ភ្នំពេញ ៖ និស្សិតនៅសាលាបច្ចេកទេស  ធនាគារជាតិ កញ្ញា សេរី សុភាវី អាយុ ២០ ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានស្រែកឆោឡោ នៅពេលដឹងថា រថយន្ដ ស៊េរីទំនើបរបស់ខ្លួន ត្រូវបានបាត់ ខណៈនាង កំពុងអង្គុយហូបប្រហិតចៀន និងពងទា កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ នេះ ស្ថិតនៅ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។ តែទោះជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋាន បានអះអាងថា ប្រហែល ជាគ្មានចោរលួចនោះឡើយ ពីព្រោះថា រថយន្ដស៊េរីទំនើបខាងលើនេះ  ទាល់តែមានឧបករណ៍ទំនើប និងសោរបស់ វាពិតប្រាកដ ទើបស្គាល់ ។

យ៉ាងណាក៏ដោយ ជនរងគ្រោះបានអះ អាងថា រថយន្ដរបស់ខ្លួនម៉ាក កាមរី ស៊េរី ២០០៧ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U 7576 ត្រូវបានចោរលួច ។ 
ប្រភពព័ត៌មានពីជនរងគ្រោះ បានបន្ដ ថា ខណៈដែលនាងចូលទៅហូបប្រហិត ចៀន ហើយទុករថយន្ដចោលចម្ងាយ ៤-១០ ម៉ែត្រពីខ្លួន ប៉ុន្ដែ មិនទាន់បានប៉ុន្មានផង ពេលក្រឡេកមើល រថយន្ដ ស្រាប់តែបាត់តែម្ដង ។ ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចមូលដ្ឋាន ។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញករណីខាងលើនេះ ស្ថិតនៅក្នុងការសង្ស័យរបស់សមត្ថកិច្ចនៅឡើយ ព្រោះវាអាចជាករណីផ្សេង មិនមែនជាករណីចោរលួចនោះទេហើយសមត្ថកិច្ច នឹងបន្តស្វែងរកការពិត ។

សកម្មភាពលួចរថយន្ដ ដែលត្រូវគេ មើលឃើញថា បាន និងកំពុងកើតឡើង នេះ ជាសារមួយបង្ហាញថា សមត្ថកិច្ចពាក់ ព័ន្ធទាំងអស់ត្រូវធ្វើការស្រាវជ្រាវ ចំពោះ ករណីទាំងនេះ ។ កាលពីប៉ុន្មានថ្ងៃមុន រថយន្ដឡង់រឺវ៉ែ ១គ្រឿង ត្រូវបានគេរាយ ការណ៍ថា បាត់ផងដែរនៅក្នុងបុរីមួយជាយ រាជធានីភ្នំពេញ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]