រាជធានីភ្នំពេញ ៖ ក្រុមបុរសទំនើងបើករថយន្ត ប្រណាំងគ្នាកណ្តាលរាជធានីភ្នំពេញ ហើយរថយន្តពីរគ្រឿងបានបុកគ្នាបណ្តាល ឱ្យរថយន្តមួយគ្រឿងជ្រុលទៅ បុកបង្គោលភ្លើង និងមួយគ្រឿងទៀតបុករបង ការដ្ឋានសំណង់ នៅចំណុចកែងមហាវិថីព្រះ មុនីវង្ស និងផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មីនា ២០១៣ ។ នៅក្នុងហេតុការណ៍បើករថយន្តប្រណាំងគ្នា ដែលបង្កឡើងដោយបុរស ទំនើងនេះមិនមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ គ្រាន់តែរថយន្ត២គ្រឿងត្រូវបានខូចខាត និងបានប្រើអំពើហិង្សាវាយតប់គ្នា ទៅលើអ្នកថតទូរទស្សន៍ ខណៈពេលថតយករូបភាព ក៏ប៉ុន្តែមិនមានរងរបួសធ្ងន់ធ្ងរនោះទេ ។

សាក្សីបាននិយាយឱ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មីនា ២០១៣ មានរថយន្ត៣គ្រឿងម៉ាកស៊ីអ័រវី ម៉ាកគុបភើមីនី និងមួយគ្រឿងទៀតម៉ាកប្រុស បានបើកប្រណាំងគ្នាតាម បណ្តោយមហាវិថីព្រះមុនីវង្ស ពីទិសខាងជើងទៅត្បូងដោយ គ្មានគិតពីអាយុជីវិតអ្នកដទៃឡើយ ។ លុះមកដល់កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រថយន្តម៉ាកគុបភើមីនី ពណ៌ក្រហម បានបើកចាក់គួរបត់ទៅទិសខាងកើត ស្របពេលរថយន្តស៊ីអ័រវី ពណ៌ទឹកប្រាក់ ដេញតាមយ៉ាងប្រកិតនោះបានបុករថយន្តគុបភើមីនី (COOPER MINI) ចំផ្នែកចំហៀងខាងឆ្វេង បណ្តាលឱ្យ រថយន្តទាំង២គ្រឿងរ៉េចង្កូតចែកផ្លូវគ្នា ។ រថយន្តម៉ាកស៊ីអ័រវី បានជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវបុករបង ការដ្ឋានសំណង់ផ្អើលដល់ កម្មករដែលកំពុងដេកលង់លក់នាំគ្នារត់ គេចខ្លួនទាំងព្រលឹងចុង សក់ រីឯរថយន្តគុបភើមីនី វិញក៏មិនធម្មតាដែរ បានទៅបុកបង្គោលថ្មខ្សែភ្លើងចំពីមុខរថយន្ត បណ្តាលឱ្យផ្ទុះពោងការពារសុវត្ថិភាពទាំងអស់ ។ ដោយឡែករថយន្តម៉ាកប្រុស ដែលបើកដេញពីក្រោយដែរនោះ មានសំណាងជាងគេ ព្រោះគេចផុតពីការបុកគ្នា ហើយបានបើកតាមបណ្តោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅទិសខាងត្បូង បាត់ស្រមោល។ ក្រោយពីរថយន្តទាំង២គ្រឿងបុកគ្នាទៅមុខ លែងរួចឃើញបុរសដែលជិះ ក្នុងរថយន្តនាំគ្នា បើកទ្វារចេញមកខាងក្រៅ ស្ថិតក្នុងសភាពស្រវឹងហើយពួកគេជាអ្នកស្គាល់គ្នា ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

វីឌីអូបន្ថែមពី ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]