លោកនេត្រ ភក្ត្រា៖ App ខ្លះផ្សាយបំផ្លើសរឿងគុណភាពខ្យល់ ដើម្បីធ្វើពាណិជ្ជកម្មលក់ម៉ាស់

//s5.kh1.co/dc/dc6b42a09c36841e2b663566b4ed91c052e60624.jpg
សង្គម

 ១៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃសៅរ៍ ទី១៨មករានេះ បានបកស្រាយលម្អិតប្រាប់ Khmerload​ ពីបញ្ហាកម្រិតជាតិពុលក្នុងខ្យល់ថាមិនមានអ្វីជាផលប៉ះពាល់ធំដុំឡើយ។ ប៉ុន្តែជាការកត់សម្គាល់លោកថា មានជនឆ្លៀតឳកាសមួយចំនួនបានបង្កើតAppផ្សាយព័ត៌មានបំផ្លើសការពិត មិនគួរឲ្យទុកចិត្តបាន ក្នុងចេតនាផ្សាយពាណិជ្ជកម្មលក់ម៉ាស់តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាយ៉ាងនេះក្តីលោកថា ពលរដ្ឋអាចនឹងមានការខ្វល់ខ្វាយពេលឃើញនូវការផ្សព្វផ្សាយបែបនោះ។

លោកបានពន្យល់ថា៖ «ស្ថានភាពកំហាប់ភាគល្អិតខ្យល់PM 2.5មានទំហំតូចជាង១០ដងនៃសរសៃសក់ ហើយមានការកើនឡើងគួរឲ្យកត់សម្គាល់មែន តែការកើនឡើងនេះមិនបង្កជាហានិភ័យដល់សុខភាពពលរដ្ឋដូចអ្វីដែលមានការផ្សាយលើសពីការពិតនោះទេ។ ព័ត៌មានដែលអាចទុកចិត្តបានគឺ ប្រភពដែលបានផ្សាយពីក្រសួងបរិស្ថាន។»

លោកបន្តថា ពលរដ្ឋមួយចំនួនទទួលបានព័ត៌មានតាម App ដែលមានរូបតុកត្តាពាក់ម៉ាសពណ៌ក្រហម។ តែជាក់ស្តែង ក្រសួងមិនទទួលស្គាល់នូវការចេញផ្សាយណា ក្រៅពីរបាយការណ៍របស់ក្រសួងនោះទេ ព្រោះក្រសួងមានសម្ភារៈដែលអាចស្រាវជ្រាវដឹងពីស្ថានភាពពិតប្រាកដមានប្រសិទ្ធិភាពរហូតដល់៩៨%។

លោក នេត្រ ភក្ត្រាថា App ខ្លះធ្វើដើម្បីផ្សាយពាណិជ្ជកម្មលក់ម៉ាស់តែបណ្ណោះ តែវាធ្វើឲ្យមានការជ្រួលសច្របល់ទៅវិញ។ លោកថា ក្រសួងនឹងផ្សាយជូនបើបញ្ហានោះពិតជាប៉ះពាល់ដល់សុខភាពមែន។

អ្នកនាំពាក្យខាងលើបានអំពាវនាវឲ្យ ពលរដ្ឋប្រយ័ត្ន កុំជឿនូវព័ត៌មានបំផុសបំផុលណាក្រៅពីក្រសួង ព្រោះកម្រិតស្តង់ដារពុលខ្លាំងគឺលើស១០០តែយើងស្ថិតក្នុងកម្រិតក្រោម៨០នៅឡើយ។ បើកម្រិតខ្ពស់ពី១០០ដល់៥០០ទើបអាចបង្កជាផលប៉ះពាល់ដល់ខ្យល់ដកដង្ហើម និងសួត។

លោកបន្ថែមថា​ ពលរដ្ឋត្រូវទុកចិត្តលើក្រសួង។ ក្រសួងមានប្រភពច្បាស់លាស់ ចំណែកព័ត៌មានខាងក្រៅមិនផ្លូវការទេ។ បើជឿលើព័ត៌មានខាងក្រៅ ពលរដ្ឋនឹងពិបាកចិត្ត ខ្វល់ខ្វាយច្រើន អ៊ឹចឹងមានតែក្រសួងទេដែលអាចទុកចិត្តបាន។ លោកទទូចឲ្យពលរដ្ឋកុំមានការចលាចល ឬជ្រួលច្របល់ដោយសាព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះសុខភាពសាធារណៈរបស់ពលរដ្ឋជាការគិតគូររបស់ក្រសួងបរិស្ថាន។

គួររំឭកថា ក្រសួងបរិស្ថានបានផ្សាយប្រាប់មហាជនតាមគេហទំព័រផ្លូវការរបស់ខ្លួនថា ប្រភព ​និង​សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឲ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ​កើន​ឡើង​នេះមានដូចជា ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពី​ចំហេះ​ឥន្ធនៈ ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ព្រមទាំងការដ្ឋានសំណង់ជាដើម៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T