាប់​លាប់ ឬ​ខ្លាំង​ដូច​ជា​សិស្ស​ដទៃ​ដោយសារ​តែ​តារា​ចម្រៀង​រូប​នេះ​ត្រូវ​ជួយ​រក​ ប្រាក់​ជួយ​ទំនុក​បម្រុង​គ្រួសារ​ដែល​ជួប​បញ្ហា​ខ្វះខាត។

ម្ចាស់​បទ “សង្សារ​លួច​លាក់ " និយាយ​ថា៖

  ខ្ញុំ​ចង់​រៀន​ឱ្យ​ពូកែ​ដូច​ជា​សិស្ស​ដទៃ​ទៀត​ចឹង​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ព្រោះ​អី​គ្រួសារ​របស់​ខ្ញុំ​ជួប​ការ​ ខ្វះខាត​ច្រើន​ពេក​ដូច្នេះ​ហើយ​ខ្ញុំ​តែងតែ​​លួច​ម៉ោង​ការសិក្សា​ខ្លះ​ទៅ​រក​ប្រាក់​ជួយ​ឪពុក​ម្ដាយ ។

សម្ដី លោក ឆាយ វីរៈយុទ្ធ

លោក ឆាយ វីរៈយុទ្ធ បាន​រំលឹក​ភាព​ជូរចត់​របស់​ខ្លួន​អំឡុង​ពេល​រៀន​ថ្នាក់​ទី​៩ ដែល​ជា​ឆ្នាំ​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋមភូមិ(ឌីប្លូម) ថា៖  

ថ្នាក់​ទី​៩​ហ្នឹង​ជា​ឆ្នាំ​ប្រឡង ពេល​ព្រឹក និង​ពេល​រសៀល​ខ្ញុំ​ទៅ​រៀន តែ​ពេល​ចេញ​ពី​រៀន​ម៉ោង៥​ល្ងាច​ ខ្ញុំ​ឆ្លៀត​​ទៅ​ច្រៀង​តាម​ភោជនីយដ្ឋាន​នានា​ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ ជីវភាព​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​គ្រួសារ​ទាំង​មូល ។  

សម្ដី លោក ឆាយ វីរៈយុទ្ធ

តារា ​ចម្រៀង​រូប​នេះ​បន្ត​ថា​ការ​​ទៅ​ច្រៀង​ឆ្ងាយ​ពី​ផ្ទះ ហើយ​ត្រឡប់​មក​វិញ​យប់​ជ្រៅ​ដល់​ថ្នាក់​ម៉ោង​មួយ ឬ​ពីរ​យប់​ធ្វើ​ឱ្យ​លោក​អស់​កម្លាំង​ មិន​អាច​មាន​ពេល​មើល​សៀវភៅ​ដើម្បី​ត្រៀម​ប្រឡង​បាន។ ម្យ៉ាង​ទៀត​​លោក​ថា​ពេល​រៀន​ក្នុង​ថ្នាក់​ម្ដងៗ​​ងក់ ឬ​មួយ​ក៏​ដេក​លក់​ក្នុង​ថ្នាក់​ក៏​មាន​ដែរ។ ប្រការ​បែប​នេះ​ហើយ​ធ្វើ​ឱ្យ​ពិន្ទុ​ក្នុង​ថ្នាក់​រៀន​របស់​លោក​មិន​សូវ​ជា​ ប្រសើរ​ដូច​ជា​សិស្ស​មួយ​ចំនួន​ទេ។ តារា​ចម្រៀង​ដែល​ទស្សនិកជន​ដាក់​ រហស្ស​​នាម​ថា​ជា​តារា​ចម្រៀង​ពូកែ​ដាក់​មនោសញ្ចេតនា​​បាន​រំលឹក​ពី​ភាព​អស់ ​សំណើច​របស់​ខ្លួន​ពេល​រៀន​ថ្នាក់​ទី ៩ ​ថា៖

ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អី​ខ្ញុំ​ ប្រឡង​ឌីប្លូម​ជាប់​ដែរ ព្រោះ​កាល​ឆ្នាំ​នោះ​ឱ្យ​តែ​ដល់​ពេល​ប្រឡង​ឆមាស ឬ​ប្រចាំ​ខែ​ខ្ញុំ​តែងតែ​គ្រុន​ក្ដៅ​ឈឺ​រហូត ថា​ភ័យ​ទៅ​មិន​ភ័យ​ទេ តែ​មិន​ដឹង​យ៉ាង​ម៉េច។

សម្ដី លោក ឆាយ វីរៈយុទ្ធ

ការ​ច្រៀង​ដោយ​ទទួល​បាន​ចំណូល ២៥​ ដុល្លារ​ ក្នុង​មួយ​​ខែ​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​មាន​ឈ្មោះ​ដើម​ថា ឆាយ ចាន់​ឆោម សប្បាយ​រីករាយ​ជា​ខ្លាំង​សម្រាប់​ការ​ងារ​លើក​ដំបូង។ ទោះ​​ជា​ប្រាក់​ខែ​២៥​ដុល្លារ​ច្រើន​​យ៉ាង​ណា​ក្ដី​​លោក និង គ្រួសារ​នៅ​តែ​ជួប​ការ​ខ្វះខាត​ដដែល​គឺ​មាន​ធ្វើ​ឱ្យ​ជីវភាព​​ប្រសើរ​ ឡើង​នោះ​ទេ ។ ដោយ​មើល​ឃើញ​ពី​ជីវភាព​គ្រួសារ​ចេះ​តែ​ចុះ​ដុនដាបៗ នៅ​ក្នុង​ឆ្នាំ​២០០៧​លោក ឆាយ វីរៈយុទ្ធ សម្រេចចិត្ត​ព្យួរ​ការសិក្សា​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ដើម្បី​ជួយ​​ រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​កំពុង​ជួប​ប្រទះ។ មក​ទល់​នឹង​ពេល​នេះ​ក្រុម​គ្រួសារ​របស់​​លោក រួម​ទាំង​ខ្លួន​ផ្ទាល់​លែង​មាន​ការ​លំបាក​ដូច​មុន​ទៀត​ហើយ ដោយ​បងប្អូន​ម្នាក់ៗ​មាន​គ្រួសារ និង​ការងារ​រៀងៗ​ខ្លួន។

ការ​​បោះ​ជំហាន​លើ​វិថី​សិល្បៈ

លោក ឆាយ វីរៈយុទ្ធ បាន​ឈាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​តាំង​ពី​ឆ្នាំ​ ២០០២ ​មក​ម្ល៉េះ ពោល​គឺ​ក្នុង​ពេល​ដែល​លោក​រៀន​នៅ​ថ្នាក់​ទី៩​នៃ​វិទ្យាល័យ ឥន្ទ្រទេវី តែ​ម្ដង។ លោក​​និយាយ​ថា​ការ​បោះ​ជំហាន​ចូល​សិល្បៈ​របស់​ខ្លួន​កើត​ឡើង​ពី​ការ​ស្រលាញ់ ​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​មាន​ការ​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ខ្លះៗ​បងប្អូន និង​ឪពុក​ម្ដាយ។ តារា​ចម្រៀង​រូប​នេះ​និយាយ​ថា៖

អាជីព​ជា​អ្នក​ចម្រៀង ​ហ្នឹង​ខ្ញុំ​ស្រលាញ់​តាំង​ពី​តូច​មក​ម្ល៉េះ។ កាល​នៅ​ក្មេង​ឱ្យ​តែ​ដល់​ម៉ោង​សិល្បៈ​គ្រូ​​តែងតែ​ឱ្យ​អ្នក​ណា​ស្ម័គ្រចិត្ត ​ច្រៀង​គាត់​នឹង​ផ្ទល់​ពិន្ទុ​ឱ្យ។ ខ្ញុំ​តែង​លើក​ដៃ​មុន​គេ​ជា​និច្ច ព្រោះ​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ចូលចិត្ត។

សម្ដី លោក ឆាយ វីរៈយុទ្ធ

បាក់​ទឹក​ចិត្ត​ពេល​មិន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន

ក្រោយ ​ពី​នៅ​ក្រៅ​រង្វង់​សិល្បៈ​ជាង​បី​ឆ្នាំ ដោយ​ដើរ​តែ​ច្រៀង​តាម​ភោជនីយដ្ឋាន និង​តាម​បៀរហ្គាឌិន​នានា​លោក ឆាយ វីរៈយុទ្ធ បាន​ចេញ​​ជា CD លើក​ដំបូង​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សែន​ក្នុង​ឆ្នាំ​ ២០០៥ ។ បទ​ចម្រៀង​ដំបូង​របស់​លោក​ក្នុង​ផលិតកម្ម​នេះ​គឺ​បទ ” ត្រឹម​មួយ​នាទី ”​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ចេញ​ជា​ CD ផ្ទាល់​ខ្លួន​លើក​ដំបូង​នេះ​មិន​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​វ័យ​ក្មេង​ខាង​លើ ​សប្បាយ​រីករាយ​​ឡើយ​ ព្រោះ​មិន​ទទួល​​​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​មហាជន ។ តារា ​ចម្រៀង​ទទួល​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​មិត្តៗ​យុវវ័យ​និយាយ​ថា៖

ខ្ញុំ​ បាក់​ទឹក​ចិត្ត និង​គ្មាន​កម្លាំង​ចិត្ត​បន្ត​ការ​ច្រៀង​ទៀត​ទេ​នៅ​ពេល​បទ​ចម្រៀង​ចេញ​ហើយ​ មិន​មាន​អ្នក​គាំទ្រ។ ខ្ញុំ​ចង់​ឈប់​ពី​អាជីព​ជា​អ្នក​ចម្រៀង​នេះ តែ​ដោយសារ​ឪពុក​ម្ដាយ​ចេះ​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ធ្វើ​ឱ្យ​ ព្យាយាម​ថែម​ទៀត​រហូត​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ ។

សម្ដី លោក ឆាយ វីរៈយុទ្ធ

លោក ឆាយ វីរៈយុទ្ធ បន្ត​ទៀត​ថា​ការ​ចេញ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា ”កិច្ច​សន្យា​ស្នេហ៍” ក្នុង​ផលិតកម្ម​ Blue Diamond ទាក់ទាញ​ការ​គាំទ្រ​ជា​ខ្លាំង​​ពី​សំណាក់​ទស្សនិកជន។ ប្រការ​នេះ​ធ្វើ​ឱ្យ​មាន​កម្លាំង​ចិត្ត​លោក​​ពុះ​ពារ​ខ្លាំង​ជាង​មុន​ថែម​ ទៀត​ក្នុង​ការ​បោះ​ជំហាន​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​សិល្បៈ។

ការ​ផ្លាស់​ប្ដូរ​ផលិតកម្ម​ច្រៀង

លោក ឆាយ វីរៈយុទ្ធ បាន​ចេញ​ជា​ CD ផ្ទាល់​ខ្លួន​ដំបូង​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សែន នា​ឆ្នាំ​២០០៥ បន្ទាប់​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បុរស​ម្នាក់​អំឡុង​ពេល​ខ្លួន​ច្រៀង​ តាម​ភោជនីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​ឆ្នាំ​២០០៧ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​បាន​ប្ដូរ​ពី​ផលិតកម្ម​ រស្មី​ស្ទឹង​សែន មក​ច្រៀង​ក្នុង​ផលិតកម្ម Blue Diamond ។ ការ​ចាក​ចេញ​ពី រស្មី​ស្ទឹង​សែន ដោយសារ​តែ​ការ​ជាប់​គាំទ្រ CD មិន​អាច​ចរាចរ​នៅ​លើ​ទីផ្សារ​បាន។ ក្នុង​ផលិតកម្ម​ Blue Diamond នេះ​ហើយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក ឆាយ វីរៈយុទ្ធ ចាប់​ផ្ដើម​ល្បី​ទទួល​ស្គាល់​ពី​ទស្សនិកជន​ក្នុង​បទ​ចម្រៀង ”​កិច្ច​សន្យា​ ស្នេហ៍ ”​ ។ ក្នុង​ឆ្នាំ​២០០៨ តារា​ចម្រៀង​វ័យ​២៧​ឆ្នាំ​រូប​នេះ​ប្ដូរ​មក​ច្រៀង​ក្នុង​ផលិតកម្ម M វិញ​ម្ដង។ ការ​ចាក​ចេញ​ពី Blue Diamond មិន​ខុស​​ពី​កាល​លោក​ចេញ​ពី រស្មី​ស្ទឹង​សែន​នោះ​ទេ គឺ​ដោយសារ​តែ​ការ​ជាប់​គាំង​មិន​អាច​ចេញ​ CD លក់​លើ​ទីផ្សារ​បាន ។ ក្នុង​ឆ្នាំ​២០១០​លោក ឆាយ វីរៈយុទ្ធ ចាក​ចេញ​ពី​ផលិតកម្ម​ M មក​ច្រៀង​ឱ្យ​ផលិតកម្ម Bigman វិញ។ ការ​ចាកចេញ​ពី​ផលិតកម្ម M មិន​​មែន​ជាប់​គាំង CDS ដូច​ផលិតកម្ម​មុនៗ​​ទេ។ ការ​ចាក​ចេញ​ម្ដង​នេះ​គឺ​ដោយសារ​តែ​​ផុត​កុងត្រា។

បាន​រយៈ​ពេល​តែ​ពីរ ​ឆ្នាំ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ​បាន​​បោះ​ជំហាន​ទៅ​កាន់​ផលិតកម្ម​ ថ្មី​មួយ​ទៀត​គឺ​ផលិតកម្ម សាន់ដេ​ក្នុង​ឆ្នាំ​២០១២។ លោក ឆាយ វីរៈយុទ្ធ បញ្ជាក់​ថា​ការ​បោះ​ជំហាន​ទៅ​កាន់​សាន់ដេ ដោយសារ​តែ​លោក​ផុត​កុងត្រា​ជា​មួយ Bigman ពោល​គឺ​មិន​មាន​បញ្ហា​អ្វី​ចោទ​ទេ៕

(ដកស្រង់ពីទំព័រផ្លូវការរបស់លោក ឆាយ វីរៈយុទ្ធ)

សូមទស្សនារូបភាពខាងក្រោម៖

ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ និង គ្រួសារ
ឆាយ វីរៈយុទ្ធ និង គ្រួសារ
ឆាយ វីរៈយុទ្ធ និង គ្រួសារ
ឆាយ វីរៈយុទ្ធ និង គ្រួសារ
ឆាយ វីរៈយុទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T